អូត ភូថង ឡើងសង្វៀនស្វាគមន៍អ្នកប្រដាល់ឆ្លងដែនមកពីអៀរឡង់ ខណៈឡុង សុភី ក៏ស្ម័គ្រចិត្តសាកក្បាច់គុនជាមួយអ្នកប្រដាល់អ៊ូបេគីស្ថាន
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី១២ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:៤៨

កោះសន្តិភាព
កីឡាករ អូត ភូថង និងកីឡាករ JOSH PALMER មកពីអៀរឡង់
រាជធានីភ្នំពេញ ៖ អូត ភូថង មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រៀមខ្លួនឡើងសង្វៀនប៉ុស្តិ៍លេខ៣ នៅថ្ងៃសៅរ៍ ទី១៤ សីហា ខាងមុខនេះ ប្រកួតសាកកំលាំងជាមួយ JOSH PALMER កីឡាករប្រដាល់ជើងខ្លាំង មកពីអៀរឡង់ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។
អូត ភូថង គេធ្លាប់ស្គាល់ច្បាស់ថា ជាកីឡាករប្រដាល់ជើងខ្លាំងមួយរូបដែលមានរាងខ្ពស់ស្រឡះ និងមានល្បិចប្រយុទ្ធនៅលើសង្វៀនសាហាវបំផុត ជាពិសេសស្នៀតកែង និងជង្គង់ របស់គេតែម្តងដែលជាអាវុធប្រចាំត្រកូលមិនអាចធ្វេសប្រហែសបានឡើយ។ ម៉្យាងវិញទៀតកីឡាករប្រដាល់ដែលមានដើមកំណើតមកពីខេត្តកោះកុងម្នាក់នេះថែមទាំងមានប្រវត្តិធ្លាប់ឈានជើងឡើងសង្វៀនប្រកួតរាប់មិនអស់ទៀតផង ប៉ុន្តែដោយសារតែមួយរយៈពេលមកនេះ មិនសូវដែលបានឃើញគេមានមុខលើសង្វៀន នោះមិនដឹងថា គេអាចតស៊ូជាមួយកំពូលអ្នកប្រដាល់មកពីបរទេសម្នាក់នេះបាន ឬអត់នោះទេ។ JOSH PALMER ត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកប្រដាល់ជើងខ្លាំង១រូបដែលមានប្រវត្តិធ្លាប់ឈានជើងឡើងសង្វៀនប្រកួតបាន៤០ដងឯណោះ ហើយកីឡាករប្រដាល់ដែលមានអាយុ៣០ឆ្នាំរូបនេះបច្ចុប្បន្នកំពុងតែធ្វើការគ្រប់គ្រងខ្សែក្រវាត់ចំនួន៣ទៀតផង ដូច្នេះបើធ្វើការប្រៀបធៀបជាមួយអូត ភូថង គឺមិនអន់ជាងគ្នាប៉ុន្មានឡើយ។ អូត ភូថង ចរិតរបស់គេច្រើនតែអំនួតបន្តិច លើកនេះបើសិនជាគេមិនខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ទេនោះ ពិតជាចៀសមិនផុតពីការទទួលមេរៀនដ៏ជូរចត់ម្តងទៀតមិនខានឡើយ។ គេនៅចាំបានថា កាលពីថ្ងៃទី១ ខែឧសភា គេធ្លាប់ត្រូវបានកីឡាករជើងខ្លាំងមកពីអាមេរិកឈ្មោះ KEAVIN ROSS វាយឡើងទ្រមខ្លួនម្តងរួចមកហើយ ចាំមើលលើកនេះគេអាចតស៊ូជាមួយជើងខ្លាំងមកពីអៀរឡង់បាន ឬអត់។
ឡុង សុភី មកពីក្លឹបសាលវ័ន្តកីឡា ក៏ត្រូវត្រៀមខ្លួនឡើងប្រកួតសាកវិជ្ជាគុនជាមួយកំពូលអ្នកប្រដាល់ជើងខ្លាំងមកពីអ៊ូបេគីស្ថាន នៅក្នុងថ្ងៃនោះដែរ គេមានឈ្មោះថា ANVAR មានទំងន់៦៣គីឡូក្រាម។ កីឡាករបរទេសម្នាក់នេះធ្លាប់មានប្រវត្តិឡើងសង្វៀនប្រកួតបាន២៥ដង ឈ្នះ១៥ដង និងចាញ់១០ដង។ ចំណែកឡុង សុភី ប្រវត្តិរបស់គេកាន់តែអស្ចារ្យថែមទៀត គឺធ្លាប់ឈានជើងឡើងសង្វៀនរាប់មិនអស់ និងធ្លាប់ទទួលតំណែងជាម្ចាស់ខ្សែក្រវាត់ជាច្រើន ទៀតផង។ កីឡាករប្រដាល់ដែលមានមាឌស្តើងខ្ពស់ សំបុរខ្មៅស្រអែមម្នាក់នេះមានជំនាញខាងប្រើស្នៀតកែង និងជង្គង់បំផុត។ ប៉ុន្តែគេមិនហ៊ានសន្និដ្ឋានទុកជាមុនថា គេមានលទ្ធភាពយកស្នៀតទាំងនេះទៅប្រើប្រាស់នៅក្នុងការប្រកួតយកឈ្នះលើកីឡាករអ៊ូបេគីស្ថាន ម្នាក់នេះបានឬអត់នោះទេ។ ឆាកប្រយុទ្ធរវាងកីឡាករជើងខ្លាំងបរទេស និងកម្ពុជានៅលើសង្វៀនប៉ុស្តិ៍លេខ៣ លើកនេះទំនងជាមានសភាពស្វិតស្វាញបន្តិចហើយ។
រីឯគូប្រកួតមិត្តភាពធម្មតាវិញមាន រឿម វណ្ណៈ មកពីក្លឹបរស្មីភូមិគាប ប្រកួតជាមួយសុខ សុវណ្ណ មកពីខេត្តកោះកុង ។ ខុន ឆៃលាង មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារប្រកួតជាមួយសូយ យក្សតឿ មកពីក្លឹបអូដឹមកីឡា និងសឺន ចាន់វិរៈ មកពីក្លឹបសិង្ហកីឡាប្រកួតលក្ខណៈសាកលអាជីពជាមួយជឹម សារ៉ាត់ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ៕