FIFA ព្រមានប្រទេសរុស្ស៊ីចំពោះការដេញថ្លៃធ្វើម្ចាស់ផ្ទះWorld Cup2018
ដោយ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:៣៧
បន្ទាប់ពីចុះធ្វើអធិការកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសរុស្ស៊ីរួចរាល់មន្ត្រី FIFA បានធ្វើការព្រមានដល់ប្រទេសនេះចំពោះការយឺតយ៉ាវក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ។ លោក Harold Mayne-Nicholls ដែលជាប្រធានគណៈកម្មាធិការអធិការកិច្ចរបស់ FIFA បាននិយាយថា «ប្រសិនបើប្រទេសរុស្ស៊ីមានឆន្ទៈពិតប្រាកដចង់ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ World Cupឆ្នាំ២០១៨ មែននោះ ប្រទេសនេះត្រូវតែប្រឹងប្រែងពន្លឿនការកសាងពហុកីឡដ្ឋាន និងហេដ្ឋារចនាសម្ធ័ន្ពផ្សេងៗទៀតឱ្យបានឆាប់រហ័សទៅតាមលក្ខន្តិកៈរបស់ FIFA បើមិនដូច្នោះទេប្រទេសរុស្ស៊ីអាចនឹងបរាជ័យ» ។ លោកបាននិយាយបន្ថែមទៀតថា «យើងត្រូវតែចាប់ផ្តើមពីថ្ងៃនេះ ដើម្បីធានាឱ្យច្បាស់ថា អ្វីៗនឹងរួចរាល់ទាន់ពេលវេលា»។
លោក Harold Mayne-Nicholls បានធ្វើការដាស់តឿន ប្រទេសរុស្ស៊ីចំពោះការកសាងពហុកីឡដ្ឋានថ្មីចំនួន១០ និងពហុកីឡដ្ឋាន Luxhniki ក្នុងទីក្រុងម៉ូស្គូសំរាប់ធ្វើជាពហុកីឡដ្ឋានប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ។ ដោយឡែកលោក Vladimir Putin នាយករដ្ឋមន្ត្រីរុស្ស៊ីបាននិយាយប្រាប់មន្ត្រី FIFA ថា ប្រទេសរបស់លោកនឹងលើកលែងការធ្វើទិដ្ឋាការចំពោះអ្នកចូលរួមទស្សនា និងរៀបចំឱ្យមានការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូបាល់ទាត់ទាំងអស់ប្រសិនបើប្រទេសរបស់លោកឈ្នះបានសិទិ្ធទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០១៨ ។ លោកបានបន្តទៀតថា ការសាងសង់ពហុកីឡដ្ឋាន នឹងបានរួចរាល់ទាន់ពេលជាមួយនឹងការចំណាយទឹកប្រាក់របស់រដ្ឋនិងដៃគូពាណិជ្ជកម្មឯកជនផ្សេងៗទៀត។
គួររំលឹកដែរថា ការប្រកាសលទ្ធផលប្រទេសដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះបាល់ទាត់ឆ្នាំ ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ នៅទីក្រុង Zurich ប្រទេសស្វ៊ីស ។ ប្រទេសដែលជាគូប្រជែងខ្លាំងរបស់រុស្ស៊ី មានប្រទេសអង់គ្លេស, អាមេរិក, ប្រទេសបែលហ្ស៊ិក ហុល្លង់ (ដេញថ្លៃរួមគ្នា) និងប្រទេសអេស្ប៉ាញ-ព័រទុយហ្គាល់ (ដេញថ្លៃរួមគ្នា) ៕