រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួននៅមុខមន្ទីរពេទ្យកាល់ម៉ែត ប្រគល់ឱ្យនគរបាលខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ធ្នូ បន្ទាប់ពីក្លែងលិខិតសាធារណៈរបស់សាលាខណ្ឌឫស្សីកែង រត់ការលិខិតផ្ទេរកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែងឆបោកយកប្រាក់ពីប្រជាពលរដ្ឋចំនួន២នាក់បានប្រាក់ចំនួន១.០៥០ដុល្លារហើយបានបែកធ្លាយ ។
ជនដើរឆបោកឈ្មោះហ៊ីង សំអាន ហៅជា សំអុល ហៅខៀវ រិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកអ្នកចាញ់បោកគេ១-ឈ្មោះគឹម សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អស់ប្រាក់៣៥០ដុល្លារ និង២-ឈ្មោះសុខ លាង ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ អស់ប្រាក់៧០០ដុល្លារ ។
តាមមន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យត្រូវប្រជាពលរដ្ឋដែលចាញ់បោកនាំគ្នាចាប់ខ្លួនយកទៅប្រគល់ឱ្យនគរបាល បន្ទាប់ពីដើរឆបោកប្រើរូបភាពក្លែងលិខិតសាធារណៈរបស់សាលាខណ្ឌឫស្សីកែវរត់ការធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែង ។ ប្រភពបានបន្តថា ឈ្មោះហីុង សំអាន ហៅជា សំអុល ហៅខៀវ រិទ្ធ បានទៅទារប្រាក់ពីប្រជាពលរដ្ឋម្នាក់ចំនួន៣៥០ដុល្លារ និងម្នាក់ទៀតចំនួន៧០០ដុល្លារ ដើម្បីរត់ការផ្ទេរកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែង បន្ទាប់ពីមានការទិញលក់ដី។ ក្រោយពេលទទួលបានប្រាក់ ជននោះបានធ្វើលិខិតផ្ទេរកម្មសិទ្ធិរបស់សាលាខណ្ឌឫស្សីកែវក្លែងមាត្រា និងមានស៊ីញ៉េលោកឃ្លាំង ហួត អភិបាលខណ្ឌហើយហ្វូតូយកទៅបង្ហាញម្ចាស់ប្រាក់ថាធ្វើរួចហើយ និងទារប្រាក់បន្ថែមទៀត ។
ដោយមានការសង្ស័យប្រជាពលរដ្ឋចំនួន២នាក់បានតាមសួរនាំ និងចាប់ខ្លួននៅមុខមន្ទីរពេទ្យកាល់ម៉ែត រួចបញ្ជូនទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទួលសង្កែ រួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ