រាជធានីភ្នំពេញ ៖ វ៉េបសាយជាភាសាខ្មែរនឹងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់សេវាអីុនធើរណេតឈានមុខគេនៅកម្ពុជា ។ យោងតាមក្រុមហ៊ុន Ezecom ចាប់ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០១៨ វែបសាយជាភាសាខ្មែរនឹងចូលរួមចំណែកជួយធ្វើឱ្យជីវភាពរស់នៅរបស់អ្នកភូមិជនបទកាន់តែប្រសើរឡើង ។
ក្រុមហ៊ុនមានជំនឿថា វែបសាយជាភាសាខ្មែរនឹងដើរតួនាទីសំខាន់ក្នុងការជំរុញផ្នែកឱសថសាស្ត្រ និងការអប់រំនៅតាមបណ្តាខេត្ត ។ ក្រុមហ៊ុនក៏ជឿជាក់ផងដែរថា អីុនធើរណេតនឹងផ្តល់វិបុលភាពកាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត តាមរយៈការជួយដល់សិប្បកម្ម និងអាជីវកម្មលក្ខណៈគ្រួសារនៅតាមមូលដ្ឋានក្នុងការផ្សព្វផ្សាយទីផ្សារលក់ផលិតផលរបស់ពួកគេ ។
ប្រធានក្រុមហ៊ុន Ezecom លោក Paul Blanche-Horgan បានមានប្រសាសន៍ថា បច្ចុប្បន្នអីុនធើរណេតកំពុងដើរតួនាទីដែលទូរទស្សន៍ធ្លាប់មានអស់រយៈពេលច្រើនឆ្នាំមកហើយ ។ អីុនធើរណេតមិនត្រឹមតែផ្តល់ជាប្រភពសម្រាប់ការអប់រំ និងឱសថសាស្ត្រឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏នឹងផ្តល់មធ្យោបាយសម្រាប់ការដាក់បង្ហាញលក់ផលិតផលផងដែរ ។ យោងតាមក្រុមហ៊ុន Ezecom បច្ចុប្បន្នមានវែបសាយជាភាសាខ្មែរប្រមាណ១.០០០ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរំពឹងថា ចំនួននេះនឹងកើនឡើងទ្វេដងនៅដំណាច់ឆ្នាំ២០១៣ ។
លោក Blanche-Horgan មានប្រសាសន៍បន្ថែមថា យុវវ័យនៅតាមបណ្តាក្រុងនានាក្នុងប្រទេសកម្ពុជាបាននិងកំពុងសម្រុកនាំគ្នាប្រើប្រាស់អីុនធើរណេតរួចស្រាប់ហើយ ហើយមិនយូរមិនឆាប់ យុវវ័យនៅតាមបណ្តាខេត្តក៏នឹងនាំគ្នាប្រើអីុនធើរណេតដូចយុវវ័យនៅក្នុងទីក្រុងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ