រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ វិច្ឆិកា បុរសកូរ៉េម្នាក់បានធ្វើសកម្មភាពចាក់នារីបម្រើខារ៉ាអូខេម្នាក់ និងអ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវជាបងប្អូនបង្កើតរបស់នាង បណ្តាលឱ្យរបួសនៅក្នុងបន្ទប់លេខ៦២៦ នៃសណ្ឋាគារមួយលើដំបូលផ្សារអូរឫស្សី ។ ក្រោយកើតហេតុ បុរសកូរ៉េម្នាក់នោះត្រូវបានសន្តិសុខ និងនគរបាលប្រចាំនៅផ្សារអូរឫស្សីចាប់បញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធី ។
ភ្លាមៗនោះគេមិនទាន់បានដឹងថា បុរសកូរ៉េដែលទំនងជាជោកជាំដោយគ្រឿងញឿនខាងលើឈ្មោះអ្វីឱ្យពិតប្រាកដនោះទេ ព្រោះនិយាយស្តាប់គ្នាលែងបានទៅហើយ ប៉ុន្តែនារីរងគ្រោះបានស្គាល់តាមមិត្តភក្តិថា ឈ្មោះមីស្ទ័រខេ អាយុប្រហែលជាង៣០ឆ្នាំ ។
ជនរងគ្រោះក្នុងហេតុការណ៍ទាំង២នាក់បងប្អូនម្នាក់ឈ្មោះង៉ូវ វណ្ណារី ហៅអានី ភេទស្រី អាយុ២៣ឆ្នាំ ជានារីបម្រើនៅហាងខារ៉ាអូខេ សូនី ស្ថិតនៅផ្លូវភ្លោះ សង្កាត់បឹងព្រលឹត និងម្នាក់ត្រូវជាបងឈ្មោះង៉ូវ វ៉ាន់វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជា អ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៧៨Q ផ្លូវ២១៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ។ ទាក់ទិននឹងហេតុការណ៍នេះនារីឈ្មោះង៉ូវ វណ្ណារី បានរៀបរាប់ប្រាប់សមត្ថកិច្ចក្រោយកើតហេតុថា ខ្លួននាងត្រូវបានសង្សារជនជាតិកូរ៉េម្នាក់នាំចេញពីខារ៉ាអូខេ សូនី ដែលជាកន្លែងធ្វើការ ទៅដេកនៅបន្ទប់លេខ៦២៦ នៃសណ្ឋាគារលើដំបូលផ្សារអូរឫស្សី តែនាងមិនបានបញ្ជាក់ឱ្យសមត្ថកិច្ចដឹងថា សង្សារកូរេ៉នេះមានឈ្មោះអ្វីឡើយ ។ លុះពេលព្រឹកឡើងថ្ងៃទី២២ វិច្ឆិកា សង្សារនាងបានប្រាប់ថា ចុះទៅរកទិញអាហារដើម្បីយកមកទទួលទាននៅទីនោះទាំងអស់គ្នា ។ បន្ទាប់ពីសង្សារប្រាប់ហើយនាងក៏សំងំដេកបន្តទៀត ។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ពេលសង្សារចេញទៅផុតម៉ោងប្រមាណជាង១០ស្រាប់តែមិត្តភក្តិសង្សារដែលគេហៅខ្លួនឯងថាឈ្មោះមីស្ទ័រ ខេ បានទៅគោះទ្វារបន្ទប់នាង ក្នុងគោលបំណងរកមិត្តភក្តិដែលជាសង្សាររបស់នាង ។ ពេលឮសំឡេងគោះទ្វារនាងក៏ស្ទុះទៅបើកទ្វារឱ្យចូល ដោយនិយាយធ្វើដៃធ្វើជើងជាសញ្ញាថា សង្សារនាងមិននៅទេ គេចេញទៅក្រៅបាត់ហើយ ។ គ្រាន់តែនាងប្រាប់ថាសង្សារមិននៅ ពេលនោះឈ្មោះខេបានដើរចូលក្នុងបន្ទប់ ហើយនិយាយជាភាសាកូរ៉េ រកស្តាប់អ្វីមិនបាន និងមានអាការទ្រេឌទ្រោត ព្រោះស្រវឹងថ្នាំញៀនជោកជាំផង ។ ឃើញដូច្នេះនាងបានរុញច្រានឱ្យចេញពីក្នុងបន្ទប់ ព្រោះពេលនោះគេបានប្រើកាយវិការហាក់បីដូចជាចង់ចាប់នាងរំលោភ ។ ទោះបីនាងខំរុញឱ្យគេចេញពីបន្ទប់យ៉ាងណាក្តី ឈ្មោះខេ មិនព្រមចេញទេ ថែមទាំងប្រើអំពើហិង្សាយកកែវទឹកគប់បែករាយប៉ាយពេញក្នុងបន្ទប់ ។ ដោយសារហេតុការណ៍កាន់តែធ្ងន់ធ្ងររបៀបគំរាមចង់ធ្វើអ្វីមួយមកលើនាងយ៉ាងដូច្នេះ នាងបានទូរស័ព្ទទាក់ទងទៅបងប្រុសរបស់នាងដែលជាអ្នករត់ម៉ូតូឌុបឈ្មោះង៉ូវ វ៉ាន់វុទ្ធី ឱ្យមកជួយ ខណៈពេលនាងកំពុងទូរស័ព្ទទៅប្រាប់បងនោះ ស្រាប់តែឈ្មោះនេះបានយកកូនកន្ត្រៃកាត់ត្រចកដែលមានកូនកាំបិតជាប់ជាមួយនោះផងចាក់នាងត្រង់ភ្លៅ បណ្តាលឱ្យរងរបួសហូរ ឈាម ។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ពេលឈ្មោះខេ ចាក់នាង បងប្រុសនាងក៏មកដល់ល្មម និងបានស្ទុះចូលទៅចាប់បុរសកូរ៉េនោះចេញ ដើម្បីកុំឱ្យមានរឿងកាន់តែធំជាងនេះទៀត ។ នៅពេលបងប្រុសនាងចូលទៅឈ្មោះខេ បានស្រវាយកអំបែងកែវចាក់ចំសៀតផ្កាបងប្រុសខាងឆ្វេងឱ្យរងរបួសធ្ងន់ និងហូរឈាមស្រោចពេញខ្លួន ។ ការភ្ញាក់ផ្អើលនៅបន្ទប់សណ្ឋាគារលើដំបូលផ្សារអូរឫស្សី ក៏បានដឹងដល់សន្តិសុខផ្សារ និងនគរបាលប្រចាំការនៅផ្សារចេញទៅអន្តរាគមន៍ភ្លាម និងចាប់ជនជាតិកូរ៉េនោះនាំចុះទៅក្រោមដើម្បីសួរនាំហេតុផល ។ ផ្ទុយទៅវិញមិនឃើញវត្តមានអ្នកទទួលខុសត្រូវក្លិបម៉ាស្សាខារ៉ាអូខេ និងសណ្ឋាគារលើដំបូលផ្សារអូរឫស្សីនោះចេញមុខដោះស្រាយនៅពេលភ្ញៀវទៅស្នាក់នៅកើតមានការវាយតប់គ្នានោះទេ ។
បន្ទាប់ពីក្រុមសន្តិសុខផ្សារ និងនគរបាលប្រចាំការនៅផ្សារអូរឫស្សីឃាត់ជនជាតិកូរ៉េនោះដើម្បីនាំទៅកាន់ការិយាល័យជំនាញអន្តោប្រវេសន៍ចាត់ការបន្ត ពេលនោះជនជាតិកូរ៉េមិនព្រមទៅតាមសម្រួលទេ ព្រមទាំងមានចេនតារកវាយសមត្ថកិច្ច និងចង់រត់ដោះដៃក្នុងអំពើដែលខ្លួនបានប្រព្រឹត្តទៀតផង ទើបសមត្ថកិច្ចនគរបាលប្រចាំការនៅផ្សារ និងសមត្ថកិច្ចកងរាជអាវុធហត្ថម្នាក់ផងបានចាប់ដាក់ខ្នោះ និងរុញឡើងរថយន្តដឹកទៅកាន់ការិយាល័យជនបរទេសតែម្តង ។
ក្រោយពីនាំបុរសកូរ៉េនោះចេញផុតនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងប្តឹងពីឈ្មោះខេ នៅប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី១ ខណ្ឌ៧មករា ចំណែកបុរសជាត្រូវបានស្ត្រីជាភរិយានាំទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសហើយក៏អាចទៅដាក់ពាក្យបណ្តឹងផងដែរ ៕
ចែករំលែកព័តមាននេះ