ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលនៅ​ជា​ព្រៃ​មិន​យក​ភ្នែក​មើលលុះ​សុខ​សាន្ត​អ៊ូអរ​ដេញ​គេ​ឱ្យ​រុះ​រើ​ផ្ទះចេញ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០០គ្រួសារ ដែល​ជា​អតីត​អ្នក​រស់​នៅ​ភូមិ​សំបុកចាប ហើយត្រូវ​បាន​សាលារាជធានី​ភ្នំពេញ​ផ្លាស់ប្តូរ​ឱ្យ​ទៅ​តាំង​ទីលំនៅ​នៅ​សហគមន៍​ភូមិ​អណ្តូង​ថ្មី សង្កាត់​គោករកា ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ  បាន​នាំគ្នា​ធ្វើ​ការ​តវ៉ា ​យ៉ាង​ជ្រួល​ច្រាល​បន្ទាប់ពី​តំណាង​សហគមន៍​ខាងលើ​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​សង់​លំនៅ​ឋាន ដើម្បី​ស្នាក់នៅ​ និង​មានគំរោង​រុះរើ​លំនៅដ្ឋាន​របស់ពួកគាត់ចោល ហើយសង់​ផ្ទះ​ថ្មី​ឱ្យ​ ប៉ុន្តែ​ឱ្យ​បង់​លុយ​ជា​រៀង​រាល់ខែ ប៉ុន្តែ​ពួកគាត់​ពុំមាន​​លទ្ធ​ភាពបង់ ហើយ​ត្រូវ​រារាំង​ចំពោះ​គំរោង​នោះ ។

ហេតុ​ការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ល្ងាច​ថ្ងៃទី​៦ កញ្ញា ឆ្នាំ​២០១០ ដោយ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​​បាន​ប្រមូល​ផ្តុំ​គ្នា​ទាំងក្មេង​ទាំង​ចាស់​ ប៉ុន្តែ​ពុំ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ណាមួយ​នោះទេ ព្រោះ​បន្ទាប់​ពី​បានដឹង​ថា ប្រជា​ពលរដ្ឋ​​តវ៉ា​ខាង​សហគមន៍​អណ្តូងថ្មី​៣ ក៏​បាន​ដកថយ​ទៅ​វិញ​អស់ ។ ប្រជា​​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ពួកគាត់​ជាអតីត​អ្នក​រស់នៅ​ភូមិ​សំបុកចាប រាជធានី​ភ្នំពេញ ហើយ​ត្រូវ​​បាន​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​ផ្លាស់​ប្តូរ​ឱ្យ​រើ​មកតាំង​លំនៅឋាន​ក្នុង​សហ​គមន៍​ភូមិ​អណ្តូង​​ថ្មី មាន​រយៈ​ពេល​៦​ឆ្នាំ មក​ហើយ ។ ចំពោះ​ផ្ទះ​ដែល​ពួកគាត់​ស្នាក់​នៅ​រយៈ​ពេល​៦​ឆ្នាំ​​កន្លងមកនេះ គឺ​ជា​ផ្ទះ​ខ្ទមតូចៗ ដែល​អង្គ​ការ​អភិ​វឌ្ឍន៍​ប្រជាជន​នៃប្រទេស​កម្ពុជា ជួយធ្វើ​ឱ្យ​ក្នុង​ក្តី​​អាណិត​អាសូរ​ដល់​ពួកគាត់ ។

ប្រជាពលរដ្ឋ​បាន​​បន្ត​ទៀត​ថា ទោះបី​ជា​បែប​ណា ពួក​គាត់​មួយ​ចំនួន​ដែល​មាន​ផ្ទះ​នៅ​ក្នុង​ភូមិ​អណ្តូង​ថ្មីនេះ​បាន​រស់នៅ​ទាំង​ការ​លំបាក​លំបិន​ដោយត្រូវ​ទឹក​លិច និង​ភក់ជ្រាំ ហើយត្រូវ​បាន​អង្គ​ការ​ខាងលើ​ជួយ​​ជ្រោម​ជ្រែង​ជា​បន្ត​បន្ទាប់ ដោយ​ជួយជា​ឈើ និង​ស័ង្កសីសំរាប់​សង់​ខ្ទម​នៅ ​ឥឡូវ​នេះក្រុម​មន្ត្រី​ថ្នាក់មូលដ្ឋាន​បែរ​ជា​តម្រូវ​ឱ្យ​រុះ​រើ​ទៅវិញ ពួក​គាត់​មិនអាច​ទទួល​យក​​បានទេ ។ ព័ត៌មានលំអិត​នឹងផ្សាយជូននៅ​ពេលក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះ​សន្តិ​ភាព ៕