សហរដ្ឋអាមេរិក-ប្រទេសអ៊ីស្រាអែល ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នាថ្ងៃទី៦ ធ្នូ នឹងប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ក្រោយការប្រុងប្រយ័ត្នរបស់អាមេរិកជាច្រើនទសវត្សលើសំណុំរឿងនេះ ទោះបីមានការព្រមានរបស់បណ្តាមេដឹកនាំតំបន់ ដែលភ័យខ្លាចពីការផ្ទុះរលកនៃអំពើហិង្សាក្តី ។
ការប្រកាសរបស់លោកត្រាំ គ្រោងធ្វើនាវេលាម៉ោង១៣ម៉ោងក្នុងស្រុក (ម៉ោង១៨ម៉ោងសាកល) អាចបំផ្លាញការខិតខំប្រឹងប្រែងសន្តិភាពរបស់កូនប្រសាប្រុសលោក និងជាទីប្រឹក្សាពិសេសលោក JARED KUSHNER ទទួលបន្ទុកស្វែងរកច្រកចេញមួយនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។
ការទទួលស្គាល់ក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលគឺជាករណីសង្គ្រាមមួយសម្រាប់បណ្តាមេដឹកនាំប៉ាឡេស្ទីន ដែលយល់ថា ក្រុងហ្សេរុយសាឡឹមខាងកើតដែលអ៊ីស្រាអែលដណ្តើមយកកាលពីឆ្នាំ១៩៦៧ ត្រូវតែជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីនមួយ ។
អ្នកទទួលខុសត្រូវម្នាក់នៃរដ្ឋការអាមេរិក ដែលមិនបញ្ចេញឈ្មោះគូសបញ្ជាក់ថា ថ្ងៃទី៦ ធ្នូ ប្រធានាធិបតីលោកត្រាំ នឹងប្រកាសទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល ។ អ្នកទទួលខុសត្រូវរូបនោះនិយាយថា នេះជាការទទួលស្គាល់ការពិតទាំងនៃប្រវត្តិសាស្ត្រទាំងសម័យបច្ចុប្បន្ន ។
ម្យ៉ាងទៀត លោកត្រាំ នឹងចេញបញ្ជាឱ្យរៀបចំផ្ទេរស្ថានទូតអាមេរិកពីក្រុងតែលអាវីវមកកាន់ក្រុងហ្សេរុយសាឡឹម ។ ប្រធានាធិបតីពិតជាប្រកាន់ពាក្យសន្យាសំខាន់មួយពេលឃោសនាបោះឆ្នោតដែលការសន្យានេះធ្លាប់ធ្វើដោយបេក្ខជនប្រធានាធិបតីជាច្រើនរូប។
ក្នុងការឆ្លើយឆ្លងគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី៥ ធ្នូ ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាហ៍មូដ អាប់បាស់ បានព្រមានប្រាប់លោកត្រាំ ពីបណ្តាផលវិបាកប្រកបដោយគ្រោះថ្នាក់នៃការសម្រេចចិត្តបែបនេះលើដំណើរការសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់ ព្រមទាំងលើពិភពលោក ។
ចំណែកព្រះមហាក្សត្រ SALMANE របស់អារ៉ាប៊ី សាអ៊ូឌីត បានព្រមានក្រុងវ៉ាស៊ីនតោនថា ការសម្រេចចិត្តបែបនេះអាចបង្កឱ្យផ្ទុះកំហឹងរបស់ពួកអ៊ិស្លាម ។ នេះជាជំហានគ្រោះថ្នាក់មួយ ។
ប្រធានាធិបតីតួកគី លោករីស៊ីបតៃយីប អ័រដូហ្គាន ព្រមានថា «លោកត្រាំ ក្រុងហ្សេរុយសាឡឹមជាខ្សែបន្ទាត់ក្រហមមួយសម្រាប់ពួកអ៊ិស្លាម» ៕
ចែករំលែកព័តមាននេះ