ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​ស្អែកនេះ ព្រះ​រាជ​​ពិធី​អុជទាន​ជ័យ​នៃ​បុណ្យ​​ឯករាជ្យ​ជាតិ​ចាប់​ផ្តើម​អធិកអធម

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ព្រឹកស្អែកនេះ​​​​រាជ​រដ្ឋាភិ​បាល​កម្ពុជា ព្រមជាមួយ​ស្ថាប័ន​កំពូល​ៗ រដ្ឋ​សភា​​ ព្រឹទ្ធ​សភា ក្រសួង មន្ទីរ​ អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រជាពលរដ្ឋ​​ និង​​សិស្សានុសិស្ស​​​​​ប្រារព្ធ​​​ពិធីបុណ្យ​​​​ឯករាជ្យ​ជាតិ​​​​ដ៏​មហោឡារិក​លើកទី​​៥៩ ​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១២) នៅទី​លាន​​​បូជនីយ​កិច្ចវិមាន​​ឯករាជ្យ ​រាជធានីភ្នំពេញ ​នាវេលាម៉ោង​​​​​៧​ថ្ងៃ​ទី​​​៩ វិច្ឆិកា ​២០១២ ​​ក្រោម​ព្រះ​រាជាធិបតី​​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​​មហា​ក្សត្រ​​​​នៃព្រះរាជាណាចក្រ​កម្ពុជា​។​

រាជធានីភ្នំពេញ​​​​ ៖ ព្រឹកស្អែកនេះ​​​​រាជ​រដ្ឋាភិ​បាល​កម្ពុជា ព្រមជាមួយ​ស្ថាប័ន​កំពូល​ៗ រដ្ឋ​សភា​​ ព្រឹទ្ធ​សភា ក្រសួង មន្ទីរ​ អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រជាពលរដ្ឋ​​ និង​​សិស្សានុសិស្ស​​​​​ប្រារព្ធ​​​ពិធីបុណ្យ​​​​ឯករាជ្យ​ជាតិ​​​​ដ៏​មហោឡារិក​លើកទី​​៥៩ ​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១២) នៅទី​លាន​​​បូជនីយ​កិច្ចវិមាន​​ឯករាជ្យ ​រាជធានីភ្នំពេញ ​នាវេលាម៉ោង​​​​​៧​ថ្ងៃ​ទី​​​៩ វិច្ឆិកា ​២០១២ ​​ក្រោម​ព្រះ​រាជាធិបតី​​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះ​​មហា​ក្សត្រ​​​​នៃព្រះរាជាណាចក្រ​កម្ពុជា​។​

តាមគម្រោង​បាន​ឱ្យ​ដឹងថា យាង-អញ្ជើញ​​​​ចូលរួមក្នុងពិធី​ដ៏​អធិកអធម​នេះ ​​​មាន​​សម្តេច​ព្រះសង្ឃ​​​​ទាំង​​២គណៈ​ សម្តេច​អគ្គ​​​មហា​ពញាចក្រី​​ហេង សំរិន ប្រធានរដ្ឋសភា ​​សម្តេច​អគ្គ​​​​មហា​សេនាបតីតេជោ​​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ លោក​​ឧបនាយកមន្ត្រី​​​​​ ​​លោក​ទេស​រដ្ឋមន្ត្រី​ លោករដ្ឋមន្ត្រី​​​ សមាជិក​ព្រឹទ្ធសភា ​​រដ្ឋសភា ​​​ព្រះ​​រាជ​វង្សា​​​នុវង្ស​​​​ជាច្រើនអង្គ ​កង​កម្លាំង​​ប្រដាប់អាវុធ ​​​​សិស្សានុសិស្ស និង​​​​ផែន​​​ស្ថាប័ន​​​នីមួយៗ ​រៀបចំ​​ជាក្បួន​​​ដើរ​ព្យុហ​យាត្រា ​​ក្រោម​ស្នូរ​​​​​ភ្លេង​ជាតិ​​​អបអរ​កង​រំពង​។​

សូម​បញ្ជាក់​ថា ​​ឯករាជ្យ​ជាតិ​ដ៏ធំ​​​ធេង​នេះគឺ​បានទាមទារ​​​​ប្រកបដោយ​​​​ជោគជ័យពីអាណា​ព្យាបាល​​​​​បារាំង ​​ដោយ​ព្រះ​មហាវីរក្សត្រ​​​​ ព្រះ​បាទ​​នរោត្តម សីហនុ ​​កាលពីថ្ងៃទី​​​៩ វិច្ឆិកា ​​១៩៥៣​ ដោយ​ព្រះ​​​អង្គ​​​បាន​​​ធ្វើបូជនីយ​​កិច្ច​​ដ៏ស្វិត​ស្វាញ​​ និងអង់​អាច​​​បំផុត និង​​​បន្ត​ដល់​​​​ស្តេច​អង្គ​ក្រោយៗទៀត​ គឺ​​​សម្តេច​ព្រះ​បរមនាថ នរោត្តម ​​សីហមុនី ​​ព្រះ​មហាក្សត្រ​​នៃព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន និង​​ក្រោម​ការ​​​​ដឹកនាំ​​ដ៏​​​​ប៉ិន​ប្រសប់​ ម៉ឺងម៉ាត់​របស់​សម្តេច​​អគ្គ​មហាសេនាបតី​តេជោ​​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​​នៃព្រះរាជាណា​ចក្រ​កម្ពុជា ​​​ធ្វើ​ឱ្យ​​​កម្ពុជា​​​កាន់តែ​​​រីកចម្រើន​​​​រុង​រឿង​​​ជា​លំដាប់​…​។ ​ខាង​ក្រោម​នេះ​គឺជា​​​ជីវ​ប្រវត្តិ​​​សង្ខេប​​​​​របស់​ព្រះ​មហាវីរក្សត្រ​​​​ព្រះបាទ​​នរោត្តម សីហនុ ​​និង​​ព្រះរាជ​​បូជនីយ​​កិច្ច​​​​ទាមទារ​​ឯករាជ្យ​​​របស់​ព្រះអង្គ ៖

ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ព្រះអង្គប្រសូត្រ​នៅ​ថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី៣១ ខែតុលា ឆ្នាំ​១៩២២ នៅរាជធានី​ភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា។ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះ​អង្គ​បាន​ចូលសិក្សា នៅ​សាលា​បឋមសិក្សា François Baudoin និង​វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុង​ភ្នំពេញ។ បន្ទាប់មក ព្រះ​អង្គបាន​បន្ត​ការ​សិក្សា​នៅវិទ្យាល័យបារាំង សាស​​លូឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀត​ណាម​ខាងត្បូង)។

នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្ត​ការសិក្សាជាន់ខ្ពស់​នៅសាលាអនុវត្តទ័ពសេះ និង​កងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក បានជ្រើសតាំង និង​ថ្វាយព្រះរាជឋានៈព្រះអង្គជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើង គ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែ​តុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជាបាន ទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបាន​ដាក់​រាជ្យថ្វាយព្រះបិតានៅថ្ងៃទី​២ ខែមីនា ឆ្នាំ១៩៥៥។ ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជា លើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី៧ ខែ​តុលា ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវ​បានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។

ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការ​ទាម​ទារឱ្យ​រាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជ​អាណាចក្រកម្ពុជាវិញជាដាច់ខាត នូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសាកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ​គឺខេត្តបាត់​ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះអង្គបាន​ទាម ទារឱ្យ​ប្រទេសបារាំងបញ្ឈប់​នូវ​សន្ធិ​សញ្ញាអាណាព្យាបាល ដែលបានចុះហត្ថ​លេខា​​នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ​១៩៤៩​ដដែល​ព្រះអង្គបានឡាយព្រះហស្ត​លេខា​លើ​សន្ធិ​សញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រម​ទទួល​ស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះ​រាជាអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ​១៩៤៩​នេះ លុបចោលនូវសន្ធិសញ្ញាអាណា​ព្យា​បាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ពីឆ្នាំ១៩៥២ ដល់​​១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជ​បូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគ​រយជូន​ជាតិមាតុភូមិ។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នា​ព្រះហស្ត​ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជ​អាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពី សាធារណរដ្ឋបារាំង។ ប្រជា​រាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះ​មហាវីរបុរសជាតិ-​ព្រះបិតាឯករាជ្យជាតិ»។ ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​១៩៥២ ព្រះបាទនរោត្តម​សីហនុ ទ្រង់បាន​ថ្លែងជាឱឡារិកថា ព្រះអង្គ​នឹង​ខិតខំស្វែងរកឯករាជ្យបរិបូណ៍​ជូនជាតិ មាតុ​ភូមិ​ឱ្យ​​បានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុង​ពេល​នោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គ​ទ្រង់​យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ ឆ្នាំ​១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារ​លិខិត​ជូនលោក​វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃ​សាធា​រណរដ្ឋបារាំង​ចំនួន៣លើក៖

-លើកទី១ ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​១៩៥៣ ពីទី​ក្រុងណាពូល
-លើកទី២ ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៥៣ ពីទី​ក្រុងណាពូល
-លើកទី៣ ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​១៩៥៣ ពីទី​ក្រុងផុងតែណឺប្លូ។
ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យ យាង​ទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋ​អាមេរិក​ទៀត។ នៅប្រទេសកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទង​នឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាង​ប្រទេស​លោកសេរី ក្នុងឥណ្ឌូចិន៖

-​ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួក​កុម្មុយ​នីស្ត
-ទី២ គឺបញ្ហាឯករាជ្យបរិបូណ៍​សម្រាប់ព្រះ​រាជាណាចក្រកម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនីស្ត​ទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមាន​ដី​ធ្លី​ជាកម្មសិទ្ធិ សម្រាប់បង្កបង្កើន​ផល​របស់ខ្លួន។ បញ្ហាដែលគេចង់បាននោះ គឺ​ឯករាជ្យបរិបូណ៍​សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយ​នីស្ត​ គេ​មើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយ​ប្រសើរ​សម្រាប់ពួក​គេ។ នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវ បានសារព័ត៌មានដ៏ធំមួយឈ្មោះ​ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី១៩ ខែ​មេសា  ឆ្នាំ​១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំង​មូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ ​បើបារាំង​មិនយល់ព្រមប្រគល់ឯករាជ្យឱ្យ​កម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថា​ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹង បារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស្ត”។

ក្នុង​ករណី​មានការគំរាមកំហែង​ប្រជាពលរដ្ឋប្ដេជ្ញាថា «ពួក​បារាំងទាំងអស់ ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយ​របស់​ពួកគេនឹងមកដល់»។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឱ្យ​មតិ​សាកល​លោក ពិសេសលោកខាងលិច តម្រូវឱ្យ​រដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិ​បាល​កម្ពុជា ស្ដីពី​ឯករាជ្យបរិបូណ៍​នៃ​រាជា​ណាចក្រកម្ពុជា៕​