ក្រុងទេសចរណ៍សៀមរាបកាត់បន្ថយសំរាម តែធូលីដីនៅជាបញ្ហាចំបង
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:០២
សំណាង
បញ្ហាធូលីដីនៅតែមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ សំរាប់ក្រុងទេសចរណ៍ប្រវត្ដិសាស្ដ្រដ៏មានសក្ដានុពលមួយនេះ
ខេត្ដសៀមរាប ៖ មានការរិះគន់ពីមហាជនមួយចំនួនថា រថយន្ដតូចធំដឹកដី និងខ្សាច់ ដែលមិនប្រើបច្ចេកទេសគ្របឱ្យបានត្រឹមត្រូវ កំពុងតែទាញទំលាក់ក្រុងទេសចរណ៍សៀមរាប- អង្គរឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងស្ថិតក្នុងសភាព ហុយទ្រលោមធ្វើឱ្យជះឥទ្ធិពលមិនល្អដល់ វិស័យទេសចរណ៍ជាតិ ។ លោកថោង ខុន រដ្ធមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រតិកម្មកាលពីល្ងាចថ្ងៃទី២១ សីហា ថាសំរាមលែងជាបញ្ហាចំបងសំរាប់ក្រុងទេសចរណ៍សៀមរាបទៀតហើយ ក៏ប៉ុន្ដែបញ្ហាធូលីដីហុយនៅតែមានការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ សំរាប់ក្រុងទេសចរណ៍ប្រវត្ដិសាស្ដ្រដ៏មានសក្ដានុពលមួយនេះដដែល ដែលទាមទារឱ្យអាជា្ញធរ ត្រូវតែយកចិត្ដទុកដាក់ថែមទៀត ។ លោក ថោង ខុន បានបន្ដទៀតថា យើងមានគំរោងការធ្វើឱ្យសៀមរាបក្លាយជាទីក្រុងទេសចរណ៍ ស្អាត គំរូខ្នាតអន្ដរជាតិមួយ “ធានានូវសន្ដិសុខ សុវត្ថិភាព ចំណីអាហារមានអនាម័យ និងបរិស្ថានល្អ ” ដោយយកចិត្ដទុកដាក់អភិវឌ្ឍនៅ តំបន់អង្គរ នៅទីក្រុងសៀមរាប និងនៅតំបន់ជុំវិញ ដែលក្នុងន័យនេះយើងសំដៅដល់តំបន់ចុងឃ្នៀសនៅបឹងទន្លេសាប ។ កាលពីពេលថ្មីៗនេះ យើងបានរៀបចំសិក្ខាសាលាមួយស្ដីពីការរៀបចំផែនការមេអភិវឌ្ឍ ទេសចរណ៍ ប្រកបដោយនិរន្ដរភាព និងទទួលខុសត្រូវនៅបឹងទន្លេសាប និងតំបន់ជុំវិញបឹងទន្លេសាប និងការបង្កើត Learning Labs ដើម្បីនិរន្ដរភាពនៃការអភិវឌ្ឍ ។
ទន្ទឹមនឹងយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍក្រុងទេសចរណ៍សៀមរាបនេះ បញ្ហាជាច្រើនក៏បានកើតឡើងដំណាលគ្នាដែរនោះ គឺការដឹកជញ្ជូនដី និងខ្សាច់តាមរថយន្ដតូចធំ ជាច្រើនសំរាប់បំរើការសាងសង់អគារធំៗ បាន បង្កឱ្យធូលីដីជ្រុះរាយប៉ាយពាសពេញលើដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ភាពស្រស់ស្អាតរបស់ក្រុង និងហុយរំខានដល់ភ្ញៀវទេសចរក៏ដូចជាប្រពលរដ្ឋក្នុងតំបន់ផងដែរ ។ លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានបន្ថែមថា ដើម្បីឱ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ក្រសួង និងអាជ្ញាធរខេត្ដកំពុងតែមានផែនការកំចាយចោលឱ្យអស់នូវបញ្ហាដីហុយ ជាមុន ដោយរៀបចំរថយន្ដបាញ់ទឹកលាង សំអាតថ្នល់ជាប្រចាំ ដែលគំរោងការនោះ នឹងដំណើការនាពេលខាងមុខឆាប់ៗនេះ ។
អភិបាលរងខេត្ដសៀមរាបលោកប៊ុន ថាឫទ្ធិ បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃទី ២២ខែ សីហាថា មូលហេតុដែលបង្ករឱ្យមានធូលីដី ហុយនៅពាសពេញទីក្រុងសៀមរាបគឺបណ្ដាល មកពីទីក្រុងនេះកំពុងមានការអភិវឌ្ឍ ហើយ មានការដ្ឋានសាងសង់ជាច្រើនកំពុងដំណើរការ ដែលចាំបាច់ត្រូវការដឹកជញ្ជូនដី ថ្ម និងខ្សាច់ សំរាប់បំពេញការសាងសង់ទាំងនោះ ។ លោក ប៊ុន ថាឫទ្ធិ បានបន្ដទៀតថា តាមពិតអាជា្ញធរ ក៏មានការទើសភ្នែកទើសច្រមុះចំពោះបញ្ហាដី ហុយទាំងនោះដែរ ដោយកន្លងមក អាជ្ញាធរ បានចេញសេចក្ដីណែនាំ និងហៅម្ចាស់អាជីវកម្ម ដឹកដី និងខ្សាច់ទាំងអស់មកធ្វើកិច្ចសន្យារៀបចំការ ដឹកជញ្ជូនតាមបច្ចេកទេស ដោយគ្របឱ្យបានត្រឹមត្រូវ ចៀសវាងដីជ្រុះរាយប៉ាយពាសពេញលើដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ភាពស្រស់ស្អាត របស់ក្រុងនិងហុយរំខានដល់ភ្ញៀវទេសចរ ក៏ដូចជាប្រពលរដ្ឋក្នុងតំបន់ ។ ប៉ុន្ដែកន្លងមក ចេះតែមានអ្នកធំខ្លះចេញមុខចេញមាត់ធ្វើជា ខ្នងបង្អែកឱ្យឈ្មួញទាំងនោះធ្វើឱ្យអាជា្ញធរមិន អាចអនុវត្ដផែនការលុបបំបាត់ដីហុយបាន ។
យោងតាមសេចក្ដីរាយការណ៍ពីខេត្ដសៀមរាបបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានរថយន្ដធំ-តូចរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ បានសំរុកដឹកខ្សាច់ និងដីចេញពីភូមិសាស្ដ្រ ស្រុកបន្ទាយស្រី និងស្រុកអង្គរធំចូលក្នុងការដ្ឋានសាងសង់នានា កណ្ដាលក្រុងទេសចរណ៍ សៀមរាប ជាពិសេសរថយន្ដធំៗរបស់ស្ដ្រីឈ្មោះ អេង សុខហ្គិច ដែលជាកូនស្រីបង្កើតរបស់ប្រធានសភាពាណិជ្ជកម្មខេត្ដសៀមរាបតែម្ដង ។ សេចក្ដីរាយការណ៍ដដែលបានឱ្យដឹងទៀតថា សកម្មភាពដឹកដីនិងខ្សាច់ទាំងនោះពុំបានគោរព តាមបច្ចេកទេសដឹកជញ្ជូននោះទេ គឺពួកគេ ដឹកយកពីឈ្នះដៃពុំបានគ្របតង់កៅស៊ូឱ្យជិត នោះឡើយ បណ្ដាលឱ្យដី និងខ្សាច់ជ្រុះរាយប៉ាយពេញលើដងផ្លូវ ហើយពេលខ្លះដីបានធ្លាក់ ទាំងដុំៗបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកដំណើរតាមដងផ្លូវ ។
ចំណែកក្រុមអ្នករកស៊ីដឹកភ្ញៀវទេសចរ ដោយម៉ូតូឌុប និងរ៉ឺម៉កកង់បីមួយចំនួនបានរអ៊ូ រទាំថា បើសិនជាគ្មានភ្លៀងទេ នៅតាមដង ផ្លូវក្នុងក្រុងសៀមរាបតែងតែមានធូលីដីហុយ យ៉ាងទ្រលោម ងងឹតមេឃ តែបើមេឃភ្លៀង វិញមានភក់រអិលដើរស្ទើរពុំកើត ធ្វើឱ្យភ្ញៀវ ទេសចរសំដែងនូវការមិនសប្បាយចិត្ដ។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានធ្វើការព្រមានដកតំណែងចំពោះជន ណាដែលយកតួនាទីធ្វើជាខ្នងបង្អែកឱ្យអ្នករកស៊ីខុសច្បាប់ ដូច្នេះផ្អែកតាមអនុសាសន៍នេះ គេមានសង្ឈឹមថា អាជ្ញាធរខេត្ដសៀមរាប នឹងចាត់ការអស់លោកអ្នកធំណាដែលនៅ ពីក្រោយខ្នងថៅកែរថយន្ដដឹកដី និងខ្សាច់ ដែលមិនគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ បង្កឱ្យមានដីជ្រុះរាយប៉ាយពាសពេញលើដង ផ្លូវទាំងអស់នោះមិនខាន ៕