ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ជុំ​វិញ​​​បញ្ហា​ជំងឺ​ភ្នែក​​ឡើង​​បាយ​

11 ឆ្នាំ មុន

ជំ​ងឺ​ភ្នែក​ឡើង​បាយ​គឺ​ជា​ដុំ​ពណ៌​សដែល​បាំង​កែវ​ភ្នែក​របស់​អ្នក​ ។ សម្រាប់​អ្នក​ដែល​មាន​ជំ​ងឺ​នេះ​ ការ​មើល​ឃើញ​​​ដោយ​ដុំ​ស​គឺ​ប្រៀប​បាន​ដូចជា​ការ​សម្លឹង​មើល​កាត់​បង្អួច​ដែល​មាន​ចុះ​អ័ព្ទ​ ។ ភាព​ស្រ​អាប់​នៃ​ការ​មើល​ឃើញរបស់​ភ្នែក​ដែល​បណ្តាល​មក​ពី​​ការ​ឡើង​បាយ​នេះ​អាច​បង្ក​​ការលំ​បាក​ខ្លាំង​ក្នុង​ការ​អានសៀវ​ភៅ បើក​បើរ​យានយន្ត​ និង​ជា​ពិ​សេស​នៅ​ពេល​យប់ ។

ជំ​ងឺ​ភ្នែក​ឡើង​បាយ​គឺ​ជា​ដុំ​ពណ៌​សដែល​បាំង​កែវ​ភ្នែក​របស់​អ្នក​ ។ សម្រាប់​អ្នក​ដែល​មាន​ជំ​ងឺ​នេះ​ ការ​មើល​ឃើញ​​​ដោយ​ដុំ​ស​គឺ​ប្រៀប​បាន​ដូចជា​ការ​សម្លឹង​មើល​កាត់​បង្អួច​ដែល​មាន​ចុះ​អ័ព្ទ​ ។ ភាព​ស្រ​អាប់​នៃ​ការ​មើល​ឃើញរបស់​ភ្នែក​ដែល​បណ្តាល​មក​ពី​​ការ​ឡើង​បាយ​នេះ​អាច​បង្ក​​ការលំ​បាក​ខ្លាំង​ក្នុង​ការ​អានសៀវ​ភៅ  បើក​បើរ​យានយន្ត​ និង​ជា​ពិ​សេស​នៅ​ពេល​យប់ ។

ភាគ​ច្រើន​នៃ​ជំ​ងឺ​នេះ​វិ​វឌ្ឍ​​​ទៅ​មុខ​យឺតៗ​ហើយ​មិន​រំ​ខាន​ដល់​ការ​មើល​ឃើញ​របស់​អ្នក​ពី​ដំ​បូង​នោះ​ឡើយ  ប៉ុន្តែ​បើ​ទុក​យូរ​មិនព្យា​បាល វា​នឹង​រំ​ខាន​ដល់​ការ​មើល​ឃើញ​របស់​អ្នក ។ គេ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ការ​ពាក់​វ៉ែន​តា តែ​បើ​អាការ​កាន់​តែ​ធ្ងន់​​​ អ្នក​ចាំ​បាច់​ត្រូវ​​​​វះ​កាត់ ។ ជា​សំ​ណាង​ល្អ​ ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​ជា​ទូ​ទៅ​តែ​ងទទួល​បាន​ជោគជ័យ និង​សុ​វត្ថិ​ភាព ។​

I-ជំ​ងឺ​ភ្នែក​ឡើង​បាយ​ចែក​ចេញ​ជា​៤​ប្រ​ភេទ ៖
A-ជំ​ងឺ​ភ្នែក​ឡើង​បាយ​ដែល​ប៉ះ​ពាល់​លើ​ផ្នែក​កណ្តាល​របស់​កែវ​ភ្នែក (Nuclear Cataracts) ៖ ជំ​ងឺ​ប្រ​ភេទ​នេះ​ដំបូង​អាច​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​មិន​អាច​មើល​ឃើញ​ឆ្ងាយ​ ប៉ុន្តែ​បន្តិច​ម្តង​ៗ កែវ​ភ្នែក​ប្រែ​ពណ៌​លឿង​ ហើយ​​ការ​មើល​ឃើញ​កាន់​តែ​ស្រ​អាប់​ទៅ​ៗ ។ មាន​ពេល​ខ្លះ​វា​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​ព្រិល​មើល​ឃើញ​រូប​ភាព​មួយ​បែក​ជា​ចេញ​ជា​២ ​ឬ​ច្រើន ។
B-ជំ​ងឺ​ភ្នែក​ឡើង​បាយ​ដែល​ប៉ះ​ពាល់​លើ​គែម​កែវ​ភ្នែក ( Cortical Cataracts)៖ ជំ​ងឺ​ប្រ​ភេទ​នេះ​ចាប់​ផ្តើម​ដោយ​ដុំ​ស្រ​អាប់​កាត់​ទទឹង​ឬ​ស្នាម​​ឆូត​វែង​លើ​គែម​ខាង​ក្រៅ​នៃ​ស្រ​ទាប់​កែវ​ភ្នែក ។​​ខណៈ​ដែល​វា​វិ​វឌ្ឍ​​ទៅ​មុខ​យ៉ាង​យឺត​ៗ ស្នាម​ឆូត​វែង​ចូល​ដល់​ចំ​ណុច​កណ្តាល ​ហើយ​រំ​ខាន​ដល់​ដំណើរ​ពន្លឺ​ដែល​រត់​កាត់​ចំណុច​កណ្តាល​របស់​កែវ​ភ្នែក ។ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​​ប្រ​ភេទ​នេះ បញ្ហា​ចោទ​គឺ​ចាញ់​ពន្លឺ ។​
C-​ភ្នែក​ឡើង​បាយ​ដែល​ប៉ះ​ពាល់​លើ​ផ្នែក​ខាង​ក្រោយ​នៃ​កែវ​ភ្នែក( Posterior Subcapsular Cataracts) ៖ ជំ​ងឺ​ប្រ​ភេទ​ទី​៣​នេះ​ចាប់ផ្តើម​ក្នុង​នាម​ជា​ដុំ​តូច​មួយ​ដែល​ជា​ធម្ម​តា​កើត​មាន​នៅ​ក្បែរ​ផ្នែក​ខាង​ក្រោយ​របស់​កែវ​ភ្នែក​ គឺ​នៅ​ចំ​ផ្លូវ​ពន្លឺ​ចូល​ទៅ​កាន់​ផ្នែក​បញ្ជូន​ពន្លឺ​ និង​រូប​ភាព​ទៅ​កាន់​ខួរ​ក្បាល​របស់​ភ្នែក (Retina) ។​ ផល​រំ​ខាន​ជា​ញឹក​ញាប់​របស់​វា​ធ្វើ​ឱ្យ​ពិ​បាក​ក្នុង​ការ​អាន ​​និង​ចាញ់​ពន្លឺ​ ។
D-ភ្នែក​ឡើង​បាយ​ពី​កំណើត​ ( Congenital Cataracts )៖ មនុស្ស​មួយ​ចំ​នួន​កើត​ជំ​ងឺ​ភ្នែក​ឡើង​បាយ​តាំង​ពី​កំណើត​ ឬ​ក្នុង​វ័យ​កុ​មារ​ភាព ។ នេះ​អាច​មក​ពី​កត្តា​ម្តាយ​កើត​ជំ​ងឺ​ឆ្លង​ណា​មួយ​អំឡុង​ពេលមាន​គភ៌​​ ។​

II- រោគ​សញ្ញា​មួយ​ចំ​នួន​ ៖ ​​ជំ​ងឺ​ភ្នែក​ឡើង​បាយ​មាន​រោគ​សញ្ញា​៧​ចំណុច​ដូច​តទៅ ៖
– ភ្នែក​ឡើង​ព្រិល ស្រ​អាប់​មើល​អ្វី​មិន​សូវ​ច្បាស់ ។
– កាន់​តែ​មើល​អ្វី​មិន​ច្បាស់​ ជា​ពិ​សេស​នៅ​ពេល​យប់ ។
– ចាញ់​ពន្លឺ​ថ្ងៃ​ ។
– មើល​ឃើញ​ពន្លឺ​ភ្លើង​ពេល​យប់​ដូច​ថ្ងៃ​បាំង​ឆត្រ​ ។
– ​ផ្លាស់​ប្តូរ​វ៉ែន​តា ​និង​កែវ​ដាក់ភ្នែក​ញឹក​ញាប់​។
– ភ្នែក​ឡើង​ពណ៌​លឿង ​ឬ​​​ស្រ​អាប់​ ។
– ព្រិល​មើល​វត្ថុ​មួយ​បែក​ជា​២ ។

ជា​ដំ​បូង​ដុំ​ស​បង្ក​ដោយ​ភ្នែក​ឡើង​បាយ​ប៉ះ​ពាល់​កែវ​ភ្នែក​របស់​អ្នក​មួយ​ចំ​ណែក​តូច​ប៉ុណ្ណោះ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ដឹង​ថា ខ្លួន​ឯង​បាត់​បង់​ការ​មើល​ឃើញ​ទៀត​ផង ។ នៅ​ពេល​ការ​ឡើង​បាយ​កាន់​តែ​រីក​ធំ​ទៅ​ វា​អាច​នឹង​បាំង​កែវ​ភ្នែក​របស់​អ្នក​កាន់​តែ​ខ្លាំង​ ហើយ​ធ្វើ​ឱ្យ​ពន្លឺ​ដែល​ឆ្លង​កាត់​ខ្សែ​ភ្នែក​មាន​ការ​ផ្លាស់​ប្តូរ ។​ ដំ​ណាក់​កាល​នេះ​ ជំ​ងឺ​របស់​អ្នក​អាច​នឹង​បញ្ចេញ​រោគ​សញ្ញា​ដែល​អ្នក​អាច​សង្កេត​ឃើញ​បាន​ ។ ជំ​ងឺ​ភ្នែក​ឡើង​បាយ​ភាគ​ច្រើន​បំ​ផុត​កើត​មាន​នៅ​ពេល​វ័​យ​កាន់​តែ​ចាស់​ទៅ  តែ​ករណី​ខ្លះ​វា​បង្ក​ឡើង​ដោយ​ជំ​ងឺ​ហ្សែន​តពូជ​ ។

III- កត្តា​ប្រ​ឈម​មួយ​ចំ​នួន ៖ មាន​កត្តា​មួយ​ចំ​នួន​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រ​ឈម​នឹង​ការ​កើត​មាន​ជំ​ងឺ​ភ្នែក​ឡើង​បាយ​ក្នុង​នោះ​មាន៖
– អា​យុ​កាន់​តែ​ច្រើន​ ។
– កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម ។
– ទទួល​ទាន​គ្រឿង​ស្រ​វឹង​ច្រើន ។​
– បណ្តោយ​ឱ្យ​ភ្នែក​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ពេក​ ។
– គ្រួ​សារ​មាន​ប្រ​វត្តិ​កើត​ជំ​ងឺ​ភ្នែក​ឡើង​បាយ។
– សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ។
– ធាត់​លើស​ទម្ងន់​ ។
– ធ្លាប់​របួស​ ឬ​រ​លាក​ភ្នែក​ពី​មុន​មក ។
– ធ្លាប់​​វះកាត់​ភ្នែក ។
– បន្ត​ប្រើ​ថ្នាំ​ដាក់​ភ្នែក Corticosteroid រយៈ​ពេល​យូរ ។
– ជក់​បារី ។

IV- ​វិ​ធី​បង្កា​រទាំ​ង​៦​ចំណុច ៖ វា​នៅ​តែ​មិន​ច្បាស់​១០០​ភាគ​រយ​ថាតើ​អ្វី​ដែល​បង្ក​ឱ្យ​ភ្នែក​ឡើង​បាយ​​ទេ ប៉ុន្តែ​បណ្តា​វេជ្ជ​បណ្ឌិត​គិត​ថា អស់​លោក​អ្នក​អាច​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​នេះ​បាន​តាម​រយៈ​វិ​ធាន​ការ​៦​ចំណុច​ដូច​ខាង​ក្រោមៈ
១- ​ធ្វើ​លំ​ហាត់​ប្រាណ​ភ្នែក​ឱ្យ​បាន​ទៀង​ទាត់​៖ លំ​ហាត់​ប្រាណ​ភ្នែក​អាច​ជួយឱ្យ​រក​ឃើញ​ជំ​ងឺ​ភ្នែក​ឡើង​បាយ​នៅ​បញ្ហា​ភ្នែក​ដទៃ​ទៀត​នៅ​ដំ​ណាក់​កាល​ដំ​បូង ។ សូម​សួរវេជ្ជ​បណ្ឌិត​របស់​អ្នក​​នៅ​ពេល​វេលា​ដែល​អ្នក​គួរ​ប្រើ​ក្នុង​ការ​ហាត់​ប្រាណ ។​
២- បោះ​បង់ការ​ជក់​បា​រី ៖ អ្នក​អាច​ឆ្លៀត​ពេល​​ជួប​ជា​មួយ​វេជ្ជ​បណ្ឌិត​ដើម្បី​សុំ​កា​រ​ណែ​នាំ​​ក្នុង​ការ​ផ្តាច់​បា​រី ។​
៣- ពាក់វ៉ែន​តា​ការ​ពារ​ពន្លឺ​ថ្ងៃ ៖ ពន្លឺ​អ៊ុល​ត្រា​ស្វាយ​បញ្ចេញ​ដោយ​ព្រះ​អា​ទិត្យ​អាច​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​ភ្នែក​ឡើង​បាយ​បាន ។ ដូច្នេះ​គ្រប់​ពេល​ធ្វើ​ដំណើរ​ចេញ​ក្រៅ​​ សូម​ពាក់​វ៉ែន​តា​ដែល​អាច​ការ​ពារ​កាំ​រស្មី​ Ultraviolet B (UVB) ។
៤- យក​ចិត្ត​ទុកដាក់​នឹង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ ៖ សូម​អ​នុ​វត្ត​តាម​វិធី​ព្យា​បាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ប្រ​សិន​បើ​​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​ឬ​ជំ​ងឺ​ផ្សេង​ទៀត​ដែល​អាច​បង្កើន​អត្រា​កើត​មាន​ជំ​ងឺ​ភ្នែក​ឡើង​បាយ ។​
៥- រក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ថេរ​ ៖ ប្រ​សិនបើ​​ទម្ងន់​ខ្លួន​របស់​អ្នក​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព​ ហើយ សូម​បន្ត​រក្សា​វា​តាម​រយៈ​ការ​ហាត់​ប្រាណ​ឱ្យ​បាន​យ៉ាង​តិច​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។ ប្រ​សិន​ជា​អ្នក​លើស​ទម្ងន់​វិញ សូម​ធ្វើ​កិច្ច​ការ​ដើម្បី​បញ្ចុះ​ទម្ងន់​​ដោយ​យឺត​ៗ​តាម​រយៈ​ការ​បន្ថយ​ការ​ទទួល​ទាន​អា​ហារ​ដែល​សំ​បូរ​ដោយ​កាឡូ​រី​ ហើយ​បង្កើន​ការ​ហាត់​ប្រាណ ។​
៦- សូម​ជ្រើស​យក​របប​អា​ហារ​ផ្តល់​នូវ​សុខ​ភាព​ដោយ​មាន​បន្លែ​ និង​ផ្លែ​ឈើ​ច្រើន ៖ ការ​បញ្ចូល​ផ្លែ​ឈើ​ និង​បន្លែ​គ្រប់​ពណ៌​ទៅ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​អាច​ធា​នា​បាន​ថា អ្នក​ទទួល​បាន​វី​តា​មីន​ និង​សារ​​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ ។ ផ្លែ​ឈើ​និង​បន្លែ​សំ​បូរ​ទៅ​ដោយ​សារ​​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​តាម​ទ្រឹស្តី​បញ្ជាក់​ថា វា​អាច​ជួយ​ទប់​ស្កាត់​ការ​បំ​ផ្លាញ​ចំពោះ​កែវ​ភ្នែក ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​មិន​បាន​បង្ហាញ​ជា​ភស្តុ​តាង​ថា ស​មាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់​ល្អិត​អាច​ជួយ​ការ​ពារ​ជំ​ងឺ​ភ្នែក​ឡើង​បាយ​បាន​ទេ ។ ផ្ទុយ​ពី​នេះ បន្លែ​និង​ផ្លែ​ឈើ​បាន​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​សុខ​ភាព​យ៉ាង​ច្រើន​លើស​លប់​ហើយ​វា​ជា​មធ្យោ​បាយ​សុ​វត្ថិ​ភាព​មួយ​ដើម្បី​បង្កើន​ចំ​នួន​វីតា​មីន​នៅ​ក្នុង​អា​ហារ​របស់​អ្នក ។​
V- ​ការ​ព្យា​បាល​ជា​មួយ​នឹ​ង​ឱសថ ៖
​ការ​ព្យា​បាល​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​តែ​មួយ​គត់​លើ​ជំ​ងឺ​ភ្នែក​ឡើង​បាយ​គឺការ​វះ​កាត់ ។ វា​អា​ស្រ័យ​លើ​អ្នក ​និង​វេជ្ជ​បណ្ឌិត​ក្នុង​ការ​សម្រេចចិត្ត​ជ្រើស​ពេល​វះ​កាត់ ។ មនុស្ស​ភាគ​ច្រើន​ពុំ​ប្រ​ញាប់​ប្រ​ញាល់​វះ​កាត់​នោះ​ទេ ដ្បិត​ជា​ធម្ម​តា​ភ្នែក​ឡើង​បាយ​មិន​ធ្វើ​ឱ្យ​ខូច​គ្រាប់​ភ្នែក​ឡើយ ។ ត្រូវ​ទុក​ពេល​ដើម្បី​ពិ​ចារ​ណា​ពី​អត្ថ​ប្រ​យោជន៍​ និង​អត្រា​ប្រ​ថុយ​ប្រ​ថាន​នានា​ជា​មួយ​វេជ្ជ​បណ្ឌិត​របស់​អ្នក ។

*​តើ​នឹង​មាន​អ្វី​កើត​ឡើង​អំ​ឡុង​​ពេល​​វះ​កាត់ ភ្នែក​?
ការ​វះ​កាត់​ពាក់​ព័ន្ធ​នឹង​ការ​ដក​យក​កែវ​ភ្នែក​ឡើង​បាយ​ចេញ​ ​​​​​​​​​ហើយ​ជំ​នួស​មក​វិញ​ដោយ​កែវ​ភ្នែក​ជ័រ (Plastic Lens)។ កែវ​ភ្នែក​ជ័រ​នេះ​គឺ​ដាក់​នៅ​ចំ​កន្លែង​ដែល​កែវ​ភ្នែក​ពី​ធម្ម​ជាតិ​របស់​អ្នក​ត្រូវ​បាន​យក​ចេញ ហើយ​វា​នឹង​ក្លាយ​ជា​ចំណែក​មួយ​នៃ​ភ្នែក​របស់​អ្នក ។
សម្រាប់​មនុស្ស​មួយ​ចំ​នួន​ដែល​មាន​បញ្ហា​ភ្នែក​ផ្សេង​គឺ​មិន​អាច​ប្រើ​កែវ​ជ័រ​ជំ​នួស​បាន​ឡើយ។ ក្នុង​ស្ថាន​ភាព​នេះ ខណៈ​​ដែល​ដុំ​ឡើង​បាយ​ត្រូវ​បាន​​វះ​កាត់​ចេញ​ ការ​មើល​ឃើញ​អាច​ត្រូវ​បាន​កែ​លំ​អ​ដោយ​ការ​ពាក់​វ៉ែន​តា​ ឬ​ពាក់​កែវជំ​នួយ (Contact lens) ។

​តាម​ធម្ម​តា​ ការ​វះ​កាត់​គឺ​ធ្វើ​ឡើង​តែ​លើ​ភ្នែក​ម្ខាង​ជា​មុន​​សិន​ដោយ​ទុក​ចន្លោះ​ពេល​​២ទៅ​៣​សប្តាហ៍ទើប​អាច​វះ​កាត់​ភ្នែក​ម្ខាង​ទៀត​ ។ ជា​ទូ​ទៅ ការ​វះ​កាត់​ជំ​ងឺ​ភ្នែក​ឡើង​បាយ​គឺ​មាន​សុ​វត្ថិ​ភាព តែ​វា​ប្រឈម​នឹង​ជំ​ងឺ​ឆ្លង​ ព្រម​ទាំង​ការ​ហូរ​ឈាម ៕