ជិះម៉ូតូក្នុងល្បឿនលឿនដូចគ្នាបុកគ្នាពេញទំហឹងរបួសធ្ងន់ទាំង២
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:០១
ចោមចៅ
ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ ៖ មនុស្សពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់បាត់ស្មារតីនៅនឹងកន្លែង ដោយសារឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូជ្រុលទៅបុកគ្នាពេញទំហឹង ក្នុងខណៈពេលដែលកំពុងបើកបរធ្វើដំណើរច្រាសទិសគ្នាតាមផ្លូវក្នុងល្បឿនលឿនដូចគ្នា ។ ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី២៦ សីហា ឆ្នាំ២០១០ នៅលើកំណាត់មហាវិថីសហព័ន្ធរុស៊្សី មុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម៉ូតូទាំងពីរគ្រឿងដែលបានបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ធ្ងរនោះ មួយគ្រឿងម៉ាក យ៉ាម៉ាហា SIRIUS ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកំពង់ចាម 1E-8816 និងម៉ូតូមួយគ្រឿងទៀតម៉ាក Citi C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ព-៤៨៥៧ ភព១ ហើយអ្នកបើកម៉ូតូទាំងពីរគ្រឿងនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ព្រោះនៅពេលភ្លាមៗ នោះរងរបួសធ្ងន់សន្លប់បាត់ស្មារតីទាំងអស់គ្នា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញម៉ូតូទាំងពីរគ្រឿងនោះបើកបរធ្វើដំណើរច្រាសទិសគ្នា ដោយម៉ូតូម៉ាកយ៉ាម៉ាហា SIRIUS ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ចំណែកឯម៉ូតូម៉ាក Citi C100 កូរ៉េ បើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូយ៉ាម៉ាហា SIRIUS បានបត់ឆ្លងផ្លូវពីជើងទៅត្បូង ហើយក៏ត្រូវម៉ូតូ C100 កូរ៉េ បុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានដឹកអ្នករបួសទាំងពីរនាក់នោះទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ចំណែកឯម៉ូតូទាំងពីរគ្រឿងរងនូវការខូចខាតដូចគ្នាត្រូវបានប៉ូលិសនាំយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕