សមត្ថកិច្ចរំដោះពលការិនី៣១នាក់ដែលគេបង្ខាំង ប្រធានក្រុមហ៊ុន១នាក់ និងមេខ្យល់២នាក់ត្រូវឃាត់ខ្លួន
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៨:៤៦
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២ កញ្ញា សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយស្ថាប័នអយ្យការនិងអាជ្ញាធរមូលដ្ឋាន បានរំដោះពលការិនីចំនួន២៨នាក់ដែលគេបង្ខាំងទុកបំរុងនាំទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។ ការរកឃើញកន្លែងបង្ខាំងពលការិនីនេះ ក៏មានការឃាត់ខ្លួនមេខ្យល់និងប្រធានក្រុមហ៊ុនផងដែរ ។ មេខ្យល់ដែលត្រូវចាប់ខ្លួនឈ្មោះគង់ សុភាពភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះឡៅ លីហុក ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ផ្ទះនិងជាប្រធានក្រុមហ៊ុនហ្វីលីម័រ ដែលមានអាសយដ្ឋាន ឬក៏អាចថាជាទីតាំងលាក់ពលការិនីក្នុងភូមិគ្រឹះលេខ១ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា គឺស្ថិតនៅខាងក្រោយសាលាសង្កាត់តែម្តង ។ ទាំងពលការិនី មេខ្យល់និងប្រធានក្រុមហ៊ុនត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចនាំឡើងរថយន្តដឹកទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
កិច្ចប្រតិបត្តិការរំដោះពលការិនីដែលគេបំរុងនាំទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឡឹក វណ្ណៈ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមឆែកឆេរលំនៅឋានពីលោកហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ។ លោកឧត្តមសេនីយ៍ត្រីឡឹក វណ្ណៈ បានឱ្យដឹងថា កិច្ចប្រតិបត្តិការរំដោះពលការិនីនេះធ្វើឡើងដោយយោងលើបណ្តឹងរបស់អ្នកអាណាព្យាបាល ពលការិនីមួយចំនួនដែលបានប្តឹងក្រុមហ៊ុនហ្វីលីម័រ ដែលមានឈ្មោះឡៅ លីហុក ជាប្រធានថា បានបង្ខាំងកូនស្រីរបស់ពួកគាត់ដោយខុសច្បាប់ និងមិនបានបញ្ជូនឱ្យទៅធ្វើពលការិនីតាមកិច្ចសន្យានោះទេ ។ សកម្មភាពឆ្មក់ចូលទីតាំងបង្ខាំងពលការិនីនេះ ក៏ស្ថិតនៅក្រោមការតាមឃ្លាំមើលពីសំណាក់អង្គការសង្គមស៊ីវិលឈ្មោះ SISHA ផងដែរ ។
ស្ត្រីឈ្មោះគង់ សុភាព បានឱ្យដឹងថា ក្រុមហ៊ុន បានរក្សាទុកពលការិនី នៅកន្លែងសមរម្យហេតុនេះមិនមែនជារឿងបង្ខាំងមនុស្សដូចការចោទប្រកាន់នោះឡើយ ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានចោទប្រកាន់រឿងនេះថា ជាអំពើខុសច្បាប់ ។ នៅពេលភ្លាមៗនេះមិនទាន់មានការលាតត្រដាងពីបញ្ហាដែលបានកើតមាននៅទីតាំងដែលបានរកឃើញនេះនៅឡើយទេ ។ តាមព័ត៌មានចុងក្រោយនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចបានរកឃើញពលការិនី៣នាក់ និងមេខ្យល់ម្នាក់ទៀតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ៕