ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីគនិងនារីមានសតិមិនប្រក្រតី ត្រូវបានជនអគតិចាប់រំលោភ ចាប់ខ្លួនម្នាក់និងម្នាក់រត់បាត់

15 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ នារីដែល​ងាយ​រងគ្រោះ​ ឬ​ចាត់​ទុក​ថា ពិការ​២នាក់​បាន​ទទួល​រង​គ្រោះ ​ដោយ​ការ​ចាប់រំលោភ​ពីជន​អគតិ ​ក្នុង​សកម្ម​ភាព​ល្មើស​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុងនោះ​​នាង​ក្រមុំ​មិន​​គ្រប់ទឹក អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុកស្រី​សន្ធរ ត្រូវ​បុរស​អគតិ​ចាប់​រំលោភ​រហូត​មាន​ផ្ទៃ​ពោះ​៥​ខែ ទើប​បែកការណ៍​ និង​ករណី​ទី​២ កើត​ឡើង​នៅ​ស្រុក​បាធាយ ដោយ​នាង​ក្រមុំ​គ ​អាយុ​២២​ឆ្នាំ ត្រូវ​​បាន​​បុរស​ម្នាក់​ស្រវឹង​​ស្រាចាប់​រំលោភ​សេព​សន្ថ​វៈ​ រហូត​បានសំរេច​ ហើយ​ជន​អគតិ​នេះ​ត្រូវ​បាន​ចាប់ខ្លួន ។

តាម​សេច​ក្តី​រាយ​ការណ៍​​ពី​លោក​អនុសេនីយ៍​ឯកខេង ស្រេង អធិការ​នគរបាល​ស្តីទី​ស្រុកស្រី​សន្ធរ បាន​ឱ្យ​កោះសន្តិ​ភាព​ដឹង​តាមទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​៣ កញ្ញា ២០១០ ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ឪ​ពុក​ម្តាយ​របស់​នារី​រង​គ្រោះ​ឈ្មោះ «ប.គ» អាយុ​​២៨​ឆ្នាំ បាន​នាំ​កូនស្រី​មក​ប្តឹង​ដល់​អធិការដ្ឋាន​នគរ​បាល​ស្រុក​តែ​ម្តង ដោយ​ចោទ​ប្រកាន់​លើ​បុរស​សង្ស័យ​​ឈ្មោះ​សាន្ត សឿន អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ-ឃុំជាមួយ​គ្នា បាន​ចាប់​​រំលោភ​កូនស្រី​​គាត់​ដែល​មានសតិ​មិន​គ្រប់​​ ហើយ​​រាល់​ពេល​នៃ​ការ​ចាប់​រំលោភ​ ជន​នេះ​តែងតែ​គំរាម​​រក​សម្លាប់​ ​ធ្វើ​ឱ្យ​កូនស្រី​​គាត់​​ភ័យ​ខ្លាច​ក៏ចេះ​តែ​ទ្រាំ​ទៅរហូតមាន​ផ្ទៃ​ពោះ​៥​ខែ ទើបបែក​ការណ៍​ លុះ​ពេល​សួរនាំ​ទើប​ដឹង​ថា បុរសសង្ស័យ​ឈ្មោះ​សឿន ចាប់​រំលោភ ។ ទោះ​បីជា​បែប​ណា ជន​អគតិ​ដែល​ដឹង​ខ្លួន​ថា បែក​ការណ៍​ហើយ​នោះ​ ក៏​បាន​គេច​ខ្លួន​បាត់ តែ​មន្ត្រី​ប៉ូលិស​​នឹង​សុំដីកា​តាមស្វែង​រក​ចាប់ខ្លួន​ជននេះ​យក​​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ។

ដោយ​ឡែក​ លោកអនុសេនីយ៍​ឯក​នាន ណារិន អធិការ​រង​នគរបាល​ស្រុក​បាធាយ​វិញ បាន​ឱ្យ​​ដឹង​ដែរ​ថា កាលពីវេលាម៉ោង​៧​យប់​ថ្ងៃ​១ កញ្ញា ២០១០ នៅ​ស្រុក​បាធាយ មាន​ករណី​ចាប់​រំលោភ​សេព​សន្ថវៈ​មួយ​លើ​នារី​គ ​អាយុ​២២​ឆ្នាំ រហូត​បាន​សំរេច​ ព្រោះតែ​ស្រវឹង​ស្រា ។ លោ​ក​អធិការ​​រង​នគរបាល​ស្រុកបាធាយ​បាន​បញ្ជាក់​ថា លោក​អនុសេនីយ៍​ទោយ៉ូវ ចន្តា​​ នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំបាធាយ​បាន​រាយការណ៍​មក​រូប​លោក ហើយ​ភ្លាម​ៗ​នោះ​ លោកចាត់​ឱ្យកំលាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​បាធាយ ចុះ​ស្រាវជ្រាវ​បន្ទាន់​រហូត​ដល់​​ម៉ោង​១០​និង​៣​នាទី​ព្រឹក​ថ្ងៃទី​២ កញ្ញា ក៏​បាន​ឃាត់​​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឡាង ឡេន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។

ជនសង្ស័យ​ឈ្មោះ​ឡាង ឡេន បានសារ​ភាព​ថា នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃទី​១ កញ្ញា រូបគេ​បានទៅ​ផឹកស្រា​នៅ​ផ្ទះ​អ្នក​ភូមិ​ជាមួយគ្នា អស់ស្រា​៤ទៅ​៥លីត្រ ដោយ​មាន​គ្នា​ច្រើ​ននាក់ ។ លុះ​ម៉ោង​៧​យប់​ក៏បាន​បែកគ្នា រូបគេ​ដើរ​ត្រឡប់​ទៅ​ផ្ទះវិញ ក៏ឃើញនាង.គ កំពុងតែ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​របស់​ខ្លួន ។ ភ្លាមៗ​នោះ​​រូប​គេ​មិន​បាន​ទៅប៉ះ​ពាល់​​នាង​ទេ ក៏ដេក​​លើ​គ្រែ បន្តិច​ក្រោយ​មក​ ស្រាប់តែ​ឈឺ​​ពោះ​​ក៏​ក្រោក​ដើរ​ទៅ​បត់ជើង​នៅ​ខាង​ក្រោយ​ផ្ទះ ប៉ុន្តែ​មិន​ទាន់​​បាន​បត់​​ជើង​ផង ឃើញ​នាង​.គ​ដើរ​​តាម​ពី​ក្រោយ ធ្វើ​ឱ្យ​រូប​គេ​មាន​អារម្មណ៍​ចង់រួម​រ័ក ក៏​បាន​ដឹកដៃ​នាង​ទៅវាលស្រែ​ ហើយ​ចាប់​រំលោភ​សេព​សន្ថវៈ​​​រូបនាង​រហូត​បាន​សំរេច ។ លោកអធិការ​រង​នគរ​បាល​ស្រុកបាធាយ​បញ្ជាក់​បន្ថែម​ថា យោង​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នាង​.គ គឺ​សូម​ឱ្យ​សមត្ថ​កិច្ច​ធ្វើ​ការ​ផ្តន្ទា​ទោស​ឈ្មោះ​ឡាង ឡេន ទៅ​តាម​ច្បាប់ និង​ទារ​សំណង​ជំងឺចិត្ត​​ពី​ជននេះ​ចំនួន​៤លាន​រៀល ៕