ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូយ សុធា និង​វង្ស ណយ ធ្វើ​​ឱ្យ​អ្នក​ទស្សនា​​កន្ត្រាក់​​អារម្មណ៍

11 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​ប្រដាល់​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​១៦ កញ្ញា កន្លង​ទៅ​​បាន​​ធ្វើ​​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​​​តាំង​​ពី​បើក​ឆាក​​​ការ​ប្រកួត​​នៅ​គូ​ទី១​​ម៉្លេះ ដោយ​សារ​​តែ​កីឡា​ករ​​ កីឡា​ការិនី​ស្ទើរ​​តែ​គ្រប់​​គូ​​ប្រកួត​ត្រូវ​គេ​កត់​សម្គាល់​ថា ឡើងរេញ​ភ្លាម​​វាយ​​សម្រុក​គ្នា​ភ្លាម​​ធ្វើ​​ឱ្យ​​កក្រើក​​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​បាយ័ន​​បឹង​ស្នោ​តែ​ម្តង ។ ទោះ​យ៉ាងណា ក្នុង​ចំណោម​​នោះ​​គឺ​មាន​តែ​​ជ័យ​ជម្នះ​​របស់​​កីឡា​ការិនី​​

រាជធានី​​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​ប្រដាល់​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​១៦ កញ្ញា កន្លង​ទៅ​​បាន​​ធ្វើ​​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​​​តាំង​​ពី​បើក​ឆាក​​​ការ​ប្រកួត​​នៅ​គូ​ទី១​​ម៉្លេះ ដោយ​សារ​​តែ​កីឡា​ករ​​ កីឡា​ការិនី​ស្ទើរ​​តែ​គ្រប់​​គូ​​ប្រកួត​ត្រូវ​គេ​កត់​សម្គាល់​ថា ឡើងរេញ​ភ្លាម​​វាយ​​សម្រុក​គ្នា​ភ្លាម​​ធ្វើ​​ឱ្យ​​កក្រើក​​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​បាយ័ន​​បឹង​ស្នោ​តែ​ម្តង ។ ទោះ​យ៉ាងណា ក្នុង​ចំណោម​​នោះ​​គឺ​មាន​តែ​​ជ័យ​ជម្នះ​​របស់​​កីឡា​ការិនី​​សូយ សុធា និង​​កីឡា​ករ​វង្ស ណយ ប៉ុណ្ណោះ​ដែល​ធ្វើ​​ឱ្យ​អ្នក​ទស្សនា​​សម្តែង​ការ​​អប​អរ​សា​ទរ​​ និង​ផ្តល់​​​សម្រែក​​ហ៊ោ​កញ្ជ្រៀវ​ខ្លាំង​​ជា​ង​គេ ដោយ​សារ​​តែ​​ពួក​គេ​​ទាំង​ពី​រ​​បង្ហា​ញ​​នូវ​​ភាព​ខ្លាំង​​ ហើយ​​​វាយ​ឈ្នះ​​លើ​​គូ​ប្រកួត​​បាន​ត្រូវ​​ចិត្ត​​មហា​ជន​​ភាគ​ច្រើន ។

ប្រសិន​បើ​​ផ្តល់​ពិន្ទុ​​ពី​​សន្ទុះ​​ស្រែក​​ហ៊ោកញ្ជ្រៀវ​​​វិញ​ គូ​ប្រកួត​​រវាង​កីឡា​ការិន​​ី​សូយ សុធា មក​ពី​ក្លិប​​អូដឹម​​កីឡា និង​កីឡា​ការិនី​​ វី អិុច មក​ពី​ក្លិប​​អេ​ភូថង​​កីឡា បាន​ទទួល​​ការ​ចាប់​​អារម្មណ៍​​ខ្លាំង​ក្លា​​ជាង​គេ ។ កីឡា​ការិនី​​ទាំង​ពីរ​នេះ​​មិន​ធ្លាប់​ជួប​គ្នា​​ទេ ប៉ុន្តែ​​ការ​ប្រកួត​រវាង​​ពួក​គេ​​គឺ​ខ្លាំង​ក្លា​ដូច​គ្នា ទើប​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​​​ស្រែក​​ស្ទើរ​​ហើប​​គូទ​គ្រប់​​វិនាទី​​ជា​មួយ​ក្បាច់​ប្រដាល់​​វាយ​​ទៅ​វាយ​មក​​របស់​ពួក​គេ ។

ចំណុច​​ពិសេស​​ដែល​ធ្វើ​​ឱ្យ​អ្នក​​ទស្សនា​​ចាប់​អារម្មណ៍​​ខ្លាំង​​ក្លា​​បំផុត​​នោះគឺ ​ដោយ​សារ​​តែ​កីឡា​ការិនី​សូយ សុធា មាន​​រាង​​តូច​ល្អិត​​ជាង​កីឡា​ការិនី​​ វី អិុច ដូច​​មេឃ និង​ដី តែ​​បែរ​ជា​​អាច​ផ្តួល​កីឡា​ការិនី វី អិុច ដែល​ទើប​តែ​​បើក​​ប្រវត្តិ​សាស្ត្រ​​វាយ​​ឈ្នះ​​កីឡា​ការិនី​​សម សំណាង ​បាន​​ដែល​​ស្ទើរ​តែ​មិន​គួរ​​ឱ្យ​ជឿ ។ បើ​​ក្រឡេក​​ត្រឹម​មួយ​​ភ្លែត​គ្មាន​​អ្នក​​ណា​ជឿ​​ឡើយថា សូយ សុធា អាច​​យក​ប្រៀប​​លើ​កីឡា​ការិនី​​ វី អិុច ​ឡើយ ម្យ៉ាង​​ទាំង​ទម្ងន់​​ និង​កម្លាំង​​ក្នុង​ការ​វាយ​​បោក​ តើ​អ្នក​ណា​​មិន​​ដឹង​ថា ជើង​ខ្លាំង​​ កីឡា​​ការិនី​​វី អិុច មាន​ប្រៀប​ជាង​​ បើ​ទោះ​ជា​​​ វី អិុច ទើប​តែ​​ឡើង​រេញ​​បាន​តែ​​៥​ដង​​បូក​ទាំង​លើក​​ចុង​ក្រោយ​​នេះ​ក្តី ។ អីុចឹង​​ហើយ​ទើប​នៅ​​ពេល​កីឡា​ការិនី​​សូយ សុធា ដែល​មាន​​មាឌ​​ល្អិត​ជាង​​ ទម្ងន់​​តិច​ជាង​ ស្រាប់​តែ​​មាន​​ឱ​កាស​​វាយ​​កែង​​ផង​ ជង្គង់​​ផង និង​ម៉ាត់​ផង ត្រូវ​ផាច់ៗ​​លើ​កីឡា​ការិនី​​ វី អិុច ធ្វើ​​ឱ្យ​ម្នាក់​ៗ​​ផ្តល់​​សំឡេង​​ហ៊ោកញ្ជ្រៀវ​​គាំ​ទ្រ​​យ៉ាង​ខ្លាំង​​ ។

ការ​​ប្រកួត​រវាង​​កីឡា​ការិនី​​ពីរ​រូប​នេះ​មិន​ត្រឹម​​តែ​ធ្វើ​​ឱ្យ​​អ្នក​ទស្សនា​​ជក់​ចិត្ត​​ជាង​គេ​ប៉ុណ្ណោះ​​ទេ គឺ​​បាន​​ទាំង​ធ្វើ​​ឱ្យ​​ម្ចាស់​​ឧបត្ថម្ភ​​កម្ម​វិធី​​ប្រកាស​​ផ្តល់​​ទឹក​ប្រាក់​​២០​ម៉ឺន​​​រៀល​ភ្លាមៗ​​ស្មើ​នឹង​​ការ​ប្រកួត​របស់​គូ​​ពិសេស​​ ដែល​​វាយ​ឈ្នះ​​បាន​​ជក់​ចិត្ត​​ថែម​ទៀត​ផង​ ។ ទោះ​យ៉ាង​​ណា កីឡា​​ការិនី សូយ សុធា មិន​មែន​ទើប​​តែ​​ឈ្នះ​ការ​ប្រកួត​​ពេល​ឡើង​រេញ​​ម្តង​​នេះ​ទេ គឺ​​នាង​ធ្លាប់​​ទទួល​ជ័យ​​ជម្នះ​​បែប​នេះ​​ចំនួន​១៦​​លើក​រួច​មក​ហើយ ដោយ​គ្រាន់​តែ​​លើ​ក​នេះ​​នាង​ធ្វើ​​ឱ្យ​​គេ​ភ្ញាក់​​ផ្អើល​​ព្រោះ​តែ​​បាន​ជួប​ជើង​ខ្លាំង​​ដូច​នាង​វី អិុច ទៅ​ហើយ​​ តែ​បែរ​ជា​​នៅ​តែ​ឈ្នះ​​ពិន្ទុ ធ្វើ​​ឱ្យ​អ្នក​ទស្សនា​​ជក់​ចិត្ត​​ជាង​លើក​​មុន​ៗ​ប៉ុណ្ណោះ ។

ដោយ​ឡែក មួយ​គូ​​ទៀត​ដែល​​​ធ្វើ​​ឱ្យ​សង្វៀន​​ប្រដាល់​នៅ​បឹង​ស្នោ​​កក្រើក​​ផ​ង​ដែរ​នោះ គឺ​ការ​ប្រកួត​​រវាង​កីឡា​ករ​វង្ស ណយ មក​ពី​ក្លិប​​កង​ពល​តូច​លេខ​៣១ និង​គូ​សង​សឹក​របស់​ខ្លួន​​គឺ​​​​កីឡា​ករ​​ពុទ្ធ ឆាយ​រិទ្ធី មក​ពី​ក្លិប​ពុទ្ធ​​សេរីវ​ង្ស​កីឡា ។ គូ​​ប្រកួត​​ទាំង​ពីរ​នេះ​​ថ្វើ​បើ​​នៅ​​ទឹក​ដំបូង​​បាន​​ធ្វើ​​ឱ្យ​​អ្នក​​ទស្សនា​ខក​ចិត្ត​ ព្រោះ​​តែ​​អត់​វាយ​គ្នា​ចាញ់​​ការ​​ឡើង​រេញ​​របស់​កីឡា​ករ​ផាន់ គ្រាន់ និង​ផាន់ សុវណ្ណ ប៉ុន្តែ​ឈាន​​ដល់​ទឹក​ទី​២ ពួក​គេ​​បាន​ចាប់​ផ្តើម​​វាយ​ស​ម្រុក​​គ្នា​​ធ្វើ​​ឱ្យ​អ្នក​ទស្សនា​​ជក​់​ចិត្ត​​ស្រែក​​ហ៊ោ​​ហើប​​គូទ​ពី​កៅ​​អី​​ ។ ទី​បំផុត​​កីឡា​ករ​វង្ស ណយ ដែល​មិន​​អាច​ទ្រាំ​​នឹង​ការ​ព្រមាន​​ពី​​អ្នក​​រៀប​ចំ​កម្ម​វិធី​​ដដែល​ៗ​​បាន​​ក៏​បាន​ស្ទុះ​វាយ​​សម្រុក​​លើក​ីឡា​ករ​​ពុទ្ធ ឆាយ​រិទ្ធី ធ្វើ​​ឱ្យ​កីឡា​ករ​​រូប​នេះ​ដួល​​ផ្ងារ​ជើង​​សន្លប់​​ភ្លឹង​​តែ​ម្តង រហូត​រាប់​​ដល់​​១០​​នៅ​ចុង​ទឹក​ទី​​៣ ។

ការ​សន្លប់​​របស់​កីឡា​ករ​​ពុទ្ធ ឆាយ​រិទ្ធី លើក​នេះ​កំពុង​ធ្វើ​​ឱ្យ​កីឡា​ករ​វង្ស ណយ ដែល​ធ្លាប់​​សន្លប់​ក្រោម​​ដៃ​ខ្លួន​​រួច​ម្តង​​នោះ កាន់​តែ​​សាង​មុខ​មាត់​​ ហើយ​​បង្កើត​ប្រវត្តិ​​សាស្ត្រ​វាយ​​កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី ឱ្យ​សន្លប់​​២​លើក​ក្នុង​​ជំនួប​​ប្រកួត​​គ្នា​​ទាំង​៣​លើក​​ ។ ទោះ​យ៉ាងណា ការ​ភ្លាត់​​ស្នៀត​​របស់​​កីឡា​ករ​ពុទ្ធ ឆាយ​រិទ្ធី ដែល​បណ្តោយ​​ឱ្យ​កីឡា​ករ​​វង្ស ណយ មា៉ាត់​មួយ​​ទំហឹង​​ចំ​កណ្តាល​មុខ​​រហូត​​ងើប​លែង​រួច​នៅ​​ចុង​ទឹក​ទី​៣​នេះ ត្រូវ​​គេ​មើល​ឃើញ​ថា បណ្តាល​​មក​ពី​កីឡា​​ករ​រូប​នេះ​​ខ្លាច​​ៗ​ និង​​ចាញ់​​ការ​សម្លុត​​របស់​គូ​ប្រកួត​​ ហើយ​មិន​ហ៊ាន​វាយ​​សម្រុក​​លើ​កីឡា​ករ​វង្ស​ ណយ ច្រើន​ជាង​​ ដោយ​សូម្បី​តែ​ពេល​នោះ​ វង្ស ណយ អត់​ទាំង​​មាន​ផ្លែ​ដៃ ផ្លែ​ជង្គង់​ណា​មួយ​​ឱ្យ​ល្អ​​ទាល់​តែ​សោះ​ផង​នោះ ។

ចំពោះ​គូ​​ប្រកួត​ដទៃ​​ទៀត កីឡា​ករ​​ចាន់ ឡហាន មក​ពី​ក្លិប​​​និរោធ​​មាន​ជ័យ ប្រកួត​​ឈ្នះ​ពិន្ទុ​ កីឡា​ករ​មាន​ វុទ្ធី មក​ពីក្លិប​​​យុវ​ជន​​កម្ពុជា​មាន​ជ័យ ។ កីឡា​ករ​សេង កំសត់​ មក​ពី​ក្លិប​​ខេម​រិន្ទ​មាន​ឫទ្ធិ ត្រូវ​គណៈ​កម្ម​ការ​​ប្រកាស​​ឱ្យ​ចាញ់​ការ​​ប្រកួត​លើ​កីឡា​ករ​​ម៉ន ភីរម្យ មក​ពី​ក្លិប​​​ព្រែក​ឯង​កីឡា នៅ​​ចុង​ទឹក​ទី​​៣​តែម្តង បន្ទាប់​​ពី​​កីឡា​ករ​រូប​នេះ​​ជ្រុល​ដៃ​​ប្រើ​ស្នៀត​​លើ​គូ​ប្រកួត​​ធ្វើ​​ឱ្យ​គេ​សន្លប់​​ក្នុង​ពេល​ដួល​​ខុស​លក្ខន្តិ​កៈ ។ ចំណែក​ឯ​គូ​​ចុង​ក្រោយ​​គឺ​កីឡា​ករ​ផាន់ គ្រាន់ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ឈ្នះ​ពិន្ទុ​​កីឡា​​ករ​​រៀម​​ច្បង​​ផាន់ សុវណ្ណ មក​ពី​ក្លិប​មិត្ត​ប៉ូលិស ដែល​​ការ​​ប្រកួត​រវាង​​ពួក​គេ​​ទាំង​ពីរ​នេះ​​ក៏​បាន​ទទួល​សម្រែក​ហ៊ោកញ្ជ្រៀវ​​មិន​ចាញ់​​​ការ​ឡើង​​រេញ​​របស់​​កីឡា​ការិនី​​សូយ សុធា និង​ វី អុិច នា​ឱ​កាស​​នោះ​ដែរ ៕