បារាំងស្នើឱ្យដោះលែងយុវជនអ៊ីរ៉ង់ម្នាក់ជាប់ចោទពីបទរួមភេទដូចគ្នា
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១២
ក្នុងសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសរបស់ខ្លួនប្រទេសបារាំងបានស្នើកាលពីថ្ងៃទី១ កញ្ញាឱ្យដោះលែងយុវជនអ៊ីរ៉ង់ម្នាក់ជាប់ចោទពីបទរួមភេទដូចគ្នា ហើយត្រូវអ៊ីរ៉ង់កាត់ទោសប្រហារជីវិត ។ បារាំងបានបរិហារពីការធ្លាក់ចុះដុនដាបជានិច្ចនូវសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ ។ លោកប៊ែរណាត វ៉ាឡឺរ៉ូ អ្នកនាំពាក្យរបស់ក្រសួងការបរទេសបារាំងគូសបញ្ជាក់ថា ប្រទេសបារាំងសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោសប្រហារជីវិតយុវជនអ៊ីរ៉ង់អាយុ១៨ឆ្នាំម្នាក់ឈ្មោះតាព្រីសអ៊ីប្រាហ៊ីម ហាមីឌី ដែលទទួលការចោទប្រកាន់ពីបទរួមភេទដូចគ្នា ។ យើងថ្កោលទោសចំពោះការសំរេចចិត្តបែបនេះដែលត្រូវឱ្យប្រមូលផ្តុំមនសិការរបស់អន្តរជាតិប្រឆាំងនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សដោយគ្រាន់តែឥរិយាបថរួមភេទនៅអ៊ីរ៉ង់ដែលឥរិយាបថបែបនេះគេអនុវត្តគ្រប់កន្លែង ។ ក្រសួងការបរទេសបារាំងអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ង់ឱ្យដោះលែងបុរសឈ្មោះត្រាព្រីស អ៊ីប្រាហ៊ីម ហាមីឌីនេះ ហើយគោរពច្បាប់អន្តរជាតិទាំងឡាយ ។
អ្នកនិពន្ធបារាំង និងឥស្សរជនពិភពវប្បធម៌ចំនួន២០នាក់ កាលពីថ្ងៃទី៣១ សីហា កន្លងមកនេះ បានចេញការអំពាវនាវមួយឱ្យដោះលែងយុវជនអ៊ីរ៉ង់រូបនេះ ដែលការអំពាវនាវនោះធ្វើឡើងតាមរយៈកាសែតបារាំង LE MONDE ។យោងតាមអ្នកទាំងនោះថា ការចោទប្រកាន់ពីបទបំពានរួមភេទនេះត្រូវបានគេបង្កើតឡើងក្រោយពីពាក្យសារភាពរបស់អ៊ីប្រាហ៊ីមដែលរងការធ្វើទារុណកម្ម ។ រូបគេនឹងស្លាប់ ប្រសិនបើយើងមិនប្រមូលកំលាំងគ្នាជួយទេនោះ ៕