កីឡាករ កីឡាការិនីហែលទឹកជនពិការត្រៀមចូលរួមប្រកួតនៅអាស៊ីហ្គេមលើកដំបូង
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៥:២១
សំអូន
កីឡាករ ហែលទឹកជនពិការជំរើសជាតិកម្ពុជា
រាជធានីភ្នំពេញ ៖ កីឡាករ កីឡាការិនី ហែលទឹកជនពិការជំរើសជាតិកម្ពុជា បានត្រៀមបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅក្នុងព្រឹត្ដិការណ៍នៃការប្រកួតកីឡាអាស៊ីហ្គេមនៅប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ ។គណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានត្រៀមបញ្ជូនកីឡាករ កីឡាការិនី ហែលទឹកចំនួន៣រូប ក្នុងនោះមាននារី២រូប ដើម្បីទៅចូលរួមក្នុងព្រឹត្ដិការណ៍ដ៏ធំមួយនៅខេត្ដក្វាងចូវ ប្រទេសចិន ដែលនឹងត្រូវធ្វើឡើង នៅចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៩ ធ្នូ ខាងមុខ នេះ ។
លោកយី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយកប្រតិបត្ដិមជ្ឈមណ្ឌលជាតិនៃជនពិការ បានប្រាប់កោះសន្ដិភាពថា ចាប់តាំងពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដំណើរការរហូតមកទល់ពេលនេះ គឺមានចំនួន២៦លើករួចមកហើយ ដែលកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជនពិការ លើវិញ្ញាសាផ្សេងៗក្រៅពីហែលទឹក ឱ្យទៅចូលរួមប្រកួតនៅលើឆាកអន្ដរជាតិ ។ គឺមានតែម្ដងគត់ដែលគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនកីឡាករ យក់ ស្រេង ឱ្យទៅចូលរួមប្រកួតហែលទឹកចំងាយ១០០ម៉ែត្រនៅប្រទេសម៉ាឡេស៊ីក្នុងទ្រង់ទ្រាយតូច ហើយទទួលបានមេដាយសំរឹទ្ធិ ។
លើកនេះគឺជាព្រឹត្ដិការណ៍នៃការប្រកួតធំបំផុត ដែលមានបណ្ដាប្រទេសនៅអាស៊ីចូលរួមជាង៤០ ហើយកម្ពុជាក៏បានត្រៀមបញ្ជូន កីឡាករ កីឡាការិនី លើវិញ្ញាសាផ្សេងៗទៀត ដូចជាហែលទឹក បាល់ទះអង្គុយលើរទេះ និងអត្ដពលកម្មផងដែរ ដែលសរុបទាំងអស់មានចំនួន២៨នាក់ ។ ហើយវិញ្ញាសាទាំងអស់គឺត្រូវធ្វើការប្រកួតជ្រើសរើសជាក់ស្ដែង ដើម្បីរកកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់សំរាប់ទៅចូលរួមប្រកួតជាមួយគេ ។ ប៉ុន្ដែពេលនេះ យើងនៅមិនទាន់ដឹងជាផ្លូវការពីកីឡាករ កីឡាការិនីណាខ្លះដែលត្រូវចាត់បញ្ជូនឱ្យទៅចូលរួមប្រកួតនោះទេ។
លោកយី វាសនា បានបញ្ជាក់បន្ថែមទៀតថា សមត្ថភាពកីឡាករ កីឡាការិនីរបស់ យើងនៅមិនទាន់ស្មើគេនៅឡើយទេ ព្រោះថានៅក្នុងព្រឹត្ដិការណ៍ដ៏ធំបែបនេះ គឺយើងពិបាកក្នុងការដណ្ដើមយកមេដាយបន្ដិចហើយ ។ ប៉ុន្ដែគេនៅចាំបានថា ក្នុងព្រឹត្ដិការណ៍នៃការប្រកួតក្របខណ្ឌអាស៊ានកាល ពីឆ្នាំមុននៅប្រទេសម៉ាឡេស៊ី កីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយមាសប្រាក់ និងសំរឹទ្ធិយ៉ាងច្រើនហួសពីការស្មាន ដូច្នេះលើកនេះក៏យើងនៅតែមានជំនឿចិត្ដផងដែរ ដ្បិតអីកីឡាករ កីឡាការិនីជនពិការរបស់ យើងម្នាក់ៗបានបង្ហាញនូវការតាំងចិត្ដក្នុង ការដណ្ដើមយកមេដាយជូនជាតិឱ្យទាល់តែបាន ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏ បានចេញអនុក្រឹត្យផ្ដល់ប្រាក់រង្វាន់លើកទឹក ចិត្ដយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កីឡាករ កីឡាការិនីគ្រប់វិញាសាទាំងអស់ ទាំងកីឡា ជនពិការក៏ ដូចជាមិនពិការដែលទទួលបាន មេដាយនៅក្នុងការប្រកួតលើឆាកអន្ដរជាតិ។ លោកយី វាសនា បានបញ្ជាក់បន្ថែមទៀត ថា បច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន បាន និងកំពុងយកចិត្ដទុកដាក់លើកស្ទួយវិស័យ កីឡាយ៉ាងខ្លាំង ជាពិសេសកីឡាជនពិការ។ រាជរដ្ឋាភិបាលតែងតែបានលើកកំពស់សិទ្ធិ សេរីភាពជនពិការឱ្យមានភាពស្មើគ្នាជាមួយ ជនមិនពិការដែលអាចធ្វើអ្វីបានទាំងអស់ ហើយអាចឈានទៅចូលរួមប្រកួតនៅលើ ឆាកអន្ដរជាតិដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិមកជូនជាតិផងដែរ ៕