ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​​បង្ហាញ​បេក្ខ​ភាព​​​ទៅ​ប្រកួត​នៅ​ឡាវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​​​ការ​ប្រកួត​​ក្រប​ខណ​​្ឌ​អាសា៊ាន​​​​​ក្រោម​ប្រធាន​​បទ​សាកល​វិទ្យាល័យ​អាស៊ាន​​លើក​ទី​​១៦(16th ASEAN  University  Games-AUG​)​ ដែល​ត្រូវ​ធ្វើឡើង​​​ក្នុង​ប្រទេស​​ឡាវ​​ និង​គ្រោ​ង​​​ចាប់​ផ្តើម​​​នៅ​ថ្ងៃទី​​​១២ ធ្នូ​​​ ឆ្នាំ​​២០១២នោះ ខាង​សហព័ន្ធ​​ប៊ូល និង​ប៉េតង់​​​បាន​អះ​អាង​ថា ​​បាន​កំណត់​​​​​បេក្ខ​ភាព​​កីឡាករ​​ កីឡា​ការិនី​ ដែល​អាច​ចូល​រួម​​​​ក្នុង​ព្រឹត្តិ​ការណ៍​​​​ថ្នាក់​​អន្តរ​ជាតិ​​​មួយ​នេះ​រួច​រាល់​ហើយ ។ តំណាង​សហព័ន្ធ​​និយាយ​ថា ​​បេក្ខ​ភាព​​​​នោះ​មាន​ចំនួន​​​៥រូប​ដែល​សុទ្ធ​សឹង​ជា​ធន​ធាន​​និស្សិត​​​ស្រប​តាម​​​លក្ខ​ខណ្ឌ​​នៃការ​ប្រកួត​​​ទាំង​អស់​ ។

​​នៅ​អំឡុ​ង​​​ចុង​ឆ្នាំ​២០១២​​​នេះ​ប្រទេស​ក្នុង​សមាគម​អាស៊ាន​​​នឹង​ធ្វើការ​​ប្រកួត​​កីឡា​ក្នុង​​​ក្រប​ខណ្ឌ​​​និស្សិត​​​​លើក​ទី១៦ ​ក្នុង​​ប្រភេទ​​​កីឡា​មួយ​ចំនួន​ដូចជា​​​អត្ត​ពល​កម្ម​ វាយសី​ បាល់​បោះ​ បាល់​ទាត់​ យូដូ ការ៉ាតេ​ដូ ​​សីប៉ាក់​​តាក្រ ហែល​ទឹក​ តេក្វាន់​ដូ វាយ​កូន​​​ឃ្លី​លើ​តុ​ វាយ​កូន​​បាល់​ កីឡា​​បាល់​ទះ​ វូស៊ូ ​បាញ់​ធ្នូ ប៉េតង់​ និង​អុក​ជាដើម​​ ។ កីឡាករ​​កីឡាការិនី​​​ដែ​ល​អាច​ចូល​រួម​​​ក្នុង​ព្រឹត្តិ ការណ៍​​នេះ​គឺ​លុះ​ត្រា​តែ​​​ជា​និស្សិត​​​ដែល​មាន​ឈ្មោះ​​​រៀន​នៅក្នុង​​​មហា​វិទ្យាល័យ​​​ ហើយ​ជា​កីឡាករ​​​​កីឡាការិនី​​ជម្រើស​ជាតិ​​តំណាង​ឱ្យ​ប្រទេស​​​នីមួយ​ៗ​ ដោយ​​ផ្តល់​ការ​អនុញ្ញាតឱ្យ​តែ​បេក្ខ​ភាព​​​ដែល​មាន​ឈ្មោះ​​​ជានិស្សិត​​​យ៉ាង​ច្រើន​​​ត្រឹម​និស្សិត​​បញ្ចប់​ឆ្នាំ​ទី​​៤ សម្រាប់​​​ឆ្នាំ​សិក្សា​​​២០១១-​២០១២​​មុន​នេះ ។

អញ្ចឹង​ហើយ​​​​​ទើប​ប្រទេស​​​កម្ពុជា​​​មាន​លទ្ធភាព​​អាច​បញ្ជូន​​កីឡាករ​​​​កីឡាការិនី​ ដែល​ស្ថិត​​ក្នុង​ក្រប​ខណ្ឌ​​និស្សិត​​មហា​វិទ្យាល័យ​​បែប​នេះ​​ បាន​តែ​​​៦​ប្រភេទ​​​កីឡាឱ្យ​​ចូល​រួម​​​ប្រកួត ។ កីឡា​​ទាំង​​៦​ប្រភេទ​​​នោះ​រួម​មាន​​​ តេ​ក្វាន់​​ដូ​៣រូប វាយកូន​​​បាល់​​​៣​រូប ​​យូដូ​​​២​រូប​ វាយ​កូន​ឃ្លី​លើ​តុ​​២​រូប​ អត្ត​ពល​​កម្ម​​២​រូប​ និង​ប៉េ​តង់​​​៥​រូប ។ ដោយ​ឡែក​​​ចំពោះ​​សហព័ន្ធ​​​ប៊ូល​ និង​ប៉េ​តង់​​​បាន​កំណត់​​រួច​ហើយ​​ចំពោះ​​បេក្ខ​ភាព​​​កីឡាករ​​​ កីឡាការិនី​​ដែល​គ្រោង​​ចេញ​ប្រកួត​​តំណាង​ជាតិ​​​នៅក្នុង​​ប្រទេស​ឡាវ​​នោះ ។

​​លោក​ឯម ​ហៀង​ អគ​្គ​លេខាធិការ​​​រង​សហព័ន្ធ​​​កីឡា​ប៊ូល និង​ប៉េតង់​​កម្ពុជា​ បានប្រាប់​កោះ​សន្តិ​ភាព​​​​ឱ្យ​ដឹងថា កីឡាករ​​កីឡា​ការិនី​​​ក្នុង​ក្រ​ប​ខណ្ឌ​​​និស្សិត​ ដែល​ត្រូវ​​​កំណត់​​ឈ្មោះ​ឱ្យ​​ចេញ​ទៅ​ចូលរួម​​នោះ​រួម​មាន​​ កីឡា​​ការិនី​​ឌួង ឌីណា អាយុ​​​​២៣​ឆ្នាំ ជានិស្សិត​​ឆ្នាំ​ទី​​៤ ត្រៀម​បញ្ចប់​​ផ្នែក​ច្បាប់​​ កីឡា​ការិនី​​ឈិន ស្រី​ពេជ្រ​ អាយុ​១៩​ឆ្នាំ​ជានិស្សិត​ឆ្នាំ​ទី​១​ ផ្នែក​សិល្បៈ​​​ កីឡា​ការិនី​​ម៉ៃ រតនា​ អាយុ​​២០​ឆ្នាំ ជានិស្សិត​​ឆ្នាំ​ទី​១ ផ្នែក​ទេស​ចរណ៍​​ កីឡា​ករ​ម៉ី សុភ័ក្ត្រ​​ និង​កីឡាករ​ឯក​ ណារ័ត្ន​ ​អាយុ​២៤​ឆ្នាំ​ដូចគ្នា​ ជានិស្សិត​​ឆ្នាំ​ទី​៤ ផ្នែក​ធនាគារ​​ ។ លោកមាន​ប្រសាសន៍​ថា ក្នុង​ចំណោម​បេក្ខភាព​ដែល​ត្រូវ​​​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ​​​​​ទាំង​​៥​រូប​​នេះ​មាន​តែកីឡាការិនី​​៣​រូប​​ខាង​ដើម​​ប៉ុណ្ណោះដែល​មាន​ឈ្មោះ​ជា​ជម្រើស​​​ជាតិ​រួច​​ស្រេច​ ចំណែកកីឡា​ករ​​​២នាក់​​​ចុង​ក្រោយ​​​គ្រាន់​តែ​​ត្រៀម​​​បញ្ចូល​ជា​ជម្រើស​​ជាតិ​នៅ​អំឡុង​​ខែ​កញ្ញា​ និង​តុលា​​ខាង​មុខ​តែ​ប៉ុណ្ណោះ។ ​

លោក​បញ្ជាក់​ថា ​សហព័ន្ធ​​ប៊ូល និង​ប៉េតង់​​នេះ​មាន​កីឡាករ​កីឡាការិនី​​​ជម្រើស​ជាតិ​​សរុប​​ស្រី​១២​នាក់​ ប្រុស​​១២នាក់​ ប៉ុន្តែ​​​ភាគ​ច្រើន​ពួកគេ​​​មាន​វ័យ​​ច្រើន​ហើយ​មិនមែន​ជា​និស្សិត​​ ទើប​កាល​ពី​​​​ព្រឹត្តិការណ៍​​ប្រកួត​​​លើកទី​​​១៥ មិនមាន​​កីឡា​​​ករ​កីឡាការិនី​​ផ្នែក​ប៊ូល និង​ប៉េតង់​​ចូល​រួម​ទេ ។ សហ​ព័ន្ធ​ប៊ូល និង​ប៉េតង់​​ទើប​តែ​មាន​​ឱកាស​ចេញ​ប្រកួត​​ក្នុង​កម្មវិធី​​នេះ​ជាលើកទី​១​ប៉ុណ្ណោះ បើ​ទោះ​ការ​ប្រកួត​​ថ្នាក់​សាកល​វិទ្យាល័យ​អាស៊ាន​​នេះ​កម្ពុជា​បាន​ចូល​រួម​​ចំនួន​​៣​លើក​​រួច​​មក​ហើយ​​ដោយសារ​តែ​ខ្វះ​ធន​ធាន​អ្នក​ចេញ​ប្រកួត​ ។ អញ្ចឹង​ហើយ​​​ទើប​ខាង​​សហព័ន្ធ​កំពុង​​បង្កើន​​​ការ​បំផុស​​ឱ្យ​មាន​សិស្ស​​​​ និង​និស្សិត​​ចូល​​ហ្វឹក​​ហាត់​ ក្លាយជា​ជម្រើស​​​​ជាតិ​នៅក្នុង​​​សហព័ន្ធ​ផ្នែក​នេះ​​ឱ្យ​កាន់​តែ​ច្រើន​​ ដើម្បី​អាច​បញ្ជូន​​ពួកគេ​​ឱ្យចេញ​ប្រកួត​​​បើ​មានការ​​​ស្នើ​​ឡើង​ពី​​​គណៈ​កម្មការ​​សហព័ន្ធ​កីឡា​​​អន្តរជាតិ​ ។

លោក​មាន​ជំនឿថា​​ ការ​កំណត់​​​បេក្ខ​ភាព​ទាំង​​​៥​រូប​​​ដែល​​សុទ្ធសឹង​​​ជានិស្សិត​​​ឱ្យ​ចូល​ប្រកួត​នេះ​​នឹង​ទទួល​​បាន​ជោគ​ជ័យ​​​ត្រឡប់​មក​វិញ​ ​បើ​ទោះ​ជា​​​ក្នុង​ចំណោម​​​ទាំង​​៥​រូប​នោះ​គឺមាន​​​តែ​កញ្ញា​ឌួង ឌីណា​​ ម្នាក់​​​ប៉ុណ្ណោះ​​ដែ​ល​ធ្លាប់​ចេញ​​ទៅ​ប្រកួត​​​នៅ​ក្រៅ​​​ស្រុក​ និង​បាន​ទទួល​​​មេដាយ​​ប្រាក់​​នៅស៊ីហ្គេម​​ឥណ្ឌូណេស៊ី​​ កាល​ពី​ឆ្នាំ​២០១១​កន្លង​​ទៅ​ ។ ​

លោកឯម ហៀង​ មាន​ប្រសាសន៍​ថា លោ​ក​ពិត​ជា​​មាន​មោទនភាព​​​​ដែលក្នុងឆ្នាំ​​នេះ​​ កម្ពុជា​មាន​​​លទ្ធភាព​​​បញ្ជូនកីឡាករ​​​កីឡាការិនី​​​ដែល​ជា​និស្សិត​​រហូតដល់​​​​​​៦​ប្រភេទ​​កីឡាស្មើ​នឹង​​១៧​នាក់​ ឱ្យចេញ​​​ទៅ​ប្រកួត​​​កីឡាថ្នាក់​​​​អាស៊ាន​​​ក្នុង​ក្រប​ខណ្ឌ​​​សាកល​វិទ្យាល័យ​​នេះ ។ លោកមាន​ជំនឿ​​ថា ​ផ្នែក​ប៉េតង់់​របស់​លោក​នឹង​ទទួល​​ផ្លែផ្កា​​​ពីកម្មវិធី​នេះ​​ដោយ​សំអាង​ថា ​ធនធាននិស្សិត​​ដែល​បាន​កំណត់​​​​មុខ​សញ្ញា​ឱ្យ​ចេញ​ទៅ​ប្រកួត​​នោះ​គឺ​សុទ្ធ​​​តែ​ជា​កីឡា​ករ​កីឡាការិនី​​​​មាន​ទេព​កោសល្យ​​ និង​មាន​ស្នាដៃ​​​ក្នុង​ស្រុក​រាប់​​​មិន​អស់​​​រួច​មក​ហើយ​ បើ​ទោះ​​​ជា​ពួក​គេ​​ទើប​តែ​សម្រេច​​​ចិត្ត​ទទួល​យក​​ការ​បញ្ចូល​​​ជាកីឡាករ​​​ជម្រើស​ជាតិ​ក្តី ។

រហូត​មក​ទល់​ពេល​​នេះ​កីឡាករ​កីឡាការិនី​​ទាំង​​៥​រ​ូប​​​ កំពុង​​​បង្កើន​ការ​ហ្វឹក​ហាត់​ដុស​ខាត់​​សមត្ថ​ភាព​​​​​កាន់​តែ​ខ្លាំង​ ដើម្បី​ឱ្យ​ការ​ចេញ​ទៅ​ប្រកួត​​​លើកទី​១​ របស់់​សហ​ព័ន្ធ​​​ប៊ូល និង​ប៉េតង់​​នេះ​បាន​ទទួល​​​ជោគ​ជ័យ​ដូច​នៅ​ស៊ី​ហ្គេម​​​ឆ្នាំមុន ហើយ​ចាប់​ពី​ខែ​តុលា​​​ទៅ​ការ​​ប្រមូល​ផ្តុំ​​គ្នា​​ធ្វើការ​ហ្វឹក​ហាត់​ នឹង​មាន​​សកម្ម​ភាព​​​កាន់​តែ​​ផុស​ផុល​ថែម​ទៀត​ ៕