Felipe Massa៖ អនាគតក្នុងក្រុម Ferrariរបស់ខ្ញុំអាស្រ័យលើលទ្ធផលនៅពាក់កណ្តាលរដូវកាលទី២
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៥:០៤
គេហទំព័របរទេស
កីឡាករប្រេស៊ីល Felipe Massa
Felipe Massaមានជំនឿចិត្តថា ខ្លួននឹងនៅតែអាចបើកបរឱ្យក្រុម Ferrariរហូតដល់ឆ្នាំក្រោយបើទោះបីជាក្នុងពេលថ្មីៗនេះ គេបានទទួលស្គាល់ថា រូបគេចាំបាច់ត្រូវតែកែលំអសមត្ថភាពបើកបររបស់ខ្លួនក៏ដោយ ។ ការប្រណាំងប៉ុន្មានលើកចុងក្រោយនេះ Massaធ្វើបានល្អគួរសម ប៉ុន្តែគេបានទទួលស្គាល់ថា មានតែដណ្តើមឱ្យបានលទ្ធផលល្អនៅក្នុងពាក់កណ្តាលរដូវកាលប្រណាំងទី២ប៉ុណ្ណោះទេដែលអាចជួយឱ្យរូបគេអាចបន្តកុងត្រាជាមួយក្រុម Ferrariតទៅទៀតបាន ។
កីឡាករប្រេស៊ីលរូបនេះបាននិយាយថា៖«ចុងបញ្ចប់ បញ្ហាដ៏សំខាន់បំផុតគឺវាអាស្រ័យលើលទ្ធផលប្រណាំង ។ នោះគឺជារឿងចាំបាច់បំផុតសម្រាប់កីឡាករគ្រប់គ្នា ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរនៅតង់ទី២នៃរដូវកាលប្រណាំង ខ្ញុំចាំបាច់ត្រូវតែរៀបចំខ្លួនហើយបញ្ចប់ការប្រណាំងនៅលំដាប់លើគេ »។Massaបានប្រកាសថា ខ្លួនបានចរចាបញ្ហាធ្វើកុងត្រាថ្មីរួចជាស្រេចហើយជាមួយក្រុម Ferrari ប៉ុន្តែមិនរំពឹងថានឹងមានលទ្ធផលភ្លាមៗនោះទេ »។
គេបានបន្តថា ៖«ការពិភាគ្សាបានចាប់ផ្តើមជាយូរមកហើយ តែមកទល់នឹងពេលនេះមិនទាន់មានអ្វីផ្លាស់ប្តូរឡើយ »។
នៅក្នុងការប្រណាំងចំនួន១១ជុំកន្លងទៅនេះ Massaមិនទាន់អាចដណ្តើមបានជើងឯកម្តងណាឡើយ ។ អ្វីដែលអាក្រក់ជាងនេះនោះគឺ គេបញ្ចប់ការប្រណាំងក្រៅចំណាត់ថ្នាក់លេខ១០ចំនួន៦លើក ។ លទ្ធផលដ៏ល្អបំផុតរបស់គេក្នុងឆ្នាំនេះគឺដណ្តើមបានចំណាត់ថ្នាក់លេខ៥កម្មវិធី British Grand Prix ។
Massaមិនអាចដណ្តើមបានចំណាត់ថ្នាក់ជ័យលាភី(លេខ១ដល់លេខ៣)ចាប់តាំងពីការប្រណាំងក្នុងកម្មវិធី Korean Grand Prixឆ្នាំ២០១០មកម្លេះ ។ ជ័យជម្នះចុងក្រោយរបស់គេគឺក្នុងកម្មវិធី Brazilian Grand Prixឆ្នាំ ២០០៨ ។ក្រុម Ferrariបានរងសម្ពាធយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្ររបស់ខ្លួនក៏ដូចជាពីបណ្តាញផ្សព្វផ្សាយព័ត៌មានអុីតាលីឱ្យរកកីឡាករជំនួស Massa ។ យ៉ាងណាក៏ដោយស្ថានការណ៍ហាក់ដូចជាធូរស្បើយបន្តិច ខណៈការប្រណាំងក្នុងពេលថ្មីៗនេះ គេធ្វើបានលទ្ធផលល្អគួរសម ៕