ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ទំនើង​២នាក់​ជិះ​ម៉ូតូ​បើក​ស៊ីរ៉ែន​តាម​ផ្លូវ​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ យុវជន​ទំនើង​​២​នាក់​ត្រូវបាន​កម្លាំង​​ប៉ូលិស​​ស្រុក​អង្គ​ស្នួល សហ​ការ​ជា​មួយ​កម្លាំង​​ប៉ូលិស​ប៉ុស្តិ៍​​ដំណាក់​អំពិល​​ និង​ប៉ុស្តិ៍​​លំហាច​ចាប់​ឃាត់​ខ្លួន​​ ​បន្ទាប់​ពី​​ពួក​គេ​​ជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​មួយ​​គ្រឿង​ឌុប​​គ្នា រួច​​បើក​សំឡេង​ស៊ីរ៉ែន​​លាន់​ឮ​កង​រំពង​​បង្ក​ការភ្ញាក់​ផ្អើល​តាម​ដង​ផ្លូវ​​ពេល​យប់ ។

ហេតុការណ៍​​នេះ​បាន​កើតឡើង​​​កាល​ពីវេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​២៦ សីហា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤១ ស្ថិត​ក្នុង​ភូមិ​ទូក​រទេះ ឃុំ​លំហាច ស្រុក​​អង្គ​ស្នួល។ ​ជន​ទំនើង​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​ប៊ី វណ្ណៈ ​អាយុ​២៣ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​តាំង​ឫស្សី ឃុំ​​ធម្ម​តាអរ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ និង​ម្នាក់​​ទៀត​ឈ្មោះ​អឿន វុទ្ធី អាយុ​១៨​ឆ្នាំ ​មា​នទីលំនៅភូមិ​ក្រាំង​​ស្វាយ ឃុំធម្មតា​អរ ស្រុក​សំរោង​ទង ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង​​ម៉ាកឌ្រីម​​សេ​១២៥ ស៊េរី​​២០០៥ ​ពណ៌​ខ្មៅ ឡើង​ស៊េរី​២០១២ ​ដែល​ម៉ូតូ​នេះ​​មាន​បំពាក់​ស៊ីរ៉ែន​ផង​ដែរ ។

ស​មត្ថ​កិច្ច​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​យុវ​ជន​ទំនើង​ទាំង២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​​ខាង​លើ​ឌុប​គ្នា​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ លុះពេល​ទៅដល់​​ត្រង់​​មុខ​ផ្សារ​​បែកចាន ស្ថិតក្នុងភូមិ​បែកចាន ឃុំ​បែកចាន ពួក​គេ​បាន​បើក​ស៊ីរ៉ែន​​ធ្វើ​ឱ្យ​មាន​​សំឡេង​លាន់​​កង​រំពង​ដូច​ជា​ស៊ីរ៉ែន​​ក្បួន​រថយន្ត​ថ្នាក់​ដឹក​នាំដែល​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល និង​ខូច​សណ្តាប់ធ្នាប់​​​នៅ​ពេល​យប់ ឃើញ​ដូច្នេះ​​ប៉ូលិស​ក៏​ចេញ​​បង្ក្រាប​​ចាប់​​ឃាត់​​ខ្លួន​តែ​​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕