រាជធានីភ្នំពេញ ៖ អ្នកមើលការបុរីមួយ ២នាក់បងប្អូនក្នុងចំណោមបក្សពួកប្រមាណជិត១០នាក់ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ សីហា ២០១២ ខណៈពេលប្រើហិង្សាចូលកាប់ទៅលើគូទំនាស់ដល់ក្នុងផ្ទះបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ រួចរត់ចូលទៅក្នុងបុរី ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ការចាប់ខ្លួននេះគឺរយៈពេលប្រមាណជិត៣ម៉ោងក្រោយពីកើតមានអំពើហិង្សាកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៦ សីហា នៅផ្ទះលេខ៤៨ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ដោយក្រុមកម្មករបានធ្វើការគំរាមកំហែងមកលើសមត្ថកិច្ច ។
ជនដៃដល់ដែលត្រូវចាប់ខ្លួន ១-ឈ្មោះទេព រី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកមើលការខុសត្រូវក្នុងបុរីមួយ ២-ឈ្មោះអាំ ពៅ ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២ជាបងប្អូន នឹងគ្នា មានទីលំនៅភូមិប្រសូត ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះឈ្មោះគៀង ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកបកប្រែក្នុងក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅផ្ទះលេខ៤៨ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រងរបួសក្បាលពីក្រោយចិញ្ចើម និងមាត់ធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។
តាមស្ត្រីឈ្មោះជា ដានី ត្រូវជាប្រពន្ធជនរងគ្រោះឱ្យដឹងថា ក្រុមជនបង្កមានបក្សពួកប្រមាណជិត១០នាក់បានចូលទៅវាយ និងកាប់មកលើប្តីរបស់គាត់ នឹងពូថៅដល់ក្នុងផ្ទះបន្ទាប់ពីមានទំនាស់គ្នា រឿងជននោះចតម៉ូតូបាំងផ្លូវ ហើយប្តីរបស់គាត់ទៅប្រាប់ ។ បន្ទាប់ពីកាប់បង្ករបួស ហើយជននោះរត់ចូលទៅក្នុងបុរីត្រូវសមត្ថកិច្ចរាយការណ៍ទៅព្រះរាជអាជ្ញាចូលចាប់ខ្លួនបានតែម្តង៕





ចែករំលែកព័តមាននេះ