នគរបាលព្រហ្មទណ្ឌតាមប្រមាញ់ចាប់ចោរប្លន់៦នាក់ដែលមានកាំភ្លើងអាកា
ដោយ ៖ឈិត គឹមឆុន
ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៣:៤៧
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបានសហការជាមួយកំលាំងនគរបាលស្រុកសំពៅលូនឡោមព័ទ្ធចាប់ក្រុមចោរប្លន់ប្រដាប់អាវុធភ្លាមៗ៥នាក់ជាបន្តបន្ទាប់កាលពីព្រលប់ថ្ងៃទី៦ កញ្ញា ២០១០ ខណៈពួកគេកំពុងផឹកស៊ីសប្បាយនៅចំណុចខ្ទមចំការមួយកន្លែងស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ហើយក្រោយមកតាមប្រមាញ់ចាប់បានបក្សពួកចោរម្នាក់ទៀតដែលមានកាំភ្លើងអាកាមួយដើមផង ។
តាមការផ្តល់ព័ត៌មានភ្លាមៗពីសមត្ថកិច្ចបានឱ្យដឹងថា ចំលើយបឋម ក្រុមចោរបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន៣លើកមកហើយ នៅស្រុកសំពៅលូន ដោយគិតចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងទៅ រហូតមកដល់ថ្ងៃទី៣ កញ្ញា ២០១០នេះ ។ ទោះជាបែបណានៅមិនទាន់មានរបាយការណ៍ពិស្តារស្តីពីសកម្មភាពរបស់ក្រុមចោរប្លន់ប្រដាប់អាវុធមួយហ្វូងនេះទេ។
សមត្ថកិច្ចបាននិយាយថា ខណៈពេលឡោមព័ទ្ធចាប់ខ្លួនពួកចោរដែលកំពុងផឹកស៊ីក្នុងខ្ទមចំការ មានចោរជើងខ្លាំងម្នាក់បានរត់គេចខ្លួនបាត់ពីទីនោះ ។ នៅវេលាព្រលប់នោះ មេឃងងឹតទៅហើយ សមត្ថកិច្ចបានផ្អាកប្រតិបត្តិការដោយរង់ចាំព្រឹកស្អែក ទើបតាមប្រមាញ់បក្សពួកចោរប្លន់ម្នាក់នោះបន្តទៀត ព្រោះគេមានប្រើប្រាស់កាំភ្លើងអាកាមួយដើមផង ដែលតាមដំណឹងថា កំពុងលាក់ខ្លួនក្នុងព្រៃចំការនៅតំបន់នោះ ។
មកដល់វេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៧ កញ្ញា ២០១០ ប៉ូលិសព្រហ្មទណ្ឌខេត្តបានផ្តល់ដំណឹងមកថា ចោរស្ពាយកាំភ្លើងអាកាដែលលាក់ខ្លួនក្នុងព្រៃនោះត្រូវចាប់ខ្លួនបានហើយ...ពេលនេះប៉ូលិសកំពុងតែសួរនាំ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕