ប្តីប្រមឹកចំកួតទាត់ប្រពន្ធ៣ជើងស្ទើរបែកថ្លើមត្រូវចាប់ខ្លួន
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:២៥
ចាន់ថេត
ជនអគតិប្រមឹកខួបឈ្មោះហាន រុន អាយុ៣៣ឆ្នាំ
ខេត្តកំពង់ចាម ៖ ជនអគតិប្រមឹកខួបឈ្មោះហាន រុន អាយុ៣៣ឆ្នាំ រស់នៅភូមិតាមាង ឃុំកោះមិត្ត ស្រុកកំពង់សៀម បានប្រើអំពើហិង្សាដោយទាត់ប្រពន្ធចំនួន៣ជើង កាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៦ កញ្ញា ២០១០ ជាហេតុបណ្តាលឱ្យស្ត្រីជាប្រពន្ធឈឺចុកចាប់ជាខ្លាំង នាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ។ ចំណែកប្តីកំណាចនេះក៏ត្រូវបានកំលាំងនគរបាលចាប់ខ្លួនផងដែរ ។ លោកអនុសេនីយ៍ឯក ចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀម បានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុបុរសប្រមឹកឈ្មោះហាន រុន ទៅផឹកស្រា.សជាមួយនឹងអ្នកភូមិក្បែរនោះកាលពីពេលល្ងាចថ្ងៃទី៦ កញ្ញា រហូតដល់ស្រវឹងធ្លាក់ភ្នែក ។ លុះពេលត្រឡប់មកផ្ទះវិញ បង្កជំលោះជាមួយស្ត្រីជាប្រពន្ធឈ្មោះឯម ភឿន អាយុ៣៧ឆ្នាំ រហូតផ្ទុះហិង្សាទាត់ប្រពន្ធចំនួន៣ជើង ត្រូវត្រង់ឆ្អឹងជំនីខាងស្តាំ ឡើងជាំ ។
លោកអធិការរងនគរបាលស្រុកកំពង់សៀម បានប្រាប់បន្តថា លុះរហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៧ កញ្ញា ស្រាប់តែប្រពន្ធចុកចាប់ក្នុងខ្លួនប្រាណ យ៉ាងខ្លាំង ហើយត្រូវបានសាច់ញាតិនាំមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។ អ្នករងគ្រោះត្រូវបានគ្រូពេទ្យបានវះកាត់យកឈាមកកចេញ បានទាន់ពេលវេលាផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែគ្រូពេទ្យនិយាយថា បានប៉ះពាល់លំពែង និងថ្លើមផងដែរ ។ ដោយអំពើរបស់ប្តីរូបនេះ កាចសាហាវពេក លោកអធិការរងបានបញ្ជាឱ្យប៉ុស្តិ៍រដ្ឋបាលឃុំកោះរកា តាមស្វែងរកចាប់ខ្លូនជនកំណាចនេះបាននាម៉ោង៨យប់ ថ្ងៃទី៧ កញ្ញា ស្របពេលបុរសនេះចូលមកលបមើលប្រពន្ធរបស់ខ្លួនកំពុងសំរាកព្យាបាលនៅអគារសង្គ្រោះក្នុងមន្តីរពេទ្យ ។
ចំពោះមុខសមត្ថកិច្ចបុរសឈ្មោះហាន រុន ឆើ្លយសារភាពថា កាលពីម៉ោង៤រសៀល ថ្ងៃទី៦ កញ្ញា ខ្លួនបានទៅផឹកស្រា.សជាមួយនឹងឈ្មោះឌុល ដែលមានផ្ទះនៅជាប់នឹងផ្ទះរបស់ខ្លួនអស់ស្រា១លីត្រកន្លះជាហេតុបណ្តាលឱ្យស្រវឹង ។ លុះពេលមកផ្ទះវិញឃើញប្រពន្ធយកសៀវភៅគ្រួសារទៅធានាឱ្យឈ្មោះហាន ឌុល ដើម្បីខ្ចីលុយពីអង្គការ ខឹងពេកក៏ទាត់ប្រពន្ធ៣ជើងទៅ ។ លោកអនុសេនីយ៍ឯក ចក់ សុខកៅ បានបញ្ជាក់ថា អំពើហិង្សាខាងលើនេះ ភ្លាមៗមិនបានប្តឹងមកនគរបាលទេ លុះពេលឈឺចុកចាប់រហូតដល់នាំស្ត្រីរងគ្រោះទៅពេទ្យខេត្ត ទើបសាច់ញាតិរត់មកប្តឹងប៉ុស្តិ៍កោះរកា ឱ្យជួយអន្តរាគមន៍ ។ កន្លងមកបុរសនេះធ្លាប់ត្រូវនគរបាលយកមកអប់រំ២លើកហើយ ដោយសារតែប្រើអំពើហិង្សាដាក់ប្រពន្ធ ។ តែបុរសកំណាចនេះមិនរាងចាលសោះ ៕