ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះអាត សំអុល អាយុ៥៤ឆ្នាំរស់នៅភូមិ៣៣ ឃុំតាអុង ស្រុកចម្ការលើ រងរបួសត្រូវ១កាំបិតចុងស្រួចចំពោះធ្លាយពោះវៀន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ សីហា ២០១២ ត្រូវបានក្រុមសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ចំណែកកូនប្រុសដែលបង្កឱ្យឪពុករងរបួសបានរត់ដាក់មេផាយគេចខ្លួនបាត់ស្រមោលផងដែរ ។
ស្ត្រីឈ្មោះឆាយ សុឃីម អាយុ៥៥ឆ្នាំ ជាប្រពន្ធរបស់បុរសរងគ្រោះបានប្រាប់ឱ្យដឹងថា កូនប្រុសឈ្មោះអុល សីហា អាយុ២៣ឆ្នាំ ជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ បានយកកាំបិតបុ័ងតោចុងស្រួចមកកាប់ទឹកកកដុំនៅក្នុងផ្ទះ ដើម្បីបំបែកជាចំណែកតូចៗដាក់នៅក្នុងធុងទឹកកកសម្រាប់ទុកផឹកទាំងអស់គ្នា ។ ស្ត្រីឈ្មោះសុឃីម បានប្រាប់បន្តទៀតថា ស្របពេលដែលកូនប្រុសកំពុងតែកាប់ទឹកកកមិនទាន់នឹងរួចរាល់ផង ត្រូវបានប្តីឈ្មោះសំអុល ដើរចូលទៅក្នុងផ្ទះស្រាប់តែចៃដន្យអីក៏រអិលជើងដួលផ្កាប់មុខជង់ទៅលើកាំបិត ជាហេតុបណ្តាលឱ្យត្រូវចំពោះធ្លាយចេញពោះវៀនមកក្រៅតែម្តង ពេលដែលឃើញឪពុកត្រូវរបួសបែបនេះកូនប្រុសរូបនោះមានការភិតភ័យបានរត់ចេញពីផ្ទះបាត់ ។ ភា្លមៗបុរសជាប្តីត្រូវបានដឹកយកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកចំការលើ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏ដឹកបន្តទៅសង្គ្រោះទាំងយប់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ