រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាមប្រកបរបរជាងជួសជុលសោ និងកង្ហារ ឆ្លៀតឱកាសចូលគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅ ផ្ទះគ្មាន លេខ តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវនគរបាលប៉ុស្តិ៍បឹងទំពុនដឹកនាំដោយលោកឡូ ភារម្យ នាយប៉ុស្តិ៍ឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ សីហា ២០១២ ។
លោកនាយប៉ុស្តិ៍បឹងទំពុនឲ្យដឹងថា ជនសង្ស័យឈ្មោះឡាំង ចាន់ អាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ លោកបន្តថា មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូមួយគ្រឿងទៅឈប់ចតនៅខាងមុខផ្ទះកើតហេតុខាងលើហាក់បីដូចជាផ្ទះរបស់ខ្លួនអ៊ីចឹង ។ លុះក្រោយមកក៏ធ្វើសកម្មភាពគាស់ទ្វាររួចដើរចូលទៅក្នុងផ្ទះបំណងលួចយកទ្រព្យសម្បត្តិ ប៉ុន្តែសំណាងអាក្រក់ត្រូវប្រជាពលរដ្ឋរស់នៅក្បែរខាងឃើញទាន់ស្រែកឆោឡោ ស្របពេលដែលក្រុមនគរបាលប៉ុស្តិ៍បឹងទំពុនកំពុងដើរល្បាតឮក៏ប្រញាប់ទៅមើល ក៏ឃើញជនសង្ស័យនេះកំពុងនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍បឹងទំពុន ដើម្បីសួរនាំតែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ