រាជធានីភ្នំពេញ ៖ កីឡាករពេជ្រ សីហា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងកីឡាករជនជាតិអីុតាលី Simon Uma មានសំណាងបានឆ្លងផុតពីវគ្គប្រកួតជម្រុះជុំទី២ ដើម្បីឈានទៅប្រកួតដណ្តើមខ្សែក្រវាត់ Manson’s Whisky នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្របន្តទៀត បន្ទាប់ពីពួកគេទាំង២នាក់បានប្រកួតឈ្នះគូប្រកួតរបស់ខ្លួនដោយពិន្ទុ នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីរសៀលថ្ងៃសៅរ៍ទី១៨ សីហា កន្លងមកនេះ ។
កាលពី២សប្តាហ៍មុនគេបានរកឃើញអ្នកឈ្នះ២រូបរួចមកហើយ គឺកីឡាករ Adayton ជនជាតិប្រេស៊ីល និងកីឡាករ Phongtong Jetsada ជនជាតិថៃ ហើយពេលនេះពួកគេកំពុងរង់ចាំអ្នកឈ្នះ២រូបទៀតដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តទៀត ។ កីឡាករ២រូបដែលពួកគេរង់ចាំស្វាគមន៍នោះបានរកឃើញហើយកាលពីថ្ងៃសៅរ៍ គឺកីឡាករពេជ្រ សីហា ដែលបានប្រកួតឈ្នះកីឡាករភេឌី ម៉ឺនសុភា មកពីក្លិបយុវជនអង្គរ ដោយពិន្ទុ និងកីឡាករ Simon Uma ដែលបានប្រកួតឈ្នះពិន្ទុកីឡាករ SHHE Jainkai ជនជាតិម៉ាឡេស៊ី ។ ការជ្រើសរើសដៃគូប្រកួតភ្លាមៗដោយការចាប់គ្រាប់ប៉េងប៉ុងនៅលើសង្វៀនលើកនេះ មិនត្រឹមតែលោកទី រ៉ាណាត ដែលជាអ្នករៀបចំកម្មវិធីប្រកួតមានការសោកស្តាយនោះទេ សូម្បីតែអ្នកចូលរួមទស្សនាភាគច្រើនក៏មានការសោកស្តាយដែរ ព្រោះគេមិនចង់ឃើញកីឡាករកម្ពុជាជួបគ្នាឯងនោះទេ ប៉ុន្តែធ្វើម៉េចដើម្បីភាពយុត្តិធម៌ គឺតម្រូវឱ្យធ្វើបែបនេះ ។
អ្នកទស្សនាភាគច្រើនសុទ្ធតែបានរំពឹងទុកមុនថា ប្រសិនបើកីឡាករកម្ពុជាទាំង២រូបបានជួបកីឡាករបរទេសវិញនោះគឺពួកគេទាំង២នាក់សង្ឃឹមថានឹងអាចឆ្លងផុតពីវគ្គជម្រុះទាំងអស់គ្នា ។ ប៉ុន្តែទោះជាយ៉ាងណា ពេជ្រ សីហា និង Simon Uma នឹងត្រូវឡើងទៅជួបកីឡាករ Adayton និងកីឡាករ Phongtong Jetsada នៅថ្ងៃសៅរ៍ទី១ ខែកញ្ញា ខាងមុខនេះ តាមរយៈការចាប់គ្រាប់ប៉េងប៉ុងជ្រើសរើសគូប្រកួតជាបន្តទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។ រីឯលទ្ធផលគូប្រកួតមិត្តភាពវិញ កីឡាករនួន ភិរក្ស មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតឈ្នះពិន្ទុ កីឡាករនន់ ជំនិត មកពីក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ។
កីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ ឈ្នះពិន្ទុកីឡាករឱម សំរេច មកពីក្លិបកងពលតូចឆត្រយោង៩១១ និងកីឡាករសេង កំសត់ មកពីក្លិបខេមរិន្ទមានឫទ្ធិ ប្រកួតស្មើពិន្ទុជាមួយកីឡាករឈាន រស្មី មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរី ៕
ចែករំលែកព័តមាននេះ