រថយន្តដឹកឥដ្ឋក្រឡាប់ដោយសារគេចពីអ្នកគ្រោះថ្នាក់ចរាចរណ៍
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៤:៣៩
កោះសន្តិភាព
ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយចំណុះ៣តោនបានធ្លាក់ផ្លូវក្រឡាប់ ខណៈកំពុងបើកបរតាមផ្លូវជាតិលេខ៦ ហើយគេចនឹងនារី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ។ ហេតុការណ៍ក្រឡាប់រថយន្តដឹកឥដ្ឋខាងលើ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ សីហា នៅចំណុចចន្លោះស្ពានលេខ១០-១១ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌប្ញស្សីកែវ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ត្រង់ចំណុចកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថ យន្តទួរីសប៉ះជាមួយម៉ូតូនារី២នាក់បណ្តាលឱ្យដួលនៅលើទ្រូងផ្លូវរងរបួសរលាត់ដៃជើង ឯរថយន្តបង្កម៉ាកទួរីសនោះបានបើក គេចបាត់ ។ ស្រាប់តែពេលនោះ មានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកឥដ្ឋចេញពីព្រែកអញ្ចាញសំដៅចូលរាជធានីភ្នំពេញ ខណៈមកដល់ចំណុចខាងលើ ក៏វាក់ជាមួយនារីរងគ្រោះដែលកំពុងដួលកណ្តាលផ្លូវ ក៏បួងចង្កូតគេចបណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់តែម្តង តែមិនបណ្តាលឱ្យអ្នកជិះក្នុងរថយន្តទាំង៥នាក់រួមទាំងអ្នកបើកបរផងរងរបួសទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕