ប្រេតភីត និងចូលី ទិញចិញ្ចៀនពេជ្រតម្លៃ1លាន ដុល្លារសម្រាប់ថ្ងៃមង្គលការនៅចុងសប្តាហ៍នេះ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី១៦ ខែសីហា ឆ្នាំ២០១២ ម៉ោង ០៩:២៥
យោងតាមប្រភពព័ត៌មានគេហទំព័រ ndtv.com ចេញផ្សាយកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១២ ឱ្យដឹងថា តារាសម្តែងហូលីវូដ ជើងចាស់ លោកប្រេតភីត និងចូលី ដែលរួមរស់នឹងគ្នាជាង១ទសវត្សហើយនោះបានបញ្ជាទិញចិញ្ចៀនពេជ្រតម្លៃ១លានដុល្លារសហរដ្ឋអាមេរិកពីក្រុមហ៊ុនលក់គ្រឿងអលង្ការ Robert Porcop នៅក្នុងប្រទេសបារាំង ដើម្បីត្រៀមបំពាក់ថ្ងៃរៀបអាពាហ៍
ពិពាហ៍របស់ពួកគេនៅចុងសប្តាហ៍នេះ ។
ប្រភពព័ត៌មានដដែលនោះ ឱ្យដឹងទៀតថា ក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ល្បីមួយនោះមានការមមាញឹកខ្លាំងណាស់ជារៀងរាល់ឆ្នាំក្នុងការច្នៃម៉ូដចិញ្ចៀនពេជ្រដ៏មានតម្លៃសម្រាប់ជនល្បីៗ ជាពិសេសអ្នកសិល្បៈដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ។
យោងតាមសារព័ត៌មានឥណ្ឌា Time of India ចេញផ្សាយកាលពីថ្ងៃទី១៤ សីហា ក៏បានអះអាងដែរថា អាពាហ៍ពិពាហ៍របស់តារាហូលីវូដជើងចាស់មួយគូនេះគ្រោងនឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ទី១៨ សីហា ឆ្នាំ២០១២ ក៏ប៉ុន្តែក្នុងលក្ខណៈស្ងាត់ៗនៅគេហដ្ឋានរបស់ពួកគេក្នុងប្រទេសបារាំង ។ ទាក់ទងទៅនឹងគម្រោងរៀបអាពាហ៍ពិពាហ៍នេះ លោក Patrick Mareschi អនុរដ្ឋលេខាធិការក្រសួងវប្បធម៌បាននិយាយថា «យើងមិនបានទទួលដំណឹងនេះនៅឡើយទេ ហើយតាមច្បាប់ប្រទេសបារាំងអ្នកដែលចង់រៀបអាពាហ៍ពិពាហ៍ត្រូវតែចុះឈ្មោះនៅសាលាក្រុងដែលពួកគេរស់នៅ» ។
លោកប្រេភីត និងចូលី បានភ្ជាប់ពាក្យរួចហើយកាលពីខែមេសា ឆ្នាំ២០១២ ហើយពួកគេមានគម្រោងរៀបការជាច្រើនលើកច្រើនសារួចមកហើយ តែពុំទាន់មានពេលវេលាសមរម្យដើម្បីចូលរោងការ ។ដោយឡែក យោងទៅតាមប្រភពព័ត៌មានសិល្បៈហូលីវូដ ចេញផ្សាយកាលពីថ្ងៃទី៨ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា តារាហូលីវូដជើងចាស់ប្រេត ភីត បានចំណាយលុយជាង៣៦ម៉ឺនដុល្លារសហរដ្ឋអាមេរិកទិញនាឡិកាដ៏ថ្លៃបំផុតឱ្យសំណព្វចិត្ត អេនចូលីណា ចូលី ។
នាឡិកាដ៏មានតម្លៃនេះគឺធ្វើឡើងពីមាសនិងដាំពេជ្រ ហើយអ្នកផលិតបានចំណាយពេលលវេលាជាង២ខែទើបផលិតបាន ។ នាឡិកាដៃដ៏ទំនើបម៉ាក Pated Philippe Minute Repeater ត្រូវផលិតឡើងនៅប្រទេសស្វ៊ីស ហើយអតិថិជនត្រូវរង់ចាំរយៈពេល២ឆ្នាំ ដើម្បីបានវាពាក់នៅក្នុងដៃ ។ លោកប្រេត ភីត និយាយថា «ខ្ញុំបានចំណាយពេលដ៏មមាញឹក ដើម្បីធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីសដើម្បីបញ្ជាទិញនាឡិកានេះធ្វើជាកាដូដល់ម្ចាស់បេះដូងរបស់ខ្ញុំមុនថ្ងៃរៀបការ »។ សំឡេងរបស់នាឡិកានេះគឺដូចគ្នាទៅនឹងនាឡិកាប៊ិកប៊ិន ក្រុងឡុង ។
លោកប្រេត ភីត និងជូលីបានភ្ជាប់ពាក្យកាលពីខែមេសា ឆ្នាំ២០១២ ហើយព័ត៌មានចុងក្រោយថា ពួកគេនឹងរៀបការនៅចុងសប្តាហ៍នេះ។ បច្ចុប្បន្នអ្នកទាំងពីររស់នៅជាមួយគ្នារួមទាំងកូនផ្ទាល់ខ្លួន និងកូនចិញ្ចឹមសរុបទាំងអស់ចំនួន៦នាក់ ៕