រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ពណ៌ខ្មៅ បើកដោយបុរសស្រវឹងជោកម្នាក់យ៉ាងលឿន ហើយបត់ឆ្វេងក៏ជ្រុលទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហម ជិះដោយបុរស២នាក់ចំពីមុខពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ កាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ សីហា ២០១២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមសម្តីលោកហឿន វឿន នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរជើងគោក ខណ្ឌសែនសុខ បានឱ្យដឹងថា រថយន្តមែរសឺដេសពណ៌ខ្មៅ មួយគ្រឿងបើកដោយបុរសស្រវឹងជោកម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងក៏ជ្រុលចង្កូតទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហម មួយគ្រឿងជិះដោយបុរស២នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹងតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ