រាជធានីភ្នំពេញ ៖ លោកអីុវង់ ហែម ដែលជាផលិតករខ្សែភាពយន្តដ៏ល្បីឈ្មោះម្នាក់នៅក្នុងទសវត្សទី៦០ បានទទួលមរណភាពកាលពីថ្ងៃទី១០ សីហា នេះ វេលាម៉ោង៦និង១៥នាទីដោយជំងឺបេះដូង ។
សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី នៅវត្តទួលទំពូង រាជធានីភ្នំពេញក្នុងរយៈពេល៣ថ្ងៃ ហើយនឹងត្រូវបូជា នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែសីហា វេលាម៉ោង៨ព្រឹក ។
កូនប្រុសច្បងរបស់លោកអីុវង់ ហែម គឺលោកអីុវង់ ហែមផល្លា បានឱ្យដឹងថា ឪពុករបស់លោកបានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែតបន្ទាប់ពីគាត់បានតស៊ូជាមួយនឹងជំងឺបេះដូងអស់រយៈពេលជាង២០ឆ្នាំ ។ លោកបន្តថា តាមពិតឪពុករបស់លោកកើតជំងឺបេះដូងទាំងនេះតាំងពីកំណើតមកម៉្លេះ ហើយឪពុករបស់លោកតែងតែធ្វើការព្យាបាលជាបន្តបន្ទាប់ចាប់តាំងពីពេទ្យក្នុងស្រុករហូតដល់ក្រៅស្រុក ។ លោកផល្លា បញ្ជាក់ក្រោយពេលដែលឪពុករបស់លោកបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរយៈពេល៤ថ្ងៃនោះថាអាការរបស់គាត់ចាប់ផ្តើមធ្ងន់ធ្ងរដោយមិនអាចហូបអ្វីបានរហូតទទួលមរណភាពតែម្តង។លោកបានបន្ថែមថា បើតាមការឱ្យដឹងពីក្រុមគ្រូពេទ្យបាននិយាយថា ឪពុករបស់លោកមានជំងឺបេះដូងប្រហោង ហើយនៅពេលដែលគាត់មានវ័យកាន់តែចាស់នោះសរសៃបេះដូងរបស់គាត់រឹងធ្វើឱ្យឈាមរត់ចូលមកសួតមិនល្អ បណ្តាលឱ្យគាត់ពិបាកក្នុងការដកដង្ហើម ។
ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បាននិយាយថា លោករួមនឹងសិល្បករទាំងអស់មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់វីរៈសិល្បករមួយរូប គឺលោកអីុវង់ ហែម ។ លោកចាត់ទុកថាការបាត់បង់អ្នកដឹកនាំរឿងដ៏ល្បីល្បាញរូបនេះ គឺជាការបាត់បង់នូវគ្រាប់ពេជ្រសិល្បៈដ៏មានតម្លៃ ដែលយើងទាំងអស់គ្នាមានការសោកស្តាយ និងមានការរន្ធត់ចិត្តយ៉ាងខ្លាំង ។ ទោះជាយ៉ាងណា លោកសូមឧទ្ទិសដល់វិញ្ញាណក្ខន្ឌរបស់លោកអីុវង់ ហែម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
គួររំលឹកថា លោកអីុវង់ ហែម បានចាប់កំណើតក្នុងត្រកូលអភិជនមួយ ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ហើយលោកគឺជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ នៅក្នុងទស្សវត្សទី៦០ ដោយលោកបានចាប់ផ្តើមថតខ្សែភាពយន្តជាលើកដំបូងក្នុងឆ្នាំ១៩៦៤ ។ ខ្សែភាពយន្តដែលលោកថតមុនគេបង្អស់នោះ គឺរឿង រសាត់តាមខ្យល់ និងរឿងសក្ការបូជា ។ មុននឹងឈានដល់សម័យប៉ុល ពត លោកបានបង្កើតផលិតកម្មមួយផ្ទាល់ខ្លួនដែលមានឈ្មោះថា បក្សីឋានសួគ៌ភាពយន្ត ក្នុងនោះខ្សែភាពយន្តដែលលោកបានផលិតមានជាង១០រឿង ហើយរឿងដែលមានភាពល្បីល្បាញបំផុតគឺរឿង អាប៊ុលកាសេម និងរឿង សុវណ្ណ ហង្ស ។ល។
ក្រោយពីរបបប៉ុល ពត ត្រូវដួលរលំដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិឆ្នាំ១៩៧៩ លោកបានមកជួបជុំប្រពន្ធកូនវិញ ហើយបានមករកស៊ីនៅរាជធានីភ្នំពេញ ដោយពេលនោះលោកធ្វើការជាអ្នកលាងហ្វីលកុនឱ្យកងទ័ពវៀតណាម ។ បន្ទាប់មកលោកក៏បានបើកហាងថតរូបមួយកន្លែង តែដោយសារតែចិត្តស្រឡាញ់លើការងារផលិតភាពយន្តនោះ លោកក៏បានចូលប្រឡូកក្នុងវិស័យនេះជាថ្មីម្តងទៀត នៅក្នុងឆ្នាំ១៩៨៧ ដែលពេលនេះលោកបានផលិតខ្សែភាពយន្តបានចំនួន២រឿង គឺរឿងរំដួលអង្គរ និងរឿងស្រមោលអន្ធកាល ។ ក្រោយមកលោកក៏បានចូលរួមថតវីដេ អូខ្លីៗជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន រហូតដល់ដង្ហើមចុងក្រោយនេះ ។ លោកអីុវង់ ហែម បានបណ្តុះបណ្តាលកូនប្រុសច្បងម្នាក់ដែលអាចជាអ្នកស្នងមរតកជំនាញពីលោក គឺលោកអីុវង់ ហែមផល្លា ដែលពេលនេះ លោកកំពុងតែបម្រើការថតខ្សែវីដេអូខ្លីឱ្យមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ៕



ចែករំលែកព័តមាននេះ