ខេត្តប៉ៃលិន ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកអូរខាងក្រោមស្ពានថ្មថ្មី (ហៅស្ពានតារៀប) ចម្ងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី៣ សីហា បន្ទាប់ពីបានបាត់ខ្លួនចំនួន៣ថ្ងៃមកហើយ ។ សពបុរសនេះឈ្មោះជួន ជឺន អាយុ៥១ឆ្នាំ ជាកសិករ រស់នៅភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុចំនួន៣ថ្ងៃ ប្តីប្រពន្ធ២នាក់បាននាំគ្នាទៅដាំពោត និងបាញ់ថ្នាំស្មៅនៅក្នុងចម្ការរបស់ខ្លួនមួយកន្លែងដែលនៅជាប់មាត់អូរ ស្ថិតក្នុងភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ។ ពេលប្រពន្ធកំពុងតែឱនដាំពោតងាករកប្តីដែលកំពុងបាញ់ថ្នាំស្មៅ ស្រាប់តែមិនឃើញមិនដឹងជាទៅទីណាទេ ។ ក្រោយពីចាំប្តីរហូតដល់ថ្ងៃត្រង់មិនឃើញត្រឡប់មកកន្លែងដាំពោតវិញ ស្ត្រីជាប្រពន្ធបានដើររកប្តីរបស់ខ្លួនចាប់ពីនៅក្បែរចម្ការរហូតដល់កន្លែងផ្សេងៗទៀតថែមទាំងប្រាប់អ្នកដទៃឱ្យជួយដើររកនៅឯផ្ទះក៏នៅតែមិនឃើញទៀត ។
ប្រភពពីប្រពន្ធថា ប្តីរបស់គាត់នេះធ្លាប់មានជំងឺសរសៃប្រសាទប្រចាំកាយជាយូរឆ្នាំមកហើយ ពេលជំងឺនេះធ្វើទុក្ខម្តងៗ គាត់តែងតែភ័យខ្លាច និងមានសភាពស្លន់ស្លោ រត់រកកន្លែងពួនលាក់ខ្លួនដោយប្រាប់ថា មានមនុស្សច្រើននាក់មកចង់យកជីវិតរបស់គាត់ ។ បន្ទាប់ពីរកគ្រូខ្មែរមើល និងព្យាបាលនៅមន្ទីរពេទ្យអស់ប្រាក់ជាច្រើនមិនជា គាត់អស់ចំណេះក៏ទុកឱ្យប្តីរូបនេះរស់នៅមួយថ្ងៃកាត់មួយថ្ងៃកោរជូនកាលដឹងខ្លួនជួនកាលវង្វេងវង្វាន់ស្មារតី ។
លោកសេង វ៉ួច មន្ត្រីនគរបាលការពារព្រំដែនវរៈលេខ៨២១ បានឱ្យដឹងថា នៅមុនថ្ងៃប្រទះឃើញសពចំនួន៣ថ្ងៃ គឺក្រោយពីស្ត្រីជាប្រពន្ធប្រាប់ថា បាត់ប្តីមិនដឹងទៅណា លោកក៏ជួយស្វះស្វែងដើររកគ្រប់ទីកន្លែង ព្រោះក្រុមគ្រួសារនេះជាអ្នករាប់អានគ្នានឹងក្រុមគ្រួសាររបស់លោកដែរ ។ ប្រភពបានបន្តថា លុះដើររកតាមមាត់អូរកន្លែងដែលជនរងគ្រោះបាត់ខ្លួនឃើញមានតែមែកឈើបាក់ធ្លាក់ទៅក្នុងទឹក ដោយមិនចាប់អារម្មណ៍ថាជនរងគ្រោះធ្លាក់ទឹកស្លាប់ទេ ។ រហូតដល់ល្ងាចថ្ងៃទី៣ សីហា ពេលអ្នកភូមិចុះងូតទឹកក្នុងអូរ ស្រាប់តែប្រទះឃើញសពបុរសរងគ្រោះអណ្តែតតាមទឹកអូរ ក៏នាំគ្នាផ្អើលឆោឡោហៅស្ត្រីជាប្រពន្ធឱ្យមកមើលក៏ស្គាល់ថាជាប្តីរបស់គាត់មែន។ លោកសេង វ៉ួច បានឱ្យដឹងទៀតថា នេះប្រហែលជាបុរសរងគ្រោះរត់ទៅក្បែរផ្ទាំងថ្មរអិលធ្លាក់ចូលទៅក្នុងអូរ ហើយដួលបោកក្បាលត្រូវនឹងផ្ទាំងថ្មស្លាប់នៅនឹងកន្លែង រួចលិចទៅក្នុងទឹកបាត់តែម្តង លុះដល់សពហើមក៏អណ្តែតតាមទឹកហូរមកខាងក្រោមបែបនេះ ។
ឈ្មោះម៉េត ដាលីន អាយុ២២ឆ្នាំ ត្រូវជាក្មួយប្រុសរបស់សពបានឱ្យដឹងថា នៅថ្ងៃដែលឪពុកមាបាត់ខ្លួន គឺពួកខ្លួនកំពុងដាំពោត ឯឪពុកមាកំពុងបាញ់ថ្នាំស្មៅពោតនៅក្នុងចម្ការក្បែរគ្នា ពេលឃើញអ្នកជិះម៉ូតូនៅចម្ងាយប្រហែលជា៥០០ម៉ែត្រ ឪពុកមាខ្លួនបានស្រែកថា មានគេមកកាប់គាត់ហើយ ។ ពេលនោះគាត់ទម្លាក់ធុងបាញ់ថ្នាំស្មៅចោល ហើយរត់ទៅយកកាំបិតផ្គាក់ស្ទុះរត់ដេញកាប់អ្នកជិះម៉ូតូនោះ តែត្រូវពួកខ្លួននិយាយលួងលោមយកកាំបិតចេញពីដៃគាត់ទុកវិញ ។ ក្រោយពេលគាត់ឱ្យកាំបិតមកទុកហើយក៏រត់ចេញពីចម្ការសំដៅទៅមាត់អូរ ហើយពួកខ្លួនក៏រត់ទៅតាមពីក្រោយដែរ តែពេលទៅដល់មាត់អូរមិនឃើញគាត់ទេ ទើបពួកខ្លួននាំគ្នាត្រឡប់មកវិញ ដោយនឹកស្មានថាគាត់រត់ទៅផ្ទះមុន ។ ពេលត្រឡប់មកដល់ផ្ទះមិនឃើញពួកខ្លួនក៏នាំគ្នាដើររកទៀត តែរកមិនឃើញសោះ ៕


ចែករំលែកព័តមាននេះ