ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញ​សព​ប្តី​ប្រពន្ធ​២​នាក់​​ត្រូវជន​កំណាច​ច្រើន​នាក់​វាយ​សម្លាប់​​យ៉ាង​អាណោច​អាធ័ម​​ក្នុង​ចម្ការ​ពោត​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ សព​បុរស-ស្រ្តីពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរគ្នា​យ៉ាងអាណោចអាធ័ម ​នៅ​ក្នុងចម្ការពោតមួយ​កន្លែង ដោយ​ត្រូវ​ជន​មិន​ស្គាល់​​មុខ​​មា​ន​គ្នាយ៉ាង​តិច​៥​នាក់​​វាយ​សម្លាប់ ដែល​ហេតុ​ការណ៍​​នេះ​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពីវេលាម៉ោង​៦​និង​៣៥​នាទីព្រឹក​​​ថ្ងៃ​ទី​២ សីហា ២០១២ ត្រង់​ចំណុច​ក្បាលឡាន ស្ថិត​ក្នុងភូមិភ្នំស្ពង់ ឃុំ​សាលា​ក្រៅ ស្រុកសាលា​ក្រៅ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ​ដែល​ត្រូវ​ឃាតករ​វាយ​សម្ចាប់​​ដោយ​មិន​ញញើត​ដៃ​នេះ​ប្តី​ឈ្មោះ​រដ្ឋ មី អាយុ៥១ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​គង់ ហូរ អាយុ៣៩ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹង ឃុំ​របៀប ស្រុករវៀង ខេត្តព្រះវិហារ ។ បច្ចុ​ប្បន្ន​មក​សុំរោងចាំ​ចម្ការ​របស់​គេ​ស្នាក់​នៅ​ធ្វើការ ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ប្រភពព័ត៌​មានឱ្យដឹងថា ជន​រង​គ្រោះ​ទាំងពីរនាក់ប្តីប្រពន្ធ​​ត្រូវ​​ជនដៃ​ដល់​​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​យ៉ាង​តិច៥នាក់​​​វាយ​កាប់​សម្លាប់នឹងកាំបិត​ខ្វែវ​ដង​វែងមួយ​​​នឹង​​ដំបង​ប្រវែងជាងកន្លះ​ម៉ែត្រចំនួន​៥ដើម បណ្តាល​ឲ្យរបួសសុស​ពេញ​ខ្លួនដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ខណៈ​កំពុងដេកនៅ​ក្នុង​ខ្ទម​ចាំ​ចម្ការ​នៅពេលយប់ ។

លោក​ឆម វ៉ាន់ធី នាយការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់បានឲ្យដឹងថា តាមការ​សន្និដ្ឋាន​ជន​ដៃដល់មាន​គ្នាយ៉ាងតិច​ពី៤​ទៅ​៥​នាក់​បាន​ធ្វើ​សកម្ម​ភាព​កាប់​ប្រហារទៅលើ​​​ជន​រងគ្រោះ​ ព្រោះ​​​នៅ​កន្លែង​កើត​ហេតុ​​ឃើញ​អាវុធជនល្មើស​មាន​កាំបិត​ខ្វែវ​ដង​វែង​មួយ​ដើម និងដំបង​ឈើ​ប្រវែង​ជាង​កន្លះម៉ែត្រ​ចំនួន​៥កំណាត់ទៀត នៅ​រាយ​ក្បែរ​សព​ជន​រង​​គ្រោះទាំង២នាក់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕