ការវាយប្រហារនៅអុីរ៉ាក់ខែកក្កដាស្លាប់ច្រើនបំផុត
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី២ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៧:០០

គេហទំព័របរទេស
កន្លែងវាយប្រហារមួយនៅអុីរ៉ាក់
សម្រាប់ប្រទេសអុីរ៉ាក់ខែកក្កដាជាខែដែលមានមនុស្សស្លាប់ច្រើនបំផុតពុំធ្លាប់មានជិត២ឆ្នាំមកហើយជាមួយមនុស្សស្លាប់ដល់ទៅយ៉ាងតិច៣២៥នាក់និងរបួស៦៩៧នាក់ក្នុងការវាយប្រហារនានាក្នុងប្រទេសនេះដែលភាពតានតឹងខាងនយោបាយនិងសហគមន៍សាសនានៅតែខ្លាំងក្លា ។
ពីក្រោយការកើនឡើងនៃអំពើហិង្សាបើតាមលោកអាលីអាល់ហៃដារីអ្នកជំនាញការអុីរ៉ាក់ខាងសន្តិសុខនិងយុទ្ធសាស្ត្រថាមានហេតុផលពិសេសទាក់ទិនដល់ជម្លោះនៅស៊ីរី ។ លោកអះអាងថា ជម្លោះនេះបង្កើតទីតាំងសម្រាប់ពួកអាល់កៃដាដែលអាចធ្វើដំណើរពីអុីរ៉ាក់ទៅកាន់ស៊ីរី ។ ក្រៅពីទាក់ទិនរឿងតំបន់នៅមានអស្ថេរភាពនយោបាយនៅអុីរ៉ាក់ជាមួយជម្លោះរវាងនាយករដ្ឋមន្ត្រីលោកនូរីអាល់ម៉ាលីគី និងបណ្តាគូប្រវែងដែលចោទប្រកាន់លោកថា មានឥរិយាបថផ្តាច់ការព្រមទាំងទំនាស់ខាងប្រេងកាតនិងដែនដី រវាងរដ្ឋាភិបាលកណ្តាលក្រុងបាដាដ និងតំបន់ស្វយ័តឃើតឌីស្ថាន ។
យោងតាមទិន្នន័យរួមគ្នាផ្តល់ឱ្យដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិថា ក្នុងខែកក្កដា មានមនុស្សស្លាប់សរុប៣២៥នាក់ ក្នុងនោះមានជនស៊ីវិល២៤១នាក់ ប៉ូលិស៤០នាក់ និងទាហាន៤៤នាក់ ចំណែកមនុស្ស៦៩៧នាក់ ក្នុងនោះមានជនស៊ីវិល៤៨០នាក់ ប៉ូលិស១២២នាក់ និងទាហាន៩៥នាក់ ត្រូវរបួស ។ នេះជាតុល្យការប្រចាំខែមួយដែលមានមនុស្សស្លាប់ច្រើនបំផុតផ្តល់ឱ្យដោយរដ្ឋាភិបាលអុីរ៉ាក់បន្ទាប់ពីខែសីហាឆ្នាំ២០១០ ដែលមានមនុស្សស្លាប់៤២៦នាក់និងរបួស៨៣៨នាក់ ៕