ប្រកួតកីឡាបាល់ទះពានរង្វាន់ Leo-Cup National Volleyball ឈានចូលដល់វគ្គ1/4ផ្តាច់ព្រ័ត្រហើយ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី២ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៦:២២

កោះសន្តិភាព
ទិដ្ឋភាពការប្រកួតបាល់ទះដណ្តើមពានរង្វាន់ស្រាបៀរលីអូ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ Leo-Cup National Volleyball ធ្វើនៅទីលានបុរីសុភមង្គល Beeline Arena ស្ថិតក្នុងសង្កាត់ជោយចង្វា ខណ្ឌឬស្សីកែវ សម្រាប់ថ្ងៃទី២ សីហា កន្លងទៅនេះ បានឈានចូលដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីវគ្គ១៦ក្រុមចុងក្រោយបានបញ្ចប់កាលពីថ្ងៃទី១ សីហា ។
ក្រុមដែលបានចូលមកដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនេះ គឺក្រុមបញ្ជាការដ្ឋានអង្គរក្សដែលជាក្រុមលេខ១ពូល A ត្រូវប្រកួតជាមួយក្រុមនាគសមុទ្របញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលជាក្រុមលេខ២ក្នុងពូល C និងក្រុមកងពលធំអន្តរាគមន៍លេខ៣ ដែលជាក្រុមលេខ១ ស្ថិតក្នុងពូល B ប្រកួតជាមួយក្រុមសាកលវិទ្យាល័យចេនឡា ដែលជាក្រុមលេខ២ ក្នុងពូល D ។
ចំណែកក្រុមដែលបានចំណាត់ថ្នាក់លេខ១ ស្ថិតក្នុងពូល C ក្រសួងមហាផ្ទៃ ប្រកួតជាមួយក្រុមកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាក្រុមលេខ២ ស្ថិតក្នុងពូល A និងមួយក្រុមទៀត គឺក្រុមសាលាខេត្តកំពង់ចាម ដែលជាក្រុមលេខ១ ក្នុងពូល D ប្រកួតជាមួយក្រុមកងពលតូចលេខ៣១ ដែលជាក្រុមលេខ២ ក្នុងពូល B ។ក្រុមកីឡាបាល់ទះទាំង៨ក្រុមនេះ បើក្រុមណាចាញ់ គឺហាលអាវហើយ ចំពោះក្រុមដែលឈ្នះបានឡើងទៅលេងបន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ស្រាបៀរ Leo ដែលគេប្រសិទ្ធនាមថា Leo-Cup National Volleyball នេះ ចែកជា២ដំណាក់កាលដែលដំណាក់កាលទី១ ប្រកួតជម្រុះតាមភូមិភាគចំនួន៥ ។ ក្នុងការប្រកួតដំណាក់កាលទី១ នេះ ភូមិភាគរាជធានីភ្នំពេញ យក៨ក្រុម ចំពោះភូមិភាគ៤ទៀតក្នុង១ភូមិភាគយកតែ៤ក្រុមប៉ុណ្ណោះ ។ សរុបទាំង៥ភូមិភាគមានចំនួន២៤ក្រុមសម្រាប់ឡើងមកប្រកួតដំណាក់កាលទី២នៅរាជធានីភ្នំពេញ ។
ការប្រកួតដំណាក់កាលទី១ សម្រាប់ភូមិភាគរាជធានីភ្នំពេញ ចាប់ប្រកួតពីថ្ងៃទី១៣ ដល់១៩ ឧសភា ឆ្នាំ២០១២ នៅស្តាតចាស់ ។ ភូមិភាគបាត់ដំបងប្រកួតពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី២ មិថុនា ។ ភូមិភាគខេត្តសៀមរាប ប្រកួតពីថ្ងៃទី១១ ដល់១៦ មិថុនា ។ ភូមិភាគខេត្តកំពង់ចាម ប្រកួតពីថ្ងៃទី២៥ ដល់៣០ មិថុនា និងភូមិភាគខេត្តព្រះសីហនុ ប្រកួតពីថ្ងៃទី៩ ដល់១៤ កក្កដា ។ ក្រុមដែលដណ្តើមបានជើងឯកនឹងទទួលបានរង្វាន់ចំនួន៤០លានរៀល ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន១០លានរៀល ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន៤លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបាន២លានរៀល ៕