ជើងខ្លាំងឆ្លងដែន2រូបជួបប្រកួតជាមួយជើងខ្លាំងកម្ពុជានៅលើរេញ TV3ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី២ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៦:២១
រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅថ្ងៃសៅរ៍ទី៤ ខែសីហាខាងមុខនេះ នឹងរៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតដ៏កក្រើកមួយ ដែលជាការប្រកួតក្នុងលក្ខណៈជម្រុះវិលជុំរវាងកីឡាករបរទេស២រូប និងកីឡាករកម្ពុជា២រូប ដើម្បីដណ្តើមជើងឯកទម្ងន់៦៧គីឡូក្រាម ។
លោកទី រ៉ាណាត អ្នករៀបចំកម្មវិធីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានឱ្យដឹងថា ខាងកម្ពុជាមានកីឡាករ ឡៅ ស៊ីណាត មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ និង ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្តកីឡា ។ រីឯកីឡាករបរទេសវិញមានកីឡាករ Pongtong Jetsada មកពីប្រទេសថៃ និងកីឡាករ Adayton មកពីប្រទេសប្រេស៊ីល ។
លោកបានឱ្យដឹងបន្ថែមទៀតថា ក្នុងចំណោមកីឡាករទាំង៤រូបនេះ គេមិនទាន់អាចដឹងមុនថាអ្នកណាត្រូវជួបអ្នកណានោះទេ ។ ដើម្បីភាពយុត្តិធម៌ គឺគណៈកម្មការរៀបចំការប្រកួតតម្រូវឱ្យកីឡាករទាំង៤រូបនេះឡើងធ្វើការចាប់ឆ្នោតរើសគូប្រកួតដោយខ្លួនឯង អ្ននណាប៉ះអ្នកណាត្រូវប្រកួតជាមួយអ្នកនោះ ដើម្បីរកអ្នកឈ្នះជួបអ្នកឈ្នះយកចំណាត់ថ្នាក់លេខ១ ។ Pongtong Jetsada ធ្លាប់មកប្រកួតនៅស្រុកខ្មែរ៤លើករួចមកហើយ គឺពុំធ្លាប់ចាញ់ម្តងណាឡើយ ។
លើកទី១ បានយកឈ្នះពិន្ទុ ឡន លឿប មកពីក្លិបកងពលតូចលេខ៧០ លើកទី២យកឈ្នះ ពេជ្រ សីហា មកពីសមាគមកីឡា
ប្រដាល់ក្រសួងការពារជាតិនៅទឹកទី៤ លើកទី៣យកឈ្នះ ផុន ផាន់ណា មកពីក្លិបអប្សរាក្បាច់គុនខ្មែរដោយពិន្ទុ និងលើកចុងក្រោយបានវាយផ្តួល ឡៅ ស៊ីណាត ឱ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។ ចំណែក Adayton វិញ ក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរ២លើកដែរ គឺឈ្នះកីឡាករ សុវណ្ណ ឌឿន ទាំង២លើក ។
រីឯគូប្រកួតមិត្តភាពវិញ លូន សុខខេង មកពីក្លិបសិង្ហកីឡា ជួបប្រកួតជាមួយ ហ៊ីម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ផុន ផុល មកពីក្លិបតាព្រហ្មមានជ័យ ជួបប្រកួតជាមួយ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡា ៕