ធ្វើសកម្មភាពប្លន់បានម្តងជាប់អន្ទាក់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១២ ម៉ោង ០៩:០០

កោះសន្តិភាព
ជនល្មើសត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនជន២នាក់ កាលពីថ្ងៃទី៣០ កក្កដា ដោយជាប់ពាក់ព័ន្ធពីបទធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ។ ជនទាំង២នាក់នេះ ម្នាក់ឈ្មោះជា សុខណាក់ អាយុ២៧ឆ្នាំ ជាអតីតមន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅផ្ទះគ្មានលេខ ភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះឡេង ប៊ុនថង ហៅត្រង់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជាមួយនឹងការឃាត់ខ្លួនជនទាំង២នាក់នេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើម ម៉ាកកា៥៤ បង់១ និងគ្រាប់១គ្រាប់ជាវត្ថុតាងផងដែរ ។ លោកវរសេនីយ៍ទោ ជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួនជនទាំង២នាក់នេះ គឺធ្វើឡើងតាមការស្រាវជ្រាវ និងប្រើវិធានការជំនាញពីសំណាក់សមត្ថកិច្ចរបស់លោក ដោយមានកិច្ចសហការជាមួយនគរបាលខណ្ឌដង្កោ តាមរូបភាពក្រុមប្រើប្រាស់គ្រឿងញៀន ។
លោកជួន ណារិន្ទ បន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ម្តង កាលពីវេលាម៉ោង៤ និង៥០នាទីទៀបភ្លឺថ្ងៃទី១៨ កក្កដា នៅក្បែរសួនសុបិនចម្ការព្រីង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកបានម៉ូតូហុងដាស្គូពី មួយគ្រឿង ស៊េរី២០១១ ពណ៌ផ្កាឈូក ដែលជនរងគ្រោះបានទៅលេងទីនោះនិងបម្រុងជិះចេញមកផ្ទះ ។ ជនសង្ស័យបានសារភាពទៀតថា ក្នុងការប្លន់នោះ គឺឈ្មោះឡេង ប៊ុនថង ហៅត្រង់ ជាអ្នកបើកម៉ូតូ រីឯឈ្មោះជា សុខណាក់ ជិះពីក្រោយ និងជាអ្នកបាញ់ជនរងគ្រោះ តែគ្រាប់មិនផ្ទុះ ។
ទោះជាយ៉ាងណា ការប្លន់នោះយកបានម៉ូតូដោយសុវត្ថិភាព និងលក់យកលុយចែកគ្នាស៊ីចាយអស់ទៅហើយ ហើយថែមទាំងទិញថ្នាំញៀនប្រើប្រាស់ទៀតផង ទើបត្រូវសមត្ថកិច្ចចាប់ខ្លួននេះ ។ យោងតាមចម្លើយសារភាព និងការដកហូតអាវុធខ្លីជាវត្ថុតាងផងនោះ ជនទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕