កងរាជអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ2នាក់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសៅរ៏ ទី២៨ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៣:៤៥

កោះសន្តិភាព
ជនល្មើសត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ កក្កដា នៅតាមផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចាប់ខ្លួនជនសង្ស័យ២នាក់ ខណៈកំពុងបណ្តើរម៉ូតូដែលលួចបានពីកន្លែងផ្ញើម៉ូតូនៅសួនកម្សាន្តឌ្រីមលែន មុខសណ្ឋាគារណាហ្គាវើល ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមនឱ្យដឹងថា យោងតាមបទបញ្ជាពីលោកវរសេនីយ៍ត្រីឃួន សំអុល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ឱ្យកម្លាំងកងរាជអាវុធហត្ថដើរល្បាតតាមផ្លូវនិងប្រចាំការតាមគោលដៅ សំខាន់ៗ នៅវេលាម៉ោង៨យប់នោះក៏ព័ត៌មានតាមវិទ្យុទាក់ទងឱ្យដឹងថា មានជនសង្ស័យម្នាក់ប្រើល្បិចបន្លំចូលទៅក្នុងកន្លែងផ្ញើម៉ូតូ និងអូសម៉ូតូចេញហើយសុំសោម៉ូតូបញ្ឆេះជិះចេញដោយសុវត្ថិភាព ។ ពេលនោះអ្នកផ្ញើម៉ូតូស្រែកថា ចោរៗហើយជិះម៉ូតូដេញតាមដែរ តែតាមមិនទាន់ក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ ។
បន្ទាប់ពីលួចយកម៉ូតូសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅបានហើយ ជនសង្ស័យឈ្មោះយិន ធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមុខរោងចក្រគង់ហុង សង្កាត់បឹងត្របែក ខណ្ឌចំការមន បានជិះម៉ូតូដែលលួចបាននោះទៅម្តុំបឹងត្របែកឌុបមិត្តភក្តិម្នាក់ឈ្មោះដែន ភេទប្រុស ដើម្បីយកម៉ូតូនោះទៅលក់ ដោយបានដោះស្លាកលេខម៉ូតូចេញ ។ ជាចៃដន្យពេលនោះម៉ូតូធាក់អត់ឆេះ ឯជនសង្ស័យស្មានតែម៉ូតូអស់សាំងក៏បណ្តើរចូលទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិចក្បាលថ្នល់ ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ស្របពេលនោះកម្លាំងកងរាជអាវុធហត្ថដែលល្បាតនៅគោលដៅនោះឃើញជនសង្ស័យបណ្តើរម៉ូតូអត់ស្លាកលេខ ហើយមានស្នាមដោះស្លាកលេខចេញថ្មីៗទៀតដោយមានការសង្ស័យក៏ឃាត់សាកសួរ ទើបជនសង្ស័យធ្លោយមាត់ប្រាប់ថា រូបគេលួចបន្លំមកពីសួនកម្សាន្តឌ្រីមលែន ។ បន្ទាប់ពីដឹងរឿងហើយ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយម៉ូតូដែលលួចនោះយកទៅរក្សាទុកនៅបញ្ជាការដ្ឋាន ខណ្ឌ។
នៅព្រឹកថ្ងៃទី២៦ កក្កដា កងរាជអាវុធហត្ថខណ្ឌចំការមនបានធ្វើការប្រគល់ម៉ូតូនោះទៅឱ្យម្ចាស់ដើមវិញឈ្មោះជ្រាង រ៉េន ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះលេខ៧៣ ផ្លូវលេខ១០៧ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ។ ចំណែកជនសង្ស័យទាំង២នាក់បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕