ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​រាវមីន​ និង​ដោះ​មីន

13 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា ​​លោក​ឧត្តម​សេនីយ៍ឯក​ យង់​ សារិទ្ធិ មេបញ្ជា​ការ​រងបញ្ជាការ​ដ្ឋាន​​​​កង​អង្គរក្ស​ប្រចាំ​​ជួរ​មុខ បានអញ្ជើញ​ជា​អធិបតី​ភាព​​ក្នុង​ពិធីបើក​វគ្គ​ហ្វឹកហ្វឺន​ដល់​នាយ​​ នាយរង និង​ពល​ទាហាន ​លើ​ជំនាញរាវ​មីននិង​ដោះ​មីន​​ ។ ពិធី​នេះ​ប្រារព្ធធ្វើ​ឡើង​​នៅ​​ក្នុង​បញ្ជាការ​ដ្ឋាន​កងអង្គរក្ស​ប្រចាំ​ជួរ​មុខ​ដោយ​មាន​​កា​រអញ្ជើញ​ចូល​រួម​ពី​លោក ​​ស ថាវី ​តំណាង​​អាជ្ញា​ធរ​ខេត្ត​ និង​​នាយ​ទាហាន​​​មកពី​​អង្គភាព​ចំនួន​១៨ ប្រចាំ​​ជួរ​មុខ​ ព្រម​ទាំង​​​មាន​សិក្ខា​កាម​ចូល​រួម​ប្រមាណ​១៥០​នាក់ ​​មកពី​គ្រប់​បណ្តា​​កង​ឯក​ភាព ។

ក្នុងពិធី​នេះ ​ក៏​មាន​ការ​និមន្ត​ព្រះ​សង្ឃ​​ដែល​គង់​នៅ​ក្នុងវត្ត​កែវ​គិរីស្វារៈធ្វើការប្រោះ​ព្រំ ដល់​នាយ នាយរង​ និងពល​ទាហាន​ផង​ដែរ​ ។​ ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​រាវ​មីន និង​ដោះ​មីន​ ដល់​នាយ នាយ​រង​ និងពល​ទាហាន​ប្រចាំ​ជួរ​មុខ​ ក្នុង​តំបន់ប្រាសាទ​ព្រះ​វិហារ​នាពេល​នេះមាន​រយៈ​ពេល​ចំនួន​៣១​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​​២៥ ​កក្កដា ​​​តទៅ ​និង​មាន​ចំនួន​​២១៧​ម៉ោង ​ក្នុង​នោះ​មានការ​សិក្សា​ឱ្យ​យល់​ដឹង​​​អំពី GPS ​​ចំនួន​​៦​ថ្ងៃ ​ស្មើនឹង​​៤២​ម៉ោង ​តាមបច្ចេក​វិទ្យា​​ម៉ាស៊ីន​​​រាវ​មីនថ្មី​​ទំនើប​​ជា​ផលិត​ផល​របស់​ប្រទេស​ជប៉ុន ​។  ជា​រៀង​រាល់​ឆ្នាំ ​ការ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​​​យោធា​​ប្រចាំជួរមុខ ​គឺ​តែងតែ​បាន​បើក​វគ្គ​​ជា​បន្ត​បន្ទាប់ ។​

នៅក្នុង​ឱកាស​នោះ​ ​លោក ស ថាវី ​​អភិ​បាល​​​រង​ខេត្ត ​បាន​មាន​មតិ​ផ្តាំ​ផ្តើ​ដល់នាយ នាយ​រង​ និងពល​ទាហាន ​​ជា​សិក្ខា​កាម​ ​ត្រូវខិតខំ​ត្រង​ត្រាប់​​ស្តាប់​គ្រូ​បង្វឹក​ឱ្យ​បាន​ចេះ​ស្ទាត់​​ ដើម្បី​ជា​ទុន​​សម្រាប់​​ការ​ពារជាតិ​ និង​ប្រជាពលរដ្ឋ​ ។ លោក​ឧត្តម​​សេនីយ៍​ឯក ​យង់ សារិទ្ធិ មេបញ្ជា​ការ​​​រង​ បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស បាន​មាន​ប្រសាសន៍​​​ថា ការ​បើក​វគ្គ​​ហ្វឹក​ហ្វឺននេះ​​គឺ​ជា​កាតព្វកិច្ច​យ៉ាង​សំខាន់ ​សម្រាប់​​កង​កម្លាំង​ទូទៅ​ប្រចាំ​ជួរ​មុខ​ ក្នុង​ការ​ត្រៀម​​​លក្ខណៈ​ខ្ពស់ ​លើ​វិស័យ​ការ​ពារ​ជាតិ ។​ លោក​ឧត្ត​មសេនីយ៍ ​​បញ្ជាក់​ថា ​បើ​និយាយ​អំពី​សព្វាវុធ ​កាលពី​ទសវត្ស​មុន​​ៗ​ មិន​ទាន់​ទំនើប​​ដូច​ពេល​នេះ​ទេ ​ដូច្នេះ​ពេល​នេះ​​គឺ​សព្វា​វុធ​​ទំនើប​ណាស់​តាម​សម័យ​កាល ​។ យើង​ទាំង​អស់​គ្នា​ជា​កង​កម្លាំង​​បានឃើញ​និង​បាន​យល់​ហើយ​ថា ​បច្ចុប្បន្ន គ្រឿង​​សព្វាវុធ​ គឺ​ទំនើប​និង​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់ក្នុង​ការ​ប្រើ​ប្រាស់ ​ដូច្នេះ​ពេលនេះ​ យើង​ជា​កង​កម្លាំង​​ក៏​ត្រូវ​មានធន​ធាន​មនុស្ស​ក្នុង​​កង​ទ័ព​ ដើម្បី​ប្រើ​ប្រាស់​​គ្រឿង​សព្វា​វុធ​​ទាំង​នោះ​ឱ្យ​​​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ ។

​លោក​ឧត្តម​សេនីយ៍​ យង់ សារិទ្ធិ ​​បន្ត​ថា ​ជាក់ស្តែង​ការ​បើក​វគ្គ​ហ្វឹក​ហ្វឹនជំនាញ​​រាវ​ និង​ដោះ​មីន  នាពេល​នេះ គឺ​ត្រូវ​ឱ្យ​សិក្ខា​កាមទាំងអស់​យល់​ដឹង​អំពីម៉ាស៊ីន​រាវ​​រក​គ្រាប់​មីន​ប្រភេទថ្មី ​​ទំនើប​​ដែល​ជា​ផលិត​ផល​​របស់​ប្រទេស​ជប៉ុន ក្នុង​ទសវត្ស​នេះ ដើម្បី​ត្រៀម​ខ្លួន​​ធ្វើ​ការ​បោស​សម្អាត​​គ្រាប់មីន​នៅ​តាម​បណ្តោយ​ព្រំដែន ពិសេស​​គឺ​តំបន់​ទេសចរណ៍​​វប្បធម៌​​ប្រាសាទ​ព្រះវិហារ ៕