ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រ៉េមី ៖ សហ​​រដ្ឋ​​អាមេ​រិក​​មិន​​អាច​​ដាក់​​សម្ពាធ​​មក​​លើ​​រាជ​​រដ្ឋា​​ភិបាល​​ដោយ​​សារ​​តែ​​ទណ្ឌិត​ សម រង្ស៊ី​​ទេ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មន្ត្រី​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​អះ​អាង​ថា ​សហរដ្ឋ​អាមេរិក​មិន​អាច​ដាក់​សម្ពាធ​ណា​មួយ​មក​លើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ឱ្យ​ទណ្ឌិត​ សម រង្ស៊ី បាន​វិល​ចូល​ស្រុក​​បន្ត​​ធ្វើ​នយោ​បាយ​នោះ​ទេ ​ព្រោះ​បញ្ហា​​មេ​បក្ស​​ប្រឆាំង​រូប​នេះ ​មិន​មែន​ជា​បញ្ហា​​នយោ​បាយ​ឡើយ​ ប៉ុន្តែ​​ជា​ការ​ប្រព្រឹត្ត​

រាជធានីភ្នំពេញ​ ៖ មន្ត្រី​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​អះ​អាង​ថា ​សហរដ្ឋ​អាមេរិក​មិន​អាច​ដាក់​សម្ពាធ​ណា​មួយ​មក​លើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ឱ្យ​ទណ្ឌិត​ សម រង្ស៊ី បាន​វិល​ចូល​ស្រុក​​បន្ត​​ធ្វើ​នយោ​បាយ​នោះ​ទេ ​ព្រោះ​បញ្ហា​​មេ​បក្ស​​ប្រឆាំង​រូប​នេះ ​មិន​មែន​ជា​បញ្ហា​​នយោ​បាយ​ឡើយ​ ប៉ុន្តែ​​ជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

ថ្លែង​ប្រាប់​​អ្នកសារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ​នៅ​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី លោក កែវ រ៉េមី ​​រដ្ឋ​លេខា​ធិការ​ និង​ជា​អនុ​ប្រធាន​អង្គ​ភាព​​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​​មិន​មាន​ហេតុ​ផល​ណា​មួយ​ដាក់​​សម្ពាធ​មក​លើ​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ទាក់​ទិន​នឹង​​បញ្ហា​លោក សម រង្ស៊ី ទេ ។ លោក​បន្ត​ថា ​កន្លង​មកអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​ក៏​ធ្លាប់​បាន​ចេញ​​សេចក្តី​​ថ្លែង​ការណ៍​មួយ​ទាម​ទារ​ឱ្យ​លោក​ជំទាវ​​ ហ៊ីលឡារី គ្លីន​តុន រដ្ឋ​មន្ត្រី​​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក ដាក់​សម្ពាធ​​មក​លើ​កម្ពុជាដែរ​ ។ ប៉ុន្តែ​ពេល​ដែល​​លោក​ជំទាវ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​​​អាមេរិក​រូប​នោះ​មក​កម្ពុជាកាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​គេ​​អត់​និយាយ​អំពី​ការ​ដាក់​សម្ពាធ​អ្វី​ទាំង​អស់​ ព្រោះ​​គេ​បាន​យល់​ច្បាស់​ហើយ​ថា ​បញ្ហា​លោក​ សម រង្ស៊ី ​​មិន​មែន​ជា​បញ្ហា​នយោ​បាយ​ ប៉ុន្តែ​​ជា​បញ្ហា​​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​​របស់​បុគ្គល ។

លោក​ កែវ រ៉េមី បាន​លើក​ឡើង​ថា កម្ពុជា​គឺ​ជា​រដ្ឋ​ឯក​រាជ​្យ​មួយ និង​មិន​មែន​ជា​ប្រទេស​​ដែល​រណប​​ប្រទេស​ណា​មួយ​ឡើយ ដូច្នេះ​វា​មិន​អាច​ទៅ​រួច​ទេ​​ នៅ​ពេល​ដែល​គេ​និយាយ​ថា ប្រទេស​​ណា​មួយ​មក​ដាក់​សម្ពាធ​លើ​ប្រទេស​ឯក​រាជ្យ​ណា​មួយ​ទៀត ។ ទន្ទឹម​នោះ​ លោក​សម្តែង​នូវ​ការ​សោក​ស្តាយ​ផង​ដែរ​​ចំពោះ​អ្នក​នយោ​បាយ​ខ្លះ​ដែល​​បាន​ដក់​ជាប់​ផ្នត់​​គំនិត​​​ធ្វើ​ជា​​អាយ៉ង​បរទេស ​និង​ឱ្យ​តម្លៃ​ទៅ​បរទេស​​ខ្ពស់​ជាង​តម្លៃ​​ជាតិ​សាសន៍​​ខ្លួន ។

​ការ​លើក​ឡើង​​របស់​លោក​ កែវ រ៉េមី ​គឺ​ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​​គណបក្ស​​​ប្រឆាំង​​ដែល​បាន​​និង​កំពុង​​ស្វះ​ស្វែង​​រក​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​​ឱ្យ​​លោក សម រង្ស៊ី បានវិល​ចូល​ស្រុក​វិញ និង​​ចូ​ល​រួម​ក្នុង​នយោ​បាយ​សម្រាប់​ការ​បោះ​ឆ្នោត​​នា​ឆ្នាំ​២០១៣​ខាង​មុខ​។

​ពាក់​ព័ន្ធ​​នឹង​ករណី​លោក សម រង្ស៊ី នេះដែរ​ លោក​ កែវ រ៉េ​មី​ ​បញ្ជាក់​​ថា បញ្ហា​លោក សម រង្ស៊ី គឺ​ជា​​បញ្ហា​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ មិន​មែន​ជា​រឿង​នយោ​បាយ ហើយ​បរទេស​​សុទ្ធ​តែ​បាន​ដឹង​អំពី​បញ្ហា​នេះ ។ លោក​បន្ថែម​​ថា  លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​ខុស​លើ​ករណី​ពីរ​ គឺ​ការ​​ដក​តម្រុយ​​បង្គោល​ព្រំ​ដែន ​និង​ការ​បង្ហោះ​​​ផែនទី​ក្លែង​ក្លាយ ។ ​លោក កែវ រ៉េ​មី បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ​ផង​​ដែរ ចំពោះ​ការ​​ដែល​លោក សម រង្ស៊ី ​បាន​បង្ហោះ​ផែន​ទី​ក្លែង​ក្លាយ​ និង​ធ្វើ​ឱ្យ​បាត់​បង់​​ប្រាសាទ​ព្រះ​វិហារ​​របស់​ខ្មែរ​​យើង​​ចូល​ទៅ​ថៃ។

​ចំពោះ​ការ​បង្រួប​បង្រួម​​រវាង​​​គណបក្ស​ប្រឆាំង​​ទាំង​ពីរ លោក​ កែវ រ៉េមី បាន​បញ្ចេញ​ទស្សនៈ​ថា​​ ការ​បង្រួប​បង្រួម​គណបក្ស​​ប្រឆាំង​​​ទាំង​ពីរ​នោះ គឺ​ជា​សិទ្ធិ​​សេ​រី​ភាព​របស់​អ្នក​នយោ​បាយ​ គ្មាន​អ្នក​ណា​​អាច​រា​រាំង​​បាន​ទេ ។ ​ប៉ុន្តែ​​ការ​បង្រួប​បង្រួម​នោះ គឺ​មិន​បាន​ធ្វើ​ឱ្យ​គណបក្ស​​ប្រជា​ជនកម្ពុជា​​​ព្រួយ​បារម្ភ​ឡើយ​ ​ព្រោះ​សំឡេង​គាំ​ទ្រ​​ពួក​គេ​​គឺ​នៅ​​តែ​ចំនួន​ដដែល​គ្មាន​ការ​ប្រែ​ប្រួល​ ឬ​កើន​ឡើង​​ទេ ។

​ទាក់​ទង​នឹង​​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​​ប្រឆាំង​​ដែល​ថា​ ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៣ នឹង​​មិន​ដំណើរ​​ការ​ដោយ​សេរី និង​យុត្តិ​ធម៌ ដោយ​សារ​​​តែ​លោក សម រង្ស៊ី មិន​អាច​មក​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​​បាន​នោះ​ត្រូវ​បាន​លោក កែវ រ៉េ​មី ច្រាន​ចោល​​ដោយ​អះ​អាង​ថា ​ការ​បោះ​ឆ្នោត​​នាឆ្នាំ​២០១៣​ខាង​មុខ​នេះ ​​នឹង​ដំណើរ​ការ​​ជា​ធម្ម​តា ដោយ​មាន​លក្ខណៈ​​សេរី​ យុត្តិ​ធម៌ ។ គណបក្ស​​ ឬ​ក៏​បុគ្គល​ណា​ក៏​អាច​​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​​ប្រជែង​ក្នុង​ការ​ធ្វើ​នយោ​បាយ​​បាន​ដែរ ​ប៉ុន្តែ​ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ខណៈ​ពេល​ដែល​បុគ្គល​អ្នក​នយោ​បាយ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ជាប់​ចោទ ដូច​មាន​ចែង​ក្នុង​​ច្បាប់​ ។ លោកបាន​​ចាត់​ទុក​​ការ​លើក​ឡើង​​របស់​​គណបក្ស​​ប្រឆាំង​​ទាំង​ពីរ​​ដែល​ទាម​ទារ​ឱ្យ​មាន​​ការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ថា​ជា​លេស​​នយោ​បាយ​របស់​គណបក្ស​​ប្រឆាំង​តែ​​​ប៉ុណ្ណោះ ហើយ​ការ​រួប​រួម​គ្នា​​ជា​​ចលនា​សង្គ្រោះ​​ជាតិ​ស្អី​គេ​នោះ​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​​ប្រជា​ជន​កម្ពុជា​​បារម្ភ​​ឡើយ ៕