ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកដើមឈើដាច់កង់ម្ខាង
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:៣៦

ប៊ុនរី
រថយន្តតូយ៉ូតាបានរេចង្កូតទៅបុកដើមលឿងរាជលើចិញ្ចើមផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាពីរបាំងមួយគ្រឿងបានរេចង្កូតទៅបុកដើមលឿងរាជលើចិញ្ចើមផ្លូវមួយទំហឹង បណ្តាលឱ្យដាច់កង់ម្ខាង កាលពីវេលាម៉ោងសូន្យនិង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ សីហា ២០១០ នៅកែងផ្លូវលេខ៤៣២ និងលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ តាមសាក្សីនិយាយថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងនេះម៉ាកតូយ៉ូតាពីរបាំងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7176 បើកបរក្នុងល្បឿនលឿនលើកំណាត់ផ្លូវលេខ៤៣២ ឆ្ពោះទៅទិសខាងលិច លុះមកដល់កែងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ស្រាប់តែរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកដើមលឿងរាជលើចិញ្ចើមផ្លូវ បណ្តាលឱ្យដាច់កង់ខាងស្តាំ ហើយជ្រុលទៅបុកខឿនផ្លូវទៀត ។
ក្រោយពីចងកំហឹងជាមួយដើមលឿងរាជ រហូតដាច់កង់ម្ខាងទៅមុខលែងរួច គេឃើញបុរសពីរនាក់បើកទ្វារចេញមកខាងក្រៅ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ហើយនាំគ្នាហៅម៉ូតូឌុបជិះចេញទៅបាត់ ។ ដោយឡែកនៅយប់ថ្ងៃដដែលវេលាម៉ោង៩មានរថយន្តមួយគ្រឿងម៉ាកកាមរី គូទហើម ពណ៌ស ដែលគេស្គាល់ថា ជារថយន្តសាលាបង្រៀនបើកបរដៃចំណាន (តាកែវ) បានបើកទៅបុករបាំងថ្មចែកផ្លូវលើកំណាត់មហាវិថីព្រះមុនីវង្ស មុខអតីតរោងចក្រកាត់ដេរគង់ហុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យខូចខាតរបាំងថ្ម និងរថយន្ត ។ ទោះបីជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ ពុំមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសទេ ប៉ុន្តែមូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់នេះ ដោយសារអ្នកបើកបរហូបគ្រឿងស្រវឹង ។ រថយន្តបង្កត្រូវបានស្ទូចយកទៅ រក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕