ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម «អណ្តូង​កន្ទួត» ត្រឡប់​​មក​តវ៉ា​​ជា​ថ្មី​នៅ​​មុខ​តុលា​ការ​​ក្រោយ​ពី​តំណាង​ពួក​គេ​៥​នាក់​ត្រូវឃុំ​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ក្រុមអ្នក​តវ៉ា​ជាង​១០០​នាក់​នៅតំបន់«អណ្ដូងកន្ទួត»ឃុំដូនបា ស្រុក​គាស់​ក្រឡ បានលើកគ្នាមកតវ៉ាជាថ្មីម្តង​ទៀត ​កាល​​ពី​វេលា​ម៉ោង១០ព្រឹកថ្ងៃទី២០ កក្កដា ដែល​លើក​នេះ​ពួក​គេបាន​មក​ដល់​ខាង​មុខ​សាលា​ដំបូង​ខេត្ត​តែ​ម្ដង ដើម្បីទាម​ទារ​សុំឲ្យ​ដោះ​លែង​តំណាង​ពួក​គេ​ចំនួន៥​នាក់ ក្នុងចំណោម៦​នាក់​ដែល​តុលា​ការ​បាន​សម្រេច​ឃុំខ្លួន​ក្នុងពន្ធនាគារ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ កក្កដា ក្រោមបទចោទថា «ឆបោក​ប្រាក់» ប្រជា​ពលរដ្ឋ​ដែលពាក់ព័ន្ធនឹង​ការ​កាន់កាប់ដី​ធ្លី​របស់រដ្ឋ​ដោយមិនស្របច្បាប់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​លើក​គ្នា​មក​តវ៉ា​នេះ បានមកម្ដងហើយ កាល​ពីព្រឹក​ថ្ងៃទី​១៩ កក្កដា ក្នុង​បំណងមក​រំដោះតំណាង​ពួក​គេ​ចំនួន​៦នាក់ ដែលសមត្ថ​កិច្ចឃាត់​ខ្លួនតាម​អំណាច​ដីការបស់ព្រះរាជអាជ្ញា។ ប៉ុន្តែពួកគេ​ត្រូវបាន​រារាំង​ដោយកម្លាំង​សមត្ថកិច្ច​ស្រុក​បាណន់ ក្នុង​គ្រា​ដែល​ក្រុមនេះធ្វើដំណើរ​ឆ្លងកាត់ស្រុក​បាណន់។ នៅរសៀលថ្ងៃដដែល​ក្រុម​អ្នក​ភូមិ​បាន​យល់ព្រមត្រឡប់ទៅភូមិ​ឋាន​របស់ពួកគេវិញ ក្រោយពីមន្រ្តីតុលាការ និងសមត្ថកិច្ច​ធ្វើការ​សម្រប​សម្រួលថា នឹងដោះ​ស្រាយជូនពួក​គេ​តាម​នីតិវិធីច្បាប់ និង​ក្រោយពី​សមត្ថ​កិច្ចអនុ​ញ្ញាត​ឲ្យក្រុម​គ្រួសារ​ជួបជាមួយ​ក្រុមជន​សង្ស័យ។ ពិសេសពួក​គេបាន​សម្រេច​វិល​ត្រឡប់​មក​​វិញភ្លាមៗ បន្ទាប់ពី​មាន​បញ្ជាពីមេ​ខ្លោង​របស់​ពួក​គេឈ្មោះឃឿន សារ៉េត ដែល​ពួកគេ​ចាត់​ទុក​ជា «អាទិទេព» និងគោរពកោត​ខ្លាច​បំផុត​​នៅ​តំបន់ «អណ្តូង​កន្ទួត» នោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕