រាជធានីភ្នំពេញ ៖ លោកេមប៉ុស្តិ៍ផ្សារថ្មី១ ត្រូវរថយន្តវីហ្គោ គ្មានស្លាកលេខ បើកដេញបំបុកពីចំណុចផ្លូវលេខ៥៣កែងផ្លូវលេខ១៣៦ ហើយអូសម៉ូតូនិងមនុស្សរហូតដល់មុខច្រកទ្វារចូលខាងកើតផ្សារធំថ្មីចម្ងាយជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៧ កក្កដា បណ្តាលឱ្យរបួសធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ គេឃើញលោកមេប៉ុស្តិ៍ផ្សារថ្មី១ឈ្មោះ នូ ពន្ធុល ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាលម្នាក់ឯងល្បាតតាមផ្លូវលេខ១៣៦ខាងត្បូងផ្សារធំថ្មីឆ្ពោះទៅទិសខាងកើត លុះមកដល់កែងផ្លូវលេខ៥៣ ស្រាប់តែមានរថយន្តម៉ាកវីហ្គោ គ្មានស្លាកលេខបើកលើកំណាត់ផ្លូវលេខ៥៣ទៅទិសខាងជើងក្នុងល្បឿនយឺត ខណៈពេលឃើញលោកមេប៉ស្តិ៍ផ្សារថ្មី១ជិះម៉ូតូនៅចំណុចខាងលើក៏បើករថយន្តបំបុកពីក្រោយ បណ្តាលឱ្យម៉ូតូនិងមនុស្សជាប់កាងមុខរួចបន្ថែមល្បឿនអូសរហូតជាង១០០ម៉ែត្រ លុះដល់មុខច្រកទ្វារខាងកើតចូលផ្សារធំថ្មីរថយន្តនោះដាក់លេខថយក្រោយ ទើបរបូតម៉ូតូនិងមនុស្សចេញ ។
រថយន្តបង្កមិនបានឈប់ឡើយ បែរជាបន្ថែមល្បឿនបើកគេចតាមផ្លូវលេខ៥៣ ឆ្ពោះទៅទិសខាងជើងបាត់ស្រមោល ចំណែកមេប៉ុស្តិ៍ផ្សារថ្មី១ត្រូវបានគេដឹកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ៕
ចែករំលែកព័តមាននេះ