ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទចម្រៀងសម័យលោក​ស៊ីន ស៊ី​សាមុត នៅតែជាទីពេញនិយមមិន​សាប​រលាប

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បទ​ចម្រៀង​គឺ​​មនុស្ស​​ភាគ​ច្រើន​​យក​ធ្វើ​ជា​ចំណី​អារម្មណ៍​ដើម្បី​ស្តាប់​​កម្សាន្ត​លំហែ​​អារម្មណ៍​បំបាត់​ភាពតប់​ប្រមល់​​ឬដើម្បីកែអផ្សុក​​ ។អ្នក​និពន្ធ​បទ​ចម្រៀង​ខ្មែរ​យើង​ពី​ជំនាន់​មុន​បាន​តាក់​តែង​បទ​នីមួយៗ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​ ជីវភាព​រស់​នៅ​ និង​ស្រប​ទៅ​នឹង​ប្រពៃណី​ វប្បធម៌​ដ៏​ល្អ​ផូរ​ផង់​របស់​ប្រជាជន​ ខ្មែរ​ ។ បទ​ចម្រៀង​ពី​សង្គម​ត្រូវ​បាន​ទទួល​ការ​ពេញ​

រាជធានីភ្នំពេញ ៖ បទ​ចម្រៀង​គឺ​​មនុស្ស​​ភាគ​ច្រើន​​យក​ធ្វើ​ជា​ចំណី​អារម្មណ៍​ដើម្បី​ស្តាប់​​កម្សាន្ត​លំហែ​​អារម្មណ៍​បំបាត់​ភាពតប់​ប្រមល់​​ឬដើម្បីកែអផ្សុក​​ ។អ្នក​និពន្ធ​បទ​ចម្រៀង​ខ្មែរ​យើង​ពី​ជំនាន់​មុន​បាន​តាក់​តែង​បទ​នីមួយៗ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម​ ជីវភាព​រស់​នៅ​ និង​ស្រប​ទៅ​នឹង​ប្រពៃណី​ វប្បធម៌​ដ៏​ល្អ​ផូរ​ផង់​របស់​ប្រជាជន​  ខ្មែរ​ ។ បទ​ចម្រៀង​ពី​សង្គម​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​គ្រប់​សម័យ​កាល ​បើ​ទោះ​បី​ជា​សម័យ​បច្ចុប្បន្ន​ពោរ​ពេញ​ដោយ​ភាព​ស៊ី​វីល័យ​ និង​ទំនើប​និយម​ក៏​ដោយ​​ ក៏​​​នៅ​តែ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​ប្រជាជន​ខ្មែរ​ ។

លោក សួន សុផល ​អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​​​រាជ​ការ​នៅ​​ភ្នំពេញ​​បាន​បង្ហាញ​​ចំណាប់​អារម្មណ៍​​​​កាលពី​​​ថ្ងៃទី​​១៦កក្កដា​ថា​  បទ​ចម្រៀង​ពី​ដើម​គេ​និពន្ធ​ឡើង​ស្តាប់​ទៅ​ល្អ​ទាំង​អត្ថន័យ​ និង​បទ​ភ្លេ​ង​ ដែល​ធ្វើ​ឱ្យ​​ស្តាប់​​ហើយ​មិន​ចេះ​ជិន​ណាយ​ ។ បទ​ពី​ដើម​តាក់​តែង​ឡើង​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ ដែល​បង្ហាញ​ពី​រឿង​រ៉ាវ​ជាប់​ទាក់​ទង​ពី​ជីវិត​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​ ជា​ពិសេស​អ្នក​និពន្ធ​រំលឹក​អនុស្សាវរីយ៍​ពី​អតីតកាល​ដែល​មាន​ភាព​ផ្អែម​ល្ហែម ​និង​ល្វីង​ជូរ​ចត់ ។

ពេល​ណា​ដែល​លោក​ស្តាប់​បទ​ចម្រៀង​ពី​សម័យ​​មុន​ ជា​ពិសេស​បទ​លោក​ សុីន ស៊ីសាមុត​ ធ្វើ​ឱ្យ​លោក​នឹក​ឃើញ​ដល់​អតីត​កាល​ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ដែល​ស្រដៀង​នឹង​​បទ​ចម្រៀង​ដែល​លោក​កំពុង​តែ​ស្តាប់​នេះ ។ លោក សួន សុផល បាន​រិះ​គន់​ចំពោះ​​បទ​ចម្រៀង​ភាគ​ច្រើន​​ពេល​បច្ចុប្បន្ន​ថា​ មិន​មាន​អត្ថន័យ​​​ខ្លឹម​សារ​ឡើយ​ គឺ​តែង​ឡើង​តាម​តែ​ការ​ចង់​បាន​របស់​យុវវ័យ​សម័យ​នេះ​ប៉ុណ្ណោះ ​មិន​សូវ​ជា​​ផ្តោត​ទៅ​លើ​អ្នក​ស្តាប់​គ្រប់​ស្រទាប់​ឡើយ ។ បទ​ខ្លះ​លោក​ស្តាប់​ទៅ​មិន​ដឹង​ថានិយាយ​ពី​អ្វី ហើយ​ការ​ច្រៀង​មិន​សូវ​មាន​ទឹក​ដម​ មិន​មាន​ការ​លើក​ដាក់​សំឡេង​ ពោល​គឺ​ការ​ច្រៀង​ដូច​ជា​និយាយ ។

ជា​បុគ្គលិក​ធ្វើការ​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នៅរាជ​ធានី​ភ្នំពេញ​ លោក សឿង​ ប្រុស​ ដែល​មាន​អាយុ​ទើប​តែ​២៣ឆ្នាំ បាន​និយាយ​ថា ទោះ​បី​លោក​ជា​ក្មេង​ជំនាន់​ក្រោយ​ក៏​ដោយ ​តែ​លោក​ចូល​ចិត្ត​ស្តាប់​បទ​ពី​ដើម​ជាង​បទ​សម័យឥឡូវព្រោះលោកយល់​ថា ​បទ​ពី​ដើមស្តាប់ទៅពីរោះលន្លង់លន្លោច ស្តាប់​ហើយ​មិនសាំ ។  បទពី​ដើមពិសេស​​បទលោកស៊ីន ស៊ីសាមុត គឺ​ស្តាប់​ហើយ​ពីរោះ​និងមានអន្ថន័យ​ដែលធ្វើឲ្យលោកបាត់ការនឿយ​ហត់ពីការងារ ។

ដោយឡែក លោក ផ្លុង សុគន្ធា មាន​វ័យ​ជាង​៤០ឆ្នាំ​ ជាអ្នកបើកបរ​រថយន្ត​ដឹក​អីវ៉ាន់​ឲ្យ​ក្រុម​ហ៊ុនឯកជនមួយបាននិយាយថា បទពី​ដើម​និង​បទ​ឥឡូវ​គឺខុស​គ្នាឆ្ងាយ​ណាស់ បើសិន​ជា​យើង​ធ្វើការប្រៀបធៀប​គ្នានោះ ។ បទពីដើម​ស្តាប់​ទៅពីរោះ និងមាន​ន័យដែលធ្វើឲ្យអ្នក​ស្តាប់​មាន​អារម្មណ៍​លន្លង់​លន្លោច​ទៅតាម​អត្ថ​ន័យ​​របស់​បទ​ចម្រៀង ហើយ​វាអាច​ធ្វើឲ្យយើង​រំសាយ​​អារម្មណ៍​ដែល​មួហ្មង​អស់ពីខ្លួន ។

លោក​បញ្ជាក់​ថា ពេលលោកបើកបររថយន្ត​ទៅ​តាមខេត្តណាមួយ ហើយលោកចាក់បទពី​ដើម​ដែល​ទាក់ទងទៅនឹងខេត្ត​នោះ​ធ្វើឲ្យ​លោក​មាន​អារម្មណ៍ស្រងេះស្រងោច និង​បាន​ឃើញ​ច្បាស់​នូវ​ទិដ្ឋភាព​ ជាក់ស្តែង​ដែលក​វ​ីនិពន្ធ​បាន​តាក់​តែង​ឡើងនោះ ។ លោកមានអារម្មណ៍ថា បទពី​ដើម​ស្តាប់​ហើយ​ធ្វើឲ្យយើងនឹក​ឃើញឡើង​វិញ​នូវ​អនុស្សាវរីយ៍​ទាំងឡាយ​ដែល​ធ្លាប់ឆ្លង​កាត់​ទាំងជូរ​ចត់ និងផ្អែមល្ហែម ។

ជាកសិករដាំបន្លែម្នាក់​នៅក្នុងឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ លោក ស សារ៉ាត់ ហៅឆ្លូញ មាន​អាយុ​​ជាង៤០ឆ្នាំ​បាន​និយាយថា លោកចូល​ចិត្ត​ស្តាប់បទលោកស៊ីន ស៊ីមុត តាំងពីលោកនៅ​កំលោះ​រហូតដល់បច្ចុប្បន្ន​លោក​មានប្រពន្ធ និង​មាន​កូន៣នាក់​ទៅ​​ហើយ​ក៏លោក​នៅ​តែចូល​ចិត្ត​ដដែល ។ បទពីដើម​ស្តាប់​ទៅពីរោះ​រហូត​ គឺមិន​ចេះ​សាំ ​បើទោះបី​ជា​លោកស្តាប់ស្ទើររៀងរាល់​ថ្ងៃ​ក៏ដោយ ។ ជារឿយៗលោក តែងតែស្តាប់​បទ​ចម្រៀង​នៅ​ពេល​​ដែលលោក​ប្រកបការងារ និងពេល​សម្រាក​ ។ បទ​ពីដើម​ស្តាប់ហើយ​ធ្វើឲ្យ​​លោក​​ដេកលក់​ គឺវាពីរោះ​ដូចជាបំពេ​យើង​អុីចឹង​ដែរ ។

លោកបញ្ជាក់ថា បើទោះ​បីជា​សម័យ​ឥឡូវ​មានបទ​ចម្រៀងថ្មីៗចេញ​ច្រើនក៏ដោយ​ក៏លោក​មិនសូវជាចាប់អារម្មណ៍ឡើយ ព្រោះ​បទ​ទាំង​​នោះ​ស្តាប់ទៅមិនចូល​ត្រចៀកឡើយ ​តែ​សម្រាប់​ក្មេងៗវិញថា ពីរោះ​ណាស់​បើ​ទោះ​បីជា​បទ​នោះគ្មានន័យក៏ដោយ។
លោកយល់ថា បទឥឡូវវាល្បី​បានតែមួយ​ឆាវ​ប៉ុណ្ណោះ ​មិនដូច​បទ​ពីដើមឡើយ គឺល្បី​គ្រប់​ជំនាន់បើ​ទោះ​បី​ជា​អ្នកចម្រៀង​និង​អ្នក​និពន្ធមួយ​​ចំនួនបាន​បាត់​បង់​ជីវិតទៅហើយក្តី ។ ទាំងនេះ​វាមិនខុសពី​ពាក្យ​គេតែងតែនិយាយថា «បទ​ចម្រៀង​​​​សម័យ​ឥឡូវ គឺ​បទ​​ចម្រៀង​ស្លាប់ តែ​អ្នក​ច្រៀងនៅរស់ តែបទពីដើមវិញ​ទោះ​ជាអ្នក​ច្រៀងស្លាប់ក៏បទនៅតែរស់» ។

តារាចម្រៀង​និងជាប្រធានសមាគម​សិល្បករ​ខ្មែរលោក​សុះ ម៉ាច បានបញ្ចេញយោបល់​ថា សម័យ​​ដើម​មុននឹងគេចេញបទ​មួយៗគឺអ្នកនិពន្ធ​រួម​គ្នា​និពន្ធទាំងអត្ថន័យ និង​បទ​ភ្លេង ។ ​ការ​និពន្ធ​របស់កវីជំនាន់មុន​គឺមានទឹកដៃល្អធ្វើឱ្យ​​បទនីមួយៗស្តាប់ទៅ​ពីរោះ​​មិនចេះ​ជិន​ណាយ​ និង​មិន​សាប​​ ទោះបីជាវា​បាន​កន្លង​ផុតទៅ​ជាច្រើន​ឆ្នាំក៏ដោយ ។ បទពី​ដើម​គឺនិពន្ធ​ដោយទឹកដៃកូន​ខ្មែរពិតៗ​ បើទោះជា​បទខ្លះចម្លងពីបរទេស​ក៏​ដោយ  ក៏អ្នកនិពន្ធបាន​កែច្នៃវា​ទៅជា​លក្ខណៈ​ជា​ខ្មែរ​ដែរ​ ។

លោក​សុះ ម៉ាច បញ្ជាក់​ថា ខុស​ពីសម័យ​ឥឡូវ​ដែលបទ​ភាគ​ច្រើន​គឺ​ចម្លង​ពីបរទេសស្ទើរ​ទាំងស្រុងដែល​ធ្វើឲ្យ​វា​បាត់នូវ​ពណ៌សម្បុរស​  ខ្មែរ ។ សម័យ​នេះគឺហៅថា «​សម័យលួច​​ចម្លង​និយម» គឺគេចាំតែចម្លងពីបរទេសឱ្យ​តែគេ​ចេញ​​អ្វីថ្មី ​អ្នក​និពន្ធខ្មែរ​យើង​មួយ​ចំនួន​ចម្លង​យក​មក​ភ្លាម​ ហើយឲ្យអ្នក​ចម្រៀង​ច្រៀង​ដាក់​ស៊ីឌី​លក់​នៅ​លើទីផ្សារ ។ ក្នុង​នាម​ជាប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោកសុះ ម៉ាច អំពាវ​នាវ​ឱ្យ​អ្នក​និពន្ធខ្មែរ​មួយ​ចំនួន​នាពេលបច្ចុប្បន្ននេះ​ ប្រសិន​បើចម្លង​បទពីគេសូម​ដាក់ថា​សម្រួល​តន្ត្រីវិញ ចៀស​វាង​ដាក់​ថា​និពន្ធដោយ​ខ្លួន​ឯង​ ។ ទន្ទឹម​​នេះ​​លោក​អំពាវនាវដល់​សិល្បករខ្មែរ​ទាំងអស់​ឱ្យ​រួបរួម​គ្នា​ជួយ​លើក​តម្កើងសិល្បៈ​វប្បធម៌ខ្មែរ​ឱ្យ​មាន​ការ​រីកចម្រើនឡើង ៕