ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីយ៉ាន់ដាយ​បើក​​លឿន​បុក​គល់​ឈើ​របួស​ធ្ងន់ និង​ស្រាល​៩​នាក់​

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ស្នូរ​លាន់​កក្រើក​​ដូច​រន្ទះ​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​​តែ​​រថយន្ត​មួយ​គ្រឿង​​ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់​​ លុះ​មក​ដល់​ចំណុច​​ផ្លូវ​បត់​ដោយ​សារ​តែ​អ្នក​បើក​បរ​យក​​ចង្កូត​​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​​ផ្ទប់​នឹង​គល់​ដើម​គគីរ បណ្តាល​ឱ្យ​​អ្នក​​បើក​បរ​រួម​ទាំង​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៩​នាក់ ត្រូវ​រង​របួស​ធ្ងន់ និង​​ស្រាល ។

​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​​នោះ​​គេឃើញ​រថយន្ត​​សង្គ្រោះ​តាម​គ្លីនិក​ឯក​ជន​ ក្នុង​ខេត្ត​ព្រះ​សីហនុ ​បាន​ទៅ​ដឹក​ជញ្ជូន​យក​ជន​រង​គ្រោះ​ទៅ​ព្យា​បាល​​នៅតាម​គ្លីនិក​ផ្សេងៗ​គ្នា ។

លោក​វរ​សេនីយ៍​ទោ ព្រហ្ម​ ពៅ នាយ​ការិយា​​ល័យ​​ចរា​ចរ​ផ្លូវ​គោក​នៃ​ស្នងការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​ព្រះ​សីហនុ ​បាន​ឱ្យ​ដឹង​​ថា ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទីរសៀល​ថ្ងៃទី​១៣ ​កក្កដា ២០១២ ​តាម​បណ្តោយ​វិថី​ឯក​រាជ្យ ​ត្រង់ចំណុច​​ផ្លូវកោង​​បត​់​ទល់​​មុខ​អតីត​សាលា​ដំបូង​​​ក្រុង​​ព្រះ​​សីហនុ​ចាស់ ​ស្ថិត​នៅ​​ភូមិ​៣ សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​​សីហនុ ។

លោក​បន្ត​ទៀតថា រថយន្ត​ដែល​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​​ម៉ាក​ហ៊ីយ៉ាន់​ដាយ (PORTER) ប្រភេទ​ដឹក​​ធុន​តូច ពណ៌ស ​ជា​កម្ម​សិទ្ធិ​របស់​​ក្រុម​អាជីវ​ករ​ទទួល​ម៉ៅការ​រៀបចំ​តម្លើង​​ឆាក និង​ប្រគំតន្ត្រី​​ផ្សព្វផ្សាយ​​ពាណិជ្ជ​កម្ម​​ឱ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ លីអូ ។ បើក​បរ​ដោយ​ឈ្មោះ​គង់ ញ៉ា ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ​មាន​ទីលំនៅ​រាជ​ធានីភ្នំពេញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕