ព្រះសង្ឃនិងពុទ្ធបរិស័ទរៀបចំពិធីបុណ្យរុក្ខទិវា9កក្កដា
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសៅរ៏ ទី១៤ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៥:៤៥

កោះសន្តិភាព
ព្រះសង្ឃនិងពុទ្ធបរិស័ទរៀបចំពិធីបុណ្យរុក្ខទិវា9កក្កដា
ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី១២ កក្កដា នៅវត្តបុព្វារាម ហៅវត្តព្រៃយាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា និងដាំកូនឈើចំនួន៤.០០០ដើម នៅតាមដងផ្លូវ និងទីធ្លាវត្ត ក្រោមអធិបតីភាពព្រះសាសនមុនី ជេត ឌិន រាជាគណៈថ្នាក់ទោ ព្រះមេគណខេត្ត លោកចាន់ សុគាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកណេប សារ៉ុន អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពីព្រះតេជគុណបាឡាត់ខេត្ត អនុគណស្រុក-ក្រុង ព្រះសង្ឃ ពុទ្ធបរិស័ទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។
លោក ចាន់ សុគាត បានថ្លែងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដា នាឱកាសនេះ គឺមានគោលបំណងបំផុសពុទ្ធបរិស័ទ មន្ត្រីរាជការ ឱ្យចូលរួមដាំដើមឈើ និងផ្សព្វផ្សាយអំពីសារសំខាន់ និងគុណប្រយោជន៍របស់ដើមឈើឱ្យប្រជាពលរដ្ឋបានយល់ដឹង ។ ចលនាដាំដើមឈើនេះ បានកើតឡើងតាំងពីទសវត្សឆ្នាំ៥០ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះមានឈ្មោះថា ទិវាហត្ថកម្មដាំដើមឈើ ។ ការដាំដើមឈើគឺជាសកម្មភាពដ៏ទូលាយ ជំរុញឱ្យថ្នាក់ដឹកនាំ ព្រះសង្ឃ ប្រជាពលរដ្ឋចូលរួមនិងក្លាយទៅជាចលនាគំរូ ត្រូវបានទទួលស្គាល់ថា ជាប្រពៃណីជាតិមួយដែលហៅថា ពិធីបុណ្យរុក្ខទិវា ហើយត្រុវបានកំណត់ដោយព្រះរាជក្រឹត្យលេខ៧៣៨ នស ចុះថ្ងៃទី៨ សីហា ឆ្នាំ១៩៥២ ។
ព្រះតេជគុណ ព្រះសាសនមុនី ជេត ឌិន មានថេរដីកាថា ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មានសារសំខាន់សម្រាប់មនុស្សជាតិលើពិភពលោក និងជាជម្រកសត្វ មច្ឆា ជាពិសេសទ្រទ្រង់កម្តៅព្រះអាទិត្យមិនឱ្យឡើងកម្តៅខ្លាំង ទ្រទ្រង់ទឹកមិនឱ្យរីងស្ងួត ការពារបរិស្ថានធម្មជាតិ ការពារខ្យល់ព្យុះ ទឹកជំនន់ ។ ការកាប់បំផ្លាញព្រៃឈើធ្វើឱ្យមានគ្រោះធម្មជាតិរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ។
ព្រះតេជគុណមានថេរដីកាទៀតថា ការដាំដើមឈើ គឺបានបុណ្យបំផុត បើតាមពុទ្ធប្រវត្តិព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់យកដើមឈើធ្វើជាយានគ្រប់កាលសម័យ ចាប់តាំងពីទ្រង់ប្រសូតរហូតដល់ទ្រង់ត្រាស់ដឹង ទ្រង់ប្រោសបញ្ចវគី ទ្រង់សម្តែងព្រះធម៌ដំបូង ទ្រង់សម្តែងបាដិហារ្យ ក៏ដូចជាព្រះអង្គទ្រង់បរិនិព្វាន។ ដូច្នេះ ក្នុងនាមយើងអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែចូលរួមអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិធម្មជាតិរបស់បុព្វបុរសរបស់យើងនៅលើដីមាន ទឹក មច្ឆា ព្រៃឈើ ជីវចម្រុះ យើងត្រូវតែស្រឡាញ់គោរពសម្បត្តិធម្មជាតិ រួមគ្នាការពារអភិរក្ស ។
ព្រះតេជគុណមានថេរដីកាបន្តទៀតថា ការគោរពសម្បត្តិធម្មជាតិរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការនៅខ្សោយ ដោយនាំគ្នាកាប់បំផ្លាញព្រៃឈើធម្មជាតិដែលពីមុនទសវត្សឆ្នាំ៦០ ប្រទេសយើងមានព្រៃឈើធម្មជាតិរហូតដល់ទៅ៧៥% ក៏ប៉ុន្តែមកដល់បច្ចុប្បន្នព្រៃធម្មជាតិត្រូវបាត់បង់ ជាពិសេសនៅខេត្តស្វាយរៀងស្ទើរតែអស់ព្រៃធម្មជាតិ ដូច្នេះសំណូមពរឱ្យពង្រីកការដាំដើមឈើឱ្យបានគ្រប់ទីទួល អមតាមផ្លូវថ្នល់ វត្តអារាម តាមផ្ទះទៅតាមស្ថានភាពដី ដាំហើយត្រូវរួមគ្នាការពារនិងគោរពដើមឈើដែលជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ ដើម្បីសាសនា និងសង្គមជាតិ មានសេចក្តីសុខសន្តិភាព ។
លោកណេប សារ៉ុន អភិបាលក្រុងបាវិត បានថ្លែងថា ជាការពិតណាស់មនុស្សត្រូវការដើមឈើតាំងពីចាប់កំណើត ពេលពេញវ័យ រហូតដល់ពេលស្លាប់ គឺពេលកើតត្រូវការអុស ធ្យូង ធ្វើផ្ទះសម្បែង ពេលស្លាប់ត្រូវការធ្វើមឈូស ។ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ គឺបណ្តាលមកពីការបាត់បង់ព្រៃឈើ ការប៉ះពាល់ និងកង្វះអាហារូបត្ថម្ភ គឺបណ្តាលមកពីការប្រើប្រាស់ជាតិគីមីលើវិស័យកសិកម្ម និងការប្រើប្រាស់នៅតាមបណ្តារោងចក្រ សហគ្រាស ។ ទាំងនេះហើយទើបរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវគោលនយោបាយចតុកោណ និងគោលនយោបាយអភិវឌ្ឍន៍ជាតិបានរីកចម្រើនលើគ្រប់វិស័យ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះធនធានធម្មជាតិ ។ ជាពិសេសរុក្ខទិវា៩កក្កដានេះ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំជាមួយនឹងការគ្រប់គ្រងវិស័យព្រៃឈើ និងការដាំដើមឈើ ៕