ប្រជាពលរដ្ឋក្រុងព្រះវិហារ ប្រមាណ១.០០០នាក់ តវ៉ារឿងភ្លើងអគ្គិសនីមានតម្លៃខ្ពស់ និងភ្លឺដាច់ៗ
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃព្រហស្បត្ត៏ ទី៥ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៧:៣៥

កោះសន្តិភាព
ប្រជាពលរដ្ឋក្រុងព្រះវិហារបាននាំគ្នាមកតវ៉ារឿងភ្លើង
ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី៥ កក្កដា ២០១២ ប្រជាពលរដ្ឋក្រុងព្រះវិហារ ប្រមាណ១.០០០នាក់បានផ្ទុះកំហឹងលើកគ្នាចូលទៅឈរត្រៀបត្រានៅមុខមន្ទីរឧស្សាហកម្មខេត្តព្រះវិហារ សុំឱ្យអ្នកគ្រប់គ្រងអគ្គិសនីព្រះវិហារ បញ្ចុះតម្លៃភ្លើងពី១គីឡូវ៉ាត់២.៦០០រៀលឱ្យនៅត្រឹម១.៥០០រៀល តាមកិច្ចសន្យាដែលម្ចាស់ក្រុមហ៊ុនអគ្គិសនីព្រះវិហារ បានធ្វើកុងត្រាកាលពីអំឡុងឆ្នាំ២០០៣ ហើយម្យ៉ាងភ្លើងភ្លឺដាច់ៗគួរឱ្យធុញទ្រាន់ខ្លាំងណាស់ ។
ការផ្ទុះកំហឹងឈានដល់ការលើកគ្នាទៅតវ៉ាខាងលើនេះ ព្រោះតែពួកគាត់បានអត់ធ្មត់ក្នុងការបង់ថ្លៃភ្លើងអស់រយៈពេលជិត១០ឆ្នាំមកហើយលើតម្លៃ២.៦០០រៀល... ប៉ុន្តែតាមពិតម្ចាស់ក្រុមហ៊ុនអគ្គិសនីព្រះវិហារ បានចុះកុងត្រាកំណត់តម្លៃតែ១.៥០០រៀលប៉ុណ្ណោះ ក្នុងរយៈពេល១៥ឆ្នាំ និងសុំឱ្យម្ចាស់អគ្គិសនីព្រះវិហារប្តូរកុងទ័រភ្លើងរបស់ក្រុមហ៊ុននេះចេញ ព្រោះពួកគាត់បានសង្ស័យថា ខាងក្រុមហ៊ុនបានកែច្នៃកុងទ័រដើរលឿនស៊ីលុយពួកគាត់ក្នុងមួយខែៗមិនតិចទេ ។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់ទិញកុងទ័រពីអាជ្ញាធរអគ្គិសនីកម្ពុជាយកទៅឱ្យក្រុមហ៊ុនអគ្គិសនីព្រះវិហារ ដាក់ដើម្បីប្រើប្រាស់ ប៉ុន្តែគេ (ក្រុមហ៊ុន) មិនដាក់ឱ្យទេ ទាល់តែទិញពីក្រុមហ៊ុនអគ្គិសនីផ្ទាល់ ទើបដាក់ឱ្យប្រើប្រាស់ទាំងនេះ បង្ហាញពី ការប្រើល្បិចកិបកេងមកលើប្រជាពលរដ្ឋខ្លាំងណាស់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕