ការប៉ះទង្គិចគ្នានានាកើតមានកាលពីថ្ងៃទី៤កក្កដានៅទីក្រុងគៀវរវាងកងកម្លាំងប៉ូលិសនិងបាតុករជាច្រើនរយនាក់ដែលប្រឆាំងនឹងច្បាប់មួយដែលសំដៅពង្រឹងការប្រើប្រាស់ភាសារុស្ស៊ីនៅអ៊ុយក្រែន ។ច្បាប់នេះដែលផ្តល់លក្ខន្តិកៈដល់ភាសារុស្ស៊ីជាភាសាតំបន់ដែលនិយាយក្នុងតំបន់ទាំងឡាយដែលប្រជាជនភាគច្រើននិយាយភាសានេះត្រូវបានអនុម័តកាលពីថ្ងៃទី៣កក្កដា ក្រោយពីសំណើគួរឱ្យភ្ញាក់ផ្អើលមួយរបស់សមាជិកសភាមួយរូប ។
ក៏ប៉ុន្តែច្បាប់នោះនឹងពុំមានសុពលភាពឡើយ ប្រសិនបើប្រធានសភាបន្ទាប់មកប្រមុខរដ្ឋមិនព្រមចុះហត្ថលេខា ។ ប្រឈមមុខចំពោះសភាពការណ៍នេះប្រធានសភាបានសុំលាលែងចេញពីតំណែង ។ ពេលបើកកិច្ចប្រជុំសភាប្រធានសភារូបនោះលោកវ៉្លាឌីមៀរ លីតវីន ថ្លែងថា ខ្ញុំស្នើឱ្យពិនិត្យការសុំលាលែងរបស់ខ្ញុំ ហើយធ្វើការសម្រេចលើរឿងនេះ ។
ពួកបាតុករបានប្រមូលផ្តុំគ្នា នៅមុខអគារមួយដែលប្រធានាធិបតីលោកវិកទ័រ អុីយ៉ានូកូវីតត្រូវថ្លែងសុន្ទរកថាដើម្បីអបអរសាទរចំពោះជោគជ័យនៃការរៀបចំការប្រកួតបាល់ទាត់អឺរ៉ុប EURO 2012 ។ ពួកគេត្រូវរុញច្រានដោយប៉ូលិសដែលប្រើដំបង និងឧស្ម័នបង្ហូរទឹកភ្នែក ។ លោកប្រធានាធិបតីស្ថិតក្នុងគណបក្សតំបន់ដែលស្និទ្ធនឹងរុស្ស៊ីបានលុបចោលការថ្លែងសុន្ទរកថារបស់លោកហើយហៅលោកវ៉្លាឌីមៀរលីតវីន ព្រមទាំងមេដឹកនាំគណបក្សសំខាន់ៗដែលមានកៅអីក្នុងសភាទៅជួប ។
រុស្ស៊ី គឺជាភាសាកំណើតរបស់ប្រជាជនអ៊ុយក្រែនជិត១ភាគ៣ ពិសេសនៅភាគខាងកើតប្រទេស ក៏ប៉ុន្តែពួកប្រឆាំងនឹងគណបក្សតំបន់ចាត់ទុកគម្រោងច្បាប់នោះថា ជាការគំរាមកំហែងមួយចំពោះបូរណភាពរបស់អ៊ុយក្រែន ។ ភាសាអ៊ុយក្រែនជាភាសាផ្លូវការត្រូវបានគេចាត់ទុកថាជាការធានាដល់ឯករាជ្យភាព២០ឆ្នាំក្រោយការដួលរលំនៃសហភាពសូវៀត ៕
ចែករំលែកព័តមាននេះ