ក្រោយអាជ្ញាធរជាតិប៉ាឡេស្ទីនអនុញ្ញាតឱ្យគាស់ផ្នូរលោកយ៉ាស៊ែរ អារ៉ាហ្វាត អតីតមេដឹកនាំប៉ាឡេស្ទីន តាមសំណើរបស់បណ្តាសមាជិកគ្រួសារលោកដើម្បីធ្វើការវិភាគទាក់ទិនរឿងសង្ស័យថាលោកស្លាប់ដោយត្រូវគេបំពុល អាជ្ញាធរអុីស្រាអែលស្ថិតនៅស្ងៀមស្ងាត់លើបញ្ហានោះ ។
គេសង្ស័យថា លោកអារ៉ាហ្វាត ពុំមែនស្លាប់តាមធម្មជាតិឡើយអាស្រ័យហេតុនេះបានជាគ្រួសារលោកស្នើគាស់ផ្នូរដើម្បីកំណត់ថាតើលោកត្រូវគេបំពុលដោយសារធាតុប៉ូឡូនីញ៉ូមមែនឬយ៉ាងណា ។ ពលរដ្ឋប៉ាឡេស្ទីនជាច្រើនសង្ស័យថាអុីស្រាអែលស្ថិតនៅពីក្រោយនៃការស្លាប់របស់លោកអារ៉ាហ្វាត ។ ចំណែកអាជ្ញាធរអុីស្រាអែលវិញពុំបានធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការឡើយលើរឿងនោះ តែបាននដិសេធពាក្យចចាមអារ៉ាមលើការបំពុលសម្លាប់លោកអារ៉ាហ្វាត ។ អ្នកទទួលខុសត្រូវអុីស្រាអែលម្នាក់និយាយថា យើងគ្មានអ្វីត្រូវនិយាយទេ ។
សំណុំឯកសារពេទ្យរបស់លោកអារ៉ាហ្វាតពុំមែនបោះត្រាដោយអុីស្រាអែលឡើយ តែដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបារាំងជាកន្លែងដែលលោកស្លាប់ ។ ប្រសិនបើពួកប៉ាឡេស្ទីនចង់ដឹងពីមូលហេតុនៃការស្លាប់ នោះពួកគេត្រូវសួរទៅក្រុមគ្រូពេទ្យទាំងនោះទៅពុំត្រូវមកសួរយើងឡើយ ៕
ចែករំលែកព័តមាននេះ