ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​​បដិវត្តន៍​​​អេហ្ស៊ីប​ដាក់​ឱសានវាទ​ដល់​​ប្រធានាធិបតី​ថ្មី​

13 ឆ្នាំ មុន

ក្រុម​យុវជន​បដិវត្តន៍អេហ្ស៊ីប​ចំនួន​​២០​ក្រុម​​​កាលពី​ថ្ងៃទី៤ កក្កដាបាន​ដាក់​ឱសាន​វាទ​មួយ​ចំពោះ​​ប្រធានាធិបតី​ថ្មី​ជន​អ៊ិស្លាម​និយម​​លោក​​​ម៉ូហា​​​ម៉េដ ម័រ​ស៊ី ដោយ​​ឱ្យ​លោក​​​ពន្យល់​​​លើ​ការ​​​​បន្តឃុំ​ឃាំង​ពួក​បាតុករដែល​​ទទួល​​ការ​កាត់​ទោស​ដោយ​តុលាការ​​យោធា។
ក្នុង​​​សេចក្តី​ប្រកាសមួយ​ក្រុម​​ទាំងនេះបាន​​ទុក​ពេល​​៥​ថ្ងៃ​ដល់​​ប្រមុខ​រដ្ឋ​ឱ្យឆ្លើយ​​តប​នឹង​​​សំណួរ​​ដូចតទៅ​៖ ​តើ​លោក​​​ជា​ប្រធានាធិបតី​របស់​ប្រជាជន​អេហ្ស៊ីប​ហើយ​នឹង​ដោះលែង​ពួកអ្នក​ទេស​ដូច​លោក​សន្យា​ដែរឬទេ ?

​សកម្ម​ជន​ម្នាក់​​លោក​​​អាម៉េដ​​ដូមម៉ា​ នៅ​ក្បែរ​វិមាន​​ប្រធានាធិបតី​​អះអាង​​ប្រាប់​​សារព័ត៌​មាន​​ថា យើង​​រង់​ចាំ​ចម្លើយ​​ច្បាស់​​របស់​​លោក​​បណ្ឌិត​ម៉ូហាម៉េដ ម័រស៊ី។ តើ​លោក​​ជា​ប្រធានាធិបតី​ដែល​​មាន​អំណាច​ដូចជា​សិទ្ធិ​ក្នុង​ការ​​ដោះលែង​ពួកអ្នក​ទោស​ឬទុក​បញ្ហា​​នេះ​ឱ្យ​នៅ​ដដែល ដូចជាកាលពី​មុនពេល​ប្រទេសស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​ប្រឹក្សា​​យោធា​ជាន់​ខ្ពស់​​ឬ​យ៉ាង​ណា ?​

​លោក​ម័រ​ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​​​​ការ​​អំពាវ​នាវ​នោះ​ដោយបង្កើតគណៈកម្មការ​ស៊ើប​អង្កេត​មួយ​ទទួល​បន្ទុក​ពិនិត្យ​​សំណុំ​រឿង​របស់​ពួក​អ្នក​ទោស​ទាំងអស់​​ដែល​កាត់ទោស​ដោយ​តុលាការ​យោធា​ចាប់តាំងពី​ថ្ងៃ​ទី​២៨​មករា ឆ្នាំ​២០១១ ជាកាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​បះបោរ​ឈាន​ទៅ​ផ្តួលរំលំ​​លោក​​ហូស្នី​ ​មូបារ៉ាក់​​មក ។ ​គណៈកម្មការនោះ​​ដឹកនាំដោយ​ចៅក្រម​​​ម្នាក់​​​ ក៏នឹង​ពិនិត្យ​​ផងដែរ​នូវ​សំណុំ​រឿង​​របស់​​បណ្តា​​​សកម្មជន​ដែល​កាត់​ទោស​ដោយ​​តុលាការ​​ស៊ីវិល។

​កាលពី​​ថ្ងៃទី​៣០ មិថុនា​​កន្លងមក​នេះ ពួក​ឧត្តមសេនីយ៍​​​ដែល​​កាន់​អំណាច​ចាប់តាំងពី​ការ​ផ្តួល​​រំលំ​​លោក​មូបារ៉ាក់​ កាលពីខែកុម្ភៈ​ ឆ្នាំ​២០១១មក​បាន​ប្រគល់​​​អំណាច​ដល់​​ប្រធានា​ធិបតី​ស៊ីវិល​​ដែល​ទើប​ជាប់​​ឆ្នោត​តែឱ្យ​ដឹងយ៉ាង​ច្បាស់​ថាកងទ័ព​​ប៉ុនប៉ង​រក្សា​​ផ្នែកមួយ​ដ៏សំខាន់​នៃ​ឥទ្ធិពល ៕​