ប្រកាសផ្តន្ទាទោសអតីតប្រធានគណៈកម្មការវត្តដាក់ពន្ធនាគារ១៧ឆ្នាំ សិស្សគណ១៥ឆ្នាំ និងរួមគ្នាសងជំងឺចិត្តជនរងគ្រោះ៥០លានរៀល
ដោយ ៖ ប្រុសកោះ
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:១៥

កោះសន្តិភាព
លោករស់ សារិន អាយុ៦២ឆ្នាំ អតីតប្រធានគណៈកម្មការវត្តសុវណ្ណធម្មរាជ
ពេលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ ៖កាលពីរសៀលថ្ងៃទី២ កញ្ញា ២០១០ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសប្រធានគណៈកម្មការវត្តសុវណ្ណធម្មរាជ និងសិស្សគណម្នាក់ ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ រំលោភសេពសន្ថវៈ និងទិញពេស្យាចារកុមារ គឺលោករស់ សារិន អាយុ៦២ឆ្នាំ អតីតប្រធានគណៈកម្មការវត្តសុវណ្ណធម្មរាជ តម្រូវជាប់ពន្ធនាគារ១៧ឆ្នាំ រីឯឈ្មោះហង្ស សាមឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជាសិស្សគណ និងជាអ្នកបើកបររថយន្តឱ្យឈ្មោះរស់ សារិន តម្រូវដាក់ពន្ធនាគារ១៥ឆ្នាំ ហើយទាំង២នាក់នេះត្រូវសងជំងឺចិត្តដល់ជនរងគ្រោះជាទឹកប្រាក់ចំនួន៥០លានរៀល ។ សាលក្រមទុកពេល៣០ថ្ងៃសំរាប់ជនជាប់ចោទប្តឹងទាស់ ។
ជនជាប់ចោទ២នាក់នេះ គឺម្នាក់ឈ្មោះរស់ សារិន ភេទ ប្រុស អាយុ៦២ឆ្នាំ មុនចាប់ខ្លួន ជាប្រធានគណៈកម្មការវត្ដសុវណ្ណធម្មរាជ នៅ ឃុំពញាពន់ ស្រុកពញាឮ ខេត្ដកណ្ដាល ។ លោក រស់ សារិន ស្នាក់នៅក្នុងវត្ដ និងចេះមន្ដអាគម អូមអាមល្បីឈ្មោះបោះសំឡេងគ្រាន់បើដែរ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានជំនឿ និង ទៅរកមន្ដស្នេហ៍ រហូតកើតមានរឿងអាស្រូវ បែបនេះ។ ឯម្នាក់ទៀតឈ្មោះហង្ស សាមឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជាសិស្សគណ និងជា អ្នកបើកបររថយន្ដឱ្យលោករស់ សារិន ។ ជនជាប់ចោទទាំង២នាក់ ត្រូវសមត្ថកិច្ចកង រាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន កាលពី ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០០៩ ដោយយោង ទៅលើបណ្ដឹងរបស់ជនរងគ្រោះឈ្មោះសុវណ្ណ គន្ធា ភេទស្រី*អាយុ៣៥ឆ្នាំ ដែលចោទប្រកាន់ ថា បានរំលោភសេពសន្ថវៈ និងប្រព្រឹត្ដអំពើ អាសអាភាសក្នុងទីអារាម រួមទាំងក្មេងស្រី អនីតិជនផង ។ មេធាវីជនជាប់ចោទបានឱ្យដឹង ថា លោករស់ សារិន បានបដិសេធការចោទ ប្រកាន់នោះទាំងអស់ ហើយលោកបាននិយាយ ថា ការពិតដើមបណ្ដឹង និងកូនក្ដីរបស់លោកបាន ស្រឡាញ់គ្នាជិត១០ឆ្នាំមកហើយ ហើយបាន ល្អូកល្អិនបបួលគ្នាដើរលេងរហូតក្រៅប្រទេស ទៀតផង ។ ដូច្នេះរឿងអីត្រូវចោទប្រកាន់ទៅ ជារឿងរំលោភសេពសន្ថវៈទៅវិញនោះ ។
ទោះបីជាយ៉ាងណា សវនាការបានសាក សួររួចហើយទៅលើជនជាប់ចោទ ដើមបណ្ដឹង និងសាក្សីប្រមាណជិត៣០នាក់ ប្រយោជន៍ ដើម្បីរកការសន្និដ្ឋានសំរាប់ដាក់ទំងន់ទោស ជនដែលបានប្រព្រឹត្ដ និងដើម្បីរកយុត្ដិធម៌ សំរាប់អ្នករងគ្រោះឱ្យបានអស់ចិត្ដ។ ទីបំផុតលទ្ធផលជំនុំជម្រះបានសំរេចហើយ គឺលោករស់ សារិន ជាប់ពន្ធនាគារ១៧ឆ្នាំ និងលោកហង្ស សាមឿន ជាប់ពន្ធនាគារ១៥ឆ្នាំ ហើយទាំង២នាក់ ត្រូវផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ៥០លានរៀលថែមទៀត ៕