ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា អត្រាភាពក្រីក្រខ្ពស់ក្នុងប្រទេសភូមា អាចបង្កឱ្យកើតបញ្ហាអសន្តិសុខ និងរារាំងដល់យន្តការកែទម្រង់ប្រទេស ។ ការគ្មានការងារធ្វើ និងទិន្នផលផ្នែកកសិកម្មទាបបានធ្វើឱ្យតំបន់ភាគច្រើនរបស់ភូមាធ្លាក់ក្នុងស្ថានភាពក្រីក្រ ដោយ ADB បានរៀបចំណាត់ថ្នាក់ គឺមានប្រជាជនប្រហែល៧៥% នៃរដ្ឋឈីន ជិតពាក់កណ្តាលនៃរដ្ឋយ៉ាខៃ និង១ភាគ៣ក្នុងរដ្ឋឆាន ស្ថិតក្នុងសភាពក្រីក្រ ។
លោក ស្ទីវ៉េន ហ្ក្រោហ្វ អនុប្រធាន ADB បញ្ជាក់ថា ភាពក្រីក្រក្នុងប្រទេសភូមា អាចបង្កបញ្ហាអសន្តិសុខសង្គម ដោយរារាំងសក្តានុពលរបស់ប្រទេស ។ ការវិនិយោគទុនដើម្បីជំរុញផលិតផលផ្នែកកសិកម្ម និងការឈានចូលទៅក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសរបស់បណ្តាកសិករ អាចជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនជាច្រើនលាននាក់ឱ្យរួចផុតពីភាពក្រីក្រ ។
ភូមាមានធនធានធម្មជាតិដ៏សម្បូរបែប មានទីតាំងភូមិសាស្រ្តស្ថិតនៅជាប់ឥណ្ឌា និងចិនធ្វើឱ្យភូមាក្លាយជាប្រទេសមួយស្ថិតក្នុងភូមិភាគប្រទេសដ៏រុងរឿង ក្រោយពីបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៤៣ ។ ប៉ុន្តែការរៀបចំប្រព័ន្ធសេដ្ឋកិច្ចដ៏ខុសឆ្គងក្រោមការគ្រប់គ្រងពីរបបផ្តាច់ការយោធា បានធ្វើឱ្យផ្នែកកសិកម្មរបស់ប្រទេសទទួលរងការខូចខាត ។
លោក ហ្គ្រោហ្វ បញ្ជាក់បន្តទៀតថា តំបន់ជនបទត្រូវបានតភ្ជាប់នឹងផ្នែកដាច់ស្រយាលរបស់ប្រទេស និងពិភពលោក ។ លោកប្រធានាធិបតីតេង សេង បានថ្លែងក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនថា ភូមានៅខ្វះខាតកក្តាមូលដ្ឋានគ្រឹះដូចគ្រាប់ពូជ ជាហេតុធ្វើឱ្យផលិតផលបានព ីការដាំដុះក្នុងពេលអនាគត អាចរងគ្រោះដោយធម្មជាតិគ្រប់ពេល ។
ការសិក្សារបស់ ADB បញ្ជាក់ថា ការវិនិយោគទុនដ៏សមស្របនឹងជួយបង្កើនការចូលទៅដល់ការប្រើថាមពលអគ្គិសនីរបស់ប្រជាជន ដោយបច្ចុប្បន្នប្រជាជនអាចប្រើអគ្គិសនីបានត្រឹមតែ២៥%ប៉ុណ្ណោះ រួមទាំងការកែសម្រួលប្រព័ន្ធគមនាគមន៍ និងសំណង់មូលដ្ឋាន នឹងជួយដល់ប្រជាជនជាច្រើនលាននាក់រួចផុតពីភាពក្រីក្រ ។
ADB អាចផ្តល់ប្រាក់កម្ចីដើម្បីដោះស្រាយភាពក្រីក្រ ប៉ុន្តែត្រូវការឱ្យភូមាដោះស្រាយបំណុលចំនួន៥០០លានដុល្លារ មុនពេលធនាគារឱ្យខ្ចីប្រាក់ជាថ្មី ។លោក ហ្គ្រោហ្វ បានថ្លែងបន្តទៀតថា «ប្រសិនបើសេដ្ឋកិច្ចរីកចម្រើនប្រហែល៥-៦% ក្នុងមួយឆ្នាំ ភូមាត្រូវចំណាយពេលប្រហែល៣០ឆ្នាំ ទើបស្ថិតក្នុងកម្រិតមួយដូចគ្នានឹងសេដ្ឋកិច្ចរបស់ថៃនាពេលបច្ចុប្បន្ន» ។ ស្របពេលជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យអ្នកវិនិយោគទុនបរទេសដែលចង់ចូលវិនិយោគទុនក្នុងភូមា ត្រូវទ្រទ្រង់ការកែទម្រង់នយោបាយ និងប្រព័ន្ធច្បាប់ឱ្យបានតឹងរឹង ៕
ចែករំលែកព័តមាននេះ